ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំផ​ន​ ចុះ​ត្រួត​ពិនិត្យ​កម្លាំង​ មធ្យោបាយ ​សម្ភារៈ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ត្រៀម​ចូល​រួម​ក្នុង​លំហាត់​ហ្វឹក​​ហ្វឺន​ សម​យុទ្ធ​រួម​គ្នា ​រវាង​កង​ទ័ព ​៣​ប្រទេស ​កម្ពុជា ​វៀណាម ​ឡាវ​
នាយកដ្ឋានព័ត៌មាន(៣)
214
2929 នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំផ​ន​ ចុះ​ត្រួត​ពិនិត្យ​កម្លាំង​ មធ្យោបាយ ​សម្ភារៈ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ត្រៀម​ចូល​រួម​ក្នុង​លំហាត់​ហ្វឹក​​ហ្វឺន​ សម​យុទ្ធ​រួម​គ្នា ​រវាង​កង​ទ័ព ​៣​ប្រទេស ​កម្ពុជា ​វៀណាម ​ឡាវ​

         នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ នៅបញ្ជាការដ្ឋាន​ទ័ព​ពិសេស ​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ និងជាប្រធានក្រុមការ​ងារ​សម្របសម្រួលការ​ត្រៀមរៀបចំ​ឆ្លើយតប​សង្គ្រោះបន្ទាន់​ និងស្ដារឡើងវិញ​របស់​ក្រសួងការពារជាតិ​កម្ពុជា បានអញ្ជើញ​ចុះត្រួតពិនិត្យ​កម្លាំង​ជំនាញ និងសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ.ខ.ភ.ម.ដែល ត្រូវទៅចូលរួមក្នុង លំហាត់ ហ្វឹកហ្វឺន សមយុទ្ធរួមគ្នា និងការដកបទពិសោធន៍ជំនាញ សង្គ្រោះគ្រោះមហន្តរាយ រវាង កងទ័ព ៣ ប្រទេស កម្ពុជា វៀណាម ឡាវ ដែលនឹងប្រព្រឹត្តិទៅនៅលើទឹកដី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាដើមខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

          ក្នុងឱកាសចុះត្រួតពិនិត្យការងារប្រុងប្រៀបត្រៀមលក្ខណៈ ចូលរួមក្នុងលំហាត់ហ្វឹកហ្វឺនសមយុទ្ធសង្រ្គោះគ្រោះមហន្តរាយ ៣ ប្រទេស នៅបញ្ជាការដ្ឋានទ័ពពិសេស នាពេលនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានអោយដឹងថា៖ ឆ្លើយតបតាមការអញ្ជើញរបស់ក្រសួងការពារជាតិឡាវស្តីពីការធ្វើសមយុទ្ធសង្រ្គោះគ្រោះមហន្តរាយ ៣ ប្រទេស កម្ពុជា វៀតណាម ឡាវ កម្លាំងជំនាញសង្រ្គោះគ្រោះមហន្តរាយ របស់ខភម បានខិតខំធ្វើការហ្វឹកហ្វឺន និង បានត្រៀមទាំងមធ្យោបាយសម្ភារៈ សង្រ្គោះគ្រប់ប្រភេទ ត្រៀមចេញដំណើរទៅចូលរួមក្នុង លំហាត់ហ្វឹកហ្វឺន សមយុទ្ធសង្រ្គោះគ្រោះមហន្តរាយដើម្បីដកបទពិសោធន៍ការងារបច្ចេកទេស សង្រ្គោះគ្រោះមហន្តរាយ ដូចជាការងារសង្គ្រោះទឹកជំនន់ ផ្ទះរលំបាក់ អគាររលំ បាក់ដី រវាង៣ ប្រទេស កម្ពុជា វៀតណាម ឡាវ ដែលត្រៀមចេញដំណើរថ្ងៃ ៦ កញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

         ឯកឧត្តម បញ្ជាក់ថា៖ ការចុះត្រួតពិនិត្យការងារ ប្រុងប្រៀបនេះ គឺដើម្បីត្រៀមលក្ខណៈសម្បត្តិ អោយបានល្អ និង បំពេញ បន្ថែមនូវការខ្វះខាតផ្សេងៗមួយចំនួនផងដែរ។ ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដើម្បីធ្វើការអភិវឌ្ឍតំបន់ព្រំដែនអោយមានការរីកចំរើន និង បានរក្សាសន្តិភាពយូរអង្វែងទៅថ្ងៃអនាគត។ ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់បន្ថែមថា៖ លំហាត់ហ្វឹកហ្វឺន សមយុទ្ធសង្រ្គោះគ្រោះមហន្តរាយ ៣ ប្រទេស កម្ពុជា វៀតណាម ឡាវ ក្នុងគោលបំណងរឹត្តចំណង សាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការអោយបានល្អប្រសើរ ជាពិសេស ការដកពិសោធន៍ការងារជំនាញសង្រ្គោះគ្រោះមហន្តរាយ ពីគ្នាទៅវិញទៅមកអោយបានស្ទាត់ជំនាញ ដើម្បីអនុវត្តិភារកិច្ចជំនាញសង្រ្គោះអោយបានទាន់ពេលវេលា និង មានប្រសិទ្ធភាព។

        ឯកឧត្តម ម៉ឹង សំផន បានសង្កត់ធ្ងន់ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដឹកនាំ​របស់ សម្តេច​តេ​ជោ​ ហ៊ុន​ សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើតឡើងនៅពេលណានោះទេ ហើយជានិច្ចកាលរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេច​តេជោ ​ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និង ការលំបាករបស់ប្រជាពលរដ្ឋ និងបានត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា គ្រប់ពេលវេលា។ ឆ្លៀតនៅក្នុង​ឱកាស​នោះ ឯកឧត្តម ម៉ឹង សំផន បានផ្តាំផ្ញើដល់ កម្លាំង ខភម ដែលត្រៀមចូល​រួម​ក្នុងលំហាត់ហ្វឹកហ្វឺនសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ ៣ ប្រទេស នៅពេលខាងមុខនេះ ត្រូវបន្តធ្វើការហាត់ហ្វឹកហ្វឺន និង ត្រូវត្រួតពិនិត្យ នូវរាល់ឧបករណ៍ មធ្យោបាយ សម្ភារៈប្រើប្រាស់ ផ្សេងៗ ដែលត្រូវយកទៅប្រើប្រាស់នៅក្នុងសមយុទ្ធនេះអោយបានត្រឹមត្រូវ ត្រូវខិតខំប្រឹងប្រែងបញ្ចេញអោយអស់ពីសមត្ថភាព និងយកចិត្តទុកដាក់ គោរពបទញ្ជា ត្រូវចេះសាមគ្គីគ្នាសហការ ធ្វើយ៉ាងណា អោយ លំហាត់ហ្វឹកហ្វឺនសមយុទ្ធសង្រ្គោះគ្រោះមហន្តរាយ ៣ ប្រទេសនេះ ទទួលបានលទ្ធផលល្អ និង អោយសំរេចបានជោគជ័យ នាំមកនូវកិត្តិយសជូនប្រទេសជាតិ និង ខភម ទាំងមូល ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ