នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ អិច-១៦ ស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២ បានប្រារព្ធពីធីបញ្ចុះបឋមសីលាសាងសង់ចេតីយសំរាប់ដម្កល់អដ្ឋិធាតុ និងស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលពីធីបញ្ចុះបឋមសីលាសាងសង់ចេតីយសំរាប់ដម្កល់អដ្ឋិធាតុនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខភម និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អភិបាល អភិបាលរងខេត្តត្បូងឃ្មុំ និងនាយទាហាន ក្នុងក្រសួងការពារជាតិ កងរាជអាវុធហត្ថ កងនគរបាលជាតិ ជាច្រើនរូបទៀត។
ក្នុងឱកាសនោះបន្ទាប់ពីបានអញ្ជើញទៅដល់តំបន់ប្រវត្តិសាស្ត្រយោធាតេជោអិច-១៦ កោះថ្ម សម្តេចពិជ័យសេនា ទៀ បាញ់ និងគណៈអធិបតីទាំងអស់បានអញ្ជើញទៅ អុចធូប នៅព្រះអង្គគោកធ្លក ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន ដែលព្រះអង្គគោកធ្លកប្រក់នាគ នៅចំនុចព្រំដែនអិច-១៦ នេះបាន បានធ្វើពុទ្ធាពិសេក និងសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងពិធីរំលឹកខួប ៥៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ - ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
បន្ទាប់ពីបានអញ្ជើញទៅអុចធូប នៅព្រះអង្គគោកធ្លក ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន រួចមក សម្តេចពិជ័យសេនា ទៀ បាញ់, នាយឧត្តមសេនីយ៍ ម៉ឹង សំផន, នាយឧត្តមសេនីយ៍ សៅ សុខា និងប្រតិភូចូលរួមទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបញ្ចុះបឋមសីលាសាងសង់ចេតីយសំរាប់ដម្កល់អដ្ឋិធាតុ និងស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រសាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាចាប់ពីពេលនេះតទៅ។ ពិធីបញ្ចុះបឋមសីលាសាងសង់ចេតីយសំរាប់ដម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា បានប្រព្រឹត្តិទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយបានរៀបចំ បាយសី និង គ្រឿងសការៈបូជាចំនួន ៥ជាន់ និងបាននិមន្តព្រះសង្ឃប្រស់ព្រហ្មទឹកមន្ត សុំសេចក្តីសុខសេចក្តីចំរើនក្នុងពេលដំណើរការសាងសង់ចេតីយនេះ។
សូមបញ្ជាក់ថា៖ ចេតីយសំរាប់ដម្កល់អដ្ឋិធាតុ និងស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលពីធីបញ្ចុះបឋមសីលាសាងសង់នាពេលនេះ នឹងសាងសង់ស្របទៅតាមរចនាបទខ្មែរ សំរាប់ដម្កល់អដ្ឋិធាតុយុទ្ធជនពលីកម្ពុជា ចំនួន ៤៩ ដែលបានពលីជីវិតក្នុងបុព្វតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បច្ចុប្បន្នអដ្ឋិធាតុយុទ្ធជនពលីកម្ពុជាទាំង ៤៩ រូប បានបញ្ចុះនៅ ឡុងយ៉ាវ ខេត្តដុងណាយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ បន្ទាប់ពីចេតីយសំរាប់ដម្កល់អដ្ឋិធាតុសាងសង់រួច រាជរដ្ឋាភិបាលកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីកម្ពុជាទាំង ៤៩ រូប មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ហើយតម្កល់អដ្ឋិធាតុនេះនៅក្នុងចេតីយសាងសង់ថ្មី នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោអិច-១៦ ៕