ព័ត៌មាន

កិច្ច​ប្រជុំ​នាយ​ទាហាន​សេនា​ធិការ​ជាន់​ខ្ពស់​លើក​ទី​៦ ​រវាង​កង​ទ័ព​ភូមិន្ទ​ថៃ ​និង​កង​ទ័ព​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
217
2934 កិច្ច​ប្រជុំ​នាយ​ទាហាន​សេនា​ធិការ​ជាន់​ខ្ពស់​លើក​ទី​៦ ​រវាង​កង​ទ័ព​ភូមិន្ទ​ថៃ ​និង​កង​ទ័ព​កម្ពុជា​

         នាយ​ទា​ហាន​ ថ្នាក់​សេនា​ធិការ​ជាន់​ខ្ពស់​ ថៃ-​ក​ម្ពុជា ​បាន​បើក​កិច្ច​ប្រជុំ​លើក​ទី៦​ របស់​ខ្លួន ​ដើម្បី​ពិភាក្សា​លើ​កិច្ចការ​មួយ​ចំនួន ​ដែល​ពាក់​ព័ន្ធ​ដល់​កិច្ច​សហប្រតិបត្តិការ​ផ្នែ​ក​អប់រំ​ និង​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​,​ ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​ រវាង​កងយោធ​ពល​ខេមរ​ភូមិន្ទ ​និង​កង​ទ័ព​ភូមិន្ទ​ថៃ, ​កិច្ច​សហប្រតិបត្តិការ​ផ្លាស់​ប្ដូរ​ចារ​កិច្ច​.​ កិច្ច​សហ​ប្រតិបត្តិការ​រក្សា​សន្តិភាព​, កិច្ច​សហប្រតិបត្តិ​ការ​លើ​គម្រោង​បណ្ដុះ​បណ្ដាល​ផ្នែក​កសិកម្ម​, កិច្ច​សហប្រតិបត្តិ​ការ​ រវាង​គ្រប់​ប្រភេទ​ទ័ព,​ យន្ត​ការ​កិច្ច​ប្រជុំ​ថ្នាក់​នាយ​ទាហាន​ជាន់​ខ្ពស់​ កិច្ច​សហប្រតិបត្តិការ​ដោះ​មីន​មនុស្ស​ធម៌ ​និង​បញ្ហា​ផ្សេងៗ​ដែល​រួម​មាន​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​ និង​កីឡា​យោធា​ការ​បង្កើត​ គណៈ​កម្មាធិការ​ព្រំ​ដែន​ថ្នាក់​ភូមិ​ភាគ​ថៃ​ កម្ពុជា ​(RBC) ,ការ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​កិច្ច​សហប្រតិបត្តិការ​ សង្គ្រោះ​គ្រោះ​មហន្ត​រាយ, សម្រាប់​កង​ទ័ព​ប្រទេស​ទាំង​ពីរ​។ 

          កិច្ច​ប្រជុំ​នេះ ​បាន​ប្រព្រឹត្តិ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ស៊ូគរ​ថៃ ​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ ​កាល​ពីថ្ងៃ​ទី​១៩ ​ខែ​សីហា ​ឆ្នាំ​២០២២​នេះ​ ដោយ​ភាគី​កង​ទ័ព​ភូមិន្ទ​ថៃ​បាន​ដឹក​នាំ​កិច្ច​ប្រជុំ ​ដោយ​សហ​ប្រធាន​ នាយ​ឧត្តម​សេនីយ៍ ​នូ​ថា​ព​ល ប៊ុន​ង៉ា​ម (Nou Thapul Bunngam) នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​ទ័ព​ភូមិន្ទ​ថៃ ​រួម​នឹង​សមាជិក​នាយ​ទាហាន​ជាន់​ខ្ពស់​ មក​ពី​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​កង​ទ័ព​ទាំង​បី​ប្រភេទ ​ក្នុង​កង​ទ័ព​ភូមិន្ទ​ថៃ​។ រី​ឯភាគី​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដឹ​កនាំ​ដោយ​ សហ​ប្រធាន នាយ​ឧត្ត​ម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង ​នាយ​សេនា​ធិការ​ចម្រុះ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ រួម​នឹង​សមាជិក​ ជា​ច្រើន​រូប​។ ថ្លែង​បើក​កិច្ច​ប្រជុំ​នា​ពេល​នោះ ​នាយ​ឧត្តម​សេនីយ៍ ​នូថា​ពល​ ​ប៊ុន​ង៉ាម​ ក្នុង​នាម​សហ​ប្រធាន​ នៃ​កិច្ច​ប្រជុំ​ថ្នាក់​មន្ត្រី​សេនាធិការ​ជាន់​ខ្ពស់​ ថៃ.​​កម្ពុជា​ - ​កម្ពុជា​.ថៃ​ បាន​ថ្លែង​នូវ​អំណរ​គុណ​ជ្រាល​ជ្រៅ​ ចំពោះ​ថ្នាក់​ដឹក​នាំ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដែល​បាន​ដឹក​នាំ​ប្រតិភូ ​អញ្ជើញ​មក​ដល់​ទីក្រុង​បាង​កក​ ប្រទេស​ថៃ​ ​តប​តាម​ការ​អញ្ជើញ​របស់​សមភាគី​កង​ទ័ព​ភូមិន្ទ​ថៃ ​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​នាយ​ទាហាន​សេនា​ធិការ​ជាន់​ខ្ពស់​លើក​ទី​ ៦​ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ ​ភាតៈ​រភាព​ និង​ភាព​រលូន ​ជោគ​ជ័យ​តាម​ការ​គ្រោង​ទុក​​។ 

         តាម​រយៈ​នៃ​កិច្ច​ប្រជុំ​លើក​នេះ​ នាយ​ឧត្តម​សេនីយ៍​ នូ​ថា​ព​ល ប៊ុន​ង៉ាម​ សហ​ប្រធាន​កិច្ច​ប្រជុំ​ភាគីក​ង​ទ័ព​ភូមិន្ទ​ថៃ​  សង្ឃឹ​ម​យ៉ាង​មុត​មាំ​ថា​៖ លទ្ធផល​នៃ​កិច្ច​ប្រជុំ​ថ្នាក់​នាយ​ទាហាន​សេនា​ធិការ​ជាន់​ខ្ពស់​លើក​ទី​ ៦​ នៅ​ទីក្រុង​បាងកក​ ព្រះ​រាជាណាចក្រ​ថៃ​លើក​នេះ ​គឺជា​ផ្លែផ្កា​ដ៏​ប្រសើរ​ និង​ជា​ធាតុ​ចូល​យ៉ាង​សំខាន់​ដល់​ការ​ពង្រឹង​ពង្រី​ក​កិច្ច​សហប្រតិបត្តិការ ​ទំនាក់​ទំនង​ នៃ​ការ​រឹត​ចំណង​សាមគ្គីភាព ​មិត្តភាព ​រវាង​កង​ទ័ព​ប្រទេស​យើង​ទាំង​ពីរ​បាន​កាន់​តែ​ប្រសើរ​។ ពាក់​ព័ន្ធ​ដល់​ការ​ចូល​រួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ នៃ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​ថៃ​ និង​កម្ពុជា​ នៅ​តាម​បណ្ដា​ព្រំ​ដែន​ រវាង​ប្រទេស​យើង​ទាំង​ពីរ​ ថៃ ​កម្ពុជា​ នាយ​ឧត្តម​សេនីយ៍ ​នូ​ថា​ពល ​ប៊ុន​ង៉ាម​ ជំនួស​មុខ​ឲ្យ​រាជ​រដ្ឋាភិបាល ​និង​កង​ទ័ព​ភូមិន្ទ​ថៃ ​បាន​បញ្ជាក់​ថា៖​ ថៃ ​រីក​រាយ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ ជា​មួយ​អាជ្ញាធរ​ កង​កម្លាំង​មាន​សមត្ថកិច្ច ​ពិសេស​កង​ការ​ពារ​ព្រំ​ដែន​ នៃ​ប្រទេស​ទាំង​ពីរ​ ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ ​ពី​កម្ពុជា​ចូល​ប្រទេស​ថៃ ​និង​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ មិន​ឲ្យ​មាន​បញ្ហា​អ្វី កើត​ឡើង ​ដែល​ធ្វើឲ្យ​មាន​ភាព​ស្មុគ​ស្មាញ​ឡើយ​។ 

        ជា​ការ​ឆ្លើយ​តប​ នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់ ​ជំនួស​មុខឲ្យថ្នា​ក់ដឹ​ក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ​ក៏​បាន​សំ​ដែង​ការ​អបអរ​សាទរ ​ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា​ នៃ​កិច្ច​ប្រជុំ​ថ្នាក់​នាយ​ទាហា​នសេ​នាធិការ​ជាន់​ខ្ពស់​​លើ​ក​ទី​ ៦ ​ឆ្នាំ​ ២០២​២ នៅ​ប្រទេស​ថៃ​នា​ពេល​នេះ ​ដែល​បាន​ស​បញ្ជាក់​ឲ្យ​ឃើញ ​ពី​ជំហាន​រីក​ចម្រើន​ នៃ​ការ​ពង្រឹង​ពង្រីក​ទំនាក់​ទំនង នៃ​ការ​រិត​ចំណង​សាមគ្គី​ភាព​ មិត្ត​ភាព ​កិច្ច​សហប្រតិបត្តិ​ការ​ ផ្នែក​សេនា​ធិការ​ជាន់​ខ្ពស់​ រវាង​កង​ទ័ព​ថៃ ​និង​កង​ទ័ព​កម្ពុជា​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​រឹង​មាំនឹ​ង​ប្រសើរ​ឡើង​។ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖​ បើ​ទោះបី​រាល់​កិច្ច​ប្រជុំ​ចាប់​តាំងពី​លើក​ទី ​១ ​រហូត​ដល់​លើក​ទី​៦​នេះ ​មាន​កិច្ច​ប្រជុំ​ខ្លះ​ យើង​បាន​ប្រា​ស្រ័យ​ទាក់​ទង​ជួប​ជុំគ្នា​ដោយ​ផ្ទាល់​ និង​កិច្ច​ប្រជុំ​ខ្លះ​ត្រូ​វ​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​វីដឺអូ ក៏​ដោយ​ ក៍​កិច្ច​ប្រជុំ​ទាំង​អស់​នោះ​កន្លង​មក​ នៅ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ពោ​រ​ពេញ​ទៅ​ដោយ​បរិយា​កាស​ មិត្ត​ភាព ​នឹង​ឈាន​ទៅ​រក​កិច្ច​សហការ​ប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​ប្រកប​ដោយ​ចីរភាព ​និង​តម្លា​ភាព​​។ ឯកឧត្តម​ ឥត​ សា​រ៉ាត់​ បាន​សង្កត់​ធ្ង​ន់​ថា៖ តាម​រយៈ​នៃ​របៀប​វារៈ កិច្ច​ប្រជុំ ​ដែល​បាន​ជជែក​គ្នា​លើក​នេះ ​នឹង​ទទួល​បាន​ការ​សម្រេច​ពី​ថ្នាក់​ដឹក​នាំជា​ន់​ខ្ពស់​ ហើយ​នឹង​អនុវត្ត​ជា​ផ្លែផ្កា​ ដើម្បី​ជា​ប្រយោជន៍​នៃ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័​ពទាំង​ពីរ​កាន់​តែ​ប្រសើរ​នៅ​ថ្ងៃ​អនាគត ​ក្រោម​ឆ័ត្រ​មិត្ត​ភាព​ និង​ការ​យោគ​យល់​គ្នា​។ ​សហ​ប្រធាន​នៃ​កិច្ច​ប្រជុំ​ទាំង​ពីរ ​ថៃ ​កម្ពុជា ​ក៏​បាន​ឯកភា​ព​គ្នា​ថា​ រាល់​កំណត់​ហេតុ​ នៃ​កិច្ច​ប្រជុំ ​ដែល​បាន​ចុះ​ហត្ថ​លេខា ​នៅ​ថ្ងៃនេះ ​និង​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​ អគ្គ​មេ​បញ្ជាការ​ និង​ក្រសួង​ការ​ពារ​ជាតិ​ កង​ទ័ព​ទាំង​ពីរ​ដើម្បី​ពិនិត្យ​ពិចារណា ​និង​ស្នើ​សុំយោបល់​ឯកភាព​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ