នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ លោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា នាយការិយាល័យអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា ហើយក្នុង ឱកាសនោះ លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ នាយការិយាល័យអនុព័ន្ធយោធាឡាវ ដែលទើបតែងតាំងថ្មី ក៏បាន ចូលជួបសម្ដែងការគួរសមផងដែរ។
ក្នុងកិច្ចសន្ទនា លោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា បានសម្ដែងការអរគុណចំពោះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ដែលបានអនុញ្ញាតឲ្យរូបលោក និងក្រុមការងារចូលជួបសម្ដែងការគួរសម និងជម្រាបលានាឱកាសនេះ។ លោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា បានលើកឡើងថាក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ លោកមានការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោកវរសេនីយ៍ឯក អនុព័ន្ធយោធាឡាវ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ នៃក្រសួងការពារជាតិ ដែលបានចូលរួម កិច្ចសហការជិតស្និទ្ធនៅគ្រប់សកម្មភាពធ្វើឲ្យបេសកកម្មទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ។
ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ នាង ផាត បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតយោធា របស់ លោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា និងបានស្វាគមន៍ចំពោះ លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ ដែលទើបទទួលបានការតែងតាំងថ្មី ជានាយការិយាល័យអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា។ ឯ.ឧ បានលើកឡើងពីស្ថានភាពមួយចំនួននៅកម្ពុជា ក្នុងនោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានជោគជ័យ ឈានទៅគ្រប់គ្រងបានការឆ្លងរីករាលដាលក្នុងសហគមន៍ និងកំពុងបើកសេដ្ឋកិច្ចប្រទេសឡើងវិញ។ ឯ.ឧ រដ្ឋលេខាធិការ ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនងជាប្រពៃណី ដែលប្រទេសទាំងពីរ ធ្លាប់មានតាំងពីយូរលង់មក ហើយបច្ចុប្បន្នក៏នៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា។ដោយឡែកលើវិស័យយោធា ឯ.ឧ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងការពារជាតិ ប្រទេសទាំងពីរ តាមរយៈការចុះអនុស្សារណៈយោគយល់ ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលធនធានមនុស្ស និងការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមកជាដើម។ ឯ.ឧ នាង ផាត ក៏បានផ្តាំផ្ញើការថ្លែងអំណរគុណចំពោះឯកឧត្តមក្រសួងការពារជាតិឡាវ ដែលបានអញ្ជើញ មកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានលើកទី១៩កន្លងទៅ និងមានជំនឿថា តាមរយៈនាយការិយាល័យអនុព័ន្ធយោធាថ្មី កងទ័ពប្រទេសទាំងពីរ នឹងបន្តពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ៕