ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ប៊ុន​ លើត ​បំពាក់​ឋានន្តរ​ស័ក្ត​ ជូន​ប័ណ្ណ​សរសើរ​ ដល់​នាយ​ទាហាន​នាយក​ដ្ឋាន​បញ្ជូនសារ​
នាយកដ្ឋានព័ត៌មាន(៣)
260
2930 នាយ​ឧត្តម​សេនីយ៍ ​ប៊ុន​ លើត ​បំពាក់​ឋានន្តរ​ស័ក្ត​ ជូន​ប័ណ្ណ​សរសើរ​ ដល់​នាយ​ទាហាន​នាយក​ដ្ឋាន​បញ្ជូនសារ​

        នាយ​ឧត្តម​សេនីយ៍ ​ប៊ុន​ លើត ​រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញ​ជា​អធិបតី​ភាព​ ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្ត ជូនប័ណ្ណសរសើរ លិខិតសរសើរ ដល់នាយទាហាន នាយទាហានរង នាយកដ្ឋានបញ្ជូនសារ និងមជ្ឈមណ្ឌលបញ្ជូនសារ ដែលមានស្មាដៃល្អ ក្នុងការចុះយកទិន្នន័យ បញ្ចូលទិន្នន័យ ផលិតប័ណ្ណចាក់សាំងកូវីដ-១៩ ជូនយោធិន អត្តីតយុទ្ធជន គ្រួសារ ប្រជាពលរដ្ឋ និងសប្បុរសជនជួយឧបត្ថម្ភសម្ភារៈបច្ចេកទេស នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ នៅសាលប្រជុំ ទីស្តីការក្រសួងការពារជាតិ។

        ក្នុងឱកាសនោះ បានប្រកាសផ្តល់ជូនប័ណ្ណសរសើរទៅដល់សប្បុរសជន និងក្រុមហ៊ុនចំនួន៥ ដែលបានចូលរួមជួយឧបត្ថម្ភសម្ភារៈបច្ចេកទេស ក្នុងនោះមានក្រុមទូរស័ព្ទសែលខាត, ក្រុមហ៊ុនហូវ៉ី, ក្រុមហ៊ុន​វៀត​តែល​ខាំ​ប៊ូត​ឌា,​ ក្រុមហ៊ុនស្មាតអាតេតា និងក្រុមហ៊ុនខេមប៊ិនហ្វូស៊្រី រួមនិងជូនដល់នាយទាហាន នាយទាហានរង នាយកដ្ឋានបញ្ជូនសារ និងមជ្ឈមណ្ឌលបញ្ជូនសារ មានចំនួន ១៦១នាក់។ លិខិតសរសើរជូនដល់សប្បុរសជន មានចំនួន ១៩នាក់ និងដល់នាយទាហាន នាយទាហានរង មានចំនួន ៩នាក់។ ក្នុងនោះដែរ ក៏បានប្រកាស​តម្លើង​ឋានន្តរស័ក្តិ នាយទាហាន នាយទាហានរង នាយកដ្ឋានបញ្ជូនសារ និងមជ្ឈមណ្ឌលបញ្ជូនសារ មានថ្នាក់វរសេនីយ៍ឯក ចំនួន៨​រូប​, វរសេនីយ៍ទោ ១៤​រូប, វរសេនីយ៍ត្រី ៣០រូប, ថ្នាក់អនុសេនីយ៍ឯក ៤៨រូប, អនុសេនីយ៍ទោ ២៨រូប, អនុសេនីយ៍ត្រី ៣៣រូប, នាយចំណង់៥រូប និងថ្នាក់ព្រិនបាលឯក និងពលបាលឯកផងដែរ​។​

       បន្ទាប់ពី ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ មានប្រសាសន៍ និងថ្លែងអំណរគុណរួចមក, នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានមានប្រសាសន៍ថា ជម្ងឺកូវីដ១៩ គឺជាជម្ងឺជាសកល ដែលបានរាតត្បាតនៅពាសពេលពិភពលោក ហើយកន្លងមកនេះបានបង្ករផលប៉ះពាល់ និងជះឥទ្ធិពលយ៉ាងធ្នន់ធ្ងរមកដល់កិច្ចការងារទាំងរដ្ឋ និងឯកជន ពិសេសដល់ផ្នែកសេដ្ឋកិច្ចជាតិ អន្តរជាតិ រួមនិងសង្គមគ្រួសារប្រជាពលរដ្ឋកម្ពុជាផងដែរ។ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជា​ពិត​ជាមានភព្វសំណាង ដែលមានប្រមុខដឹកនាំដ៏ឈ្លាស់វៃ និងប៉ុនប្រសព្វគឺ​ សម្តេច​តេជោ ហ៊ុន សែន បានមានវិធានគ្រប់គ្រង ទប់ស្កាត់ទាន់ពេលវេលា ហើយបានខិតខំស្វះស្វែងរកជំនួយ និងបញ្ជាទិញវ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ មកចាក់ស្រោចលើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ខ.ភ.ម ក៏បានចូលរួមចំណែកយ៉ាងសកម្មនិងខ្លាំងក្លា ក្នុងការប្រយុទ្ធប្រឆាំងក្នុងយុទ្ធនាការ​ជាតិ ចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ ជូនទៅដល់ប្រជាជនទូទៅ យោធិន អតីតយុទ្ធជន ក្រុមគ្រួសារ និងជនបរទេស ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

        ក្នុង​នាម​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម ប៊ុន លើត បានថ្លែងអំណរគុណចំពោះសប្បុរសជន ក្រុមហ៊ុននានា ដែលបានជួយឧបត្ថម្ភគាំទ្រ និងនាយទាហាន ពលទាហាន ខ.ភ.ម និយាយជារួម និងដោយឡែក នាយកដ្ឋានបញ្ជូនសារ ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ជាពិសេសកិច្ចការងារប្រមូលទិន្នន័យចាក់វ៉ាក់សាំង ដើម្បីផលិតប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៦ ក្រសួងការពារជាតិ ជូនទៅដល់ប្រជាជនទូទៅ យោធិន អតីតយុទ្ធជន ក្រុមគ្រួសារ និងជនបរទេសទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានផ្តាំផ្ញើដល់យោធិននៃ ខ.ភ.ម ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា បន្តការចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់និងខ្ពស់បំផុតនូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន និងវិធានការក្រសួងសុខាភិបាល ៣ ការពារ និង ៣ កុំ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលសារជាថ្មី នៃជម្ងឺកូវីដ១៩នៅកម្ពុជា ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ