កងទ័ពឡាវ វៀតណាម និង កម្ពុជា គ្រោងនឹងបើកធ្វើសមយុទ្ធរួមគ្នាមួយ ស្ដីពីសកម្មភាពសង្គ្រោះគ្រោះមហន្តរាយសំរាប់ប្រទេសទាំងបី ដែលមានភាគីកងទ័ពឡាវធ្វើជាម្ចាស់ផ្ទះ នៅដើមខែកញ្ញា ឆ្នាំ២០២២នេះ នៅលើទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
នេះគឺជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញរបស់ក្រសួងការពារជាតិ នៅក្នុងកិច្ចប្រជុំ ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ របស់ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំនៃទីស្ដីការក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក ប៉ាង ធារ៉ូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ បានបញ្ជាក់ថា៖ តបតាមការអញ្ជើញរបស់ក្រសួងការពារប្រទេសឡាវ ដល់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់បញ្ជូនកម្លាំងជំនាញ នៃក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ.ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញក្រសួងការពារជាតិកម្ពុជា ដើម្បីចូលរួមក្នុងសកម្មភាពធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយក្នុងតំបន់នៃប្រទេសទាំងបីឡាវ.វៀតណាម.និងកម្ពុជា.ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២២ នៅប្រទេសឡាវ ដែលភាគីកងទ័ពឡាវ ជាអ្នករៀបចំ និងធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធនេះ។ ក្នុងកិច្ចប្រជុំនោះ ខភម គ្រោងរៀបចំសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ នឹងចាត់បញ្ជូនកម្លាំងកងទ័ពជំនាញ ដែលធ្លាប់មានបទពិសោធន៍ក្នុងការធ្វើសកម្មភាពសង្គ្រោះគ្រោះមហន្តរាយគ្រប់ឧប្បវហេតុ កន្លងមកដូចជា កម្លាំងជំនាញដែលមានបទពិសោធន៍ក្នុងការជួយសង្រ្គោះឧបទ្ទវហេតុធ្លាក់យន្តហោះ.កងកម្លាំងដែលមានបទពិសោធន៍ក្នុងសកម្មភាពជួយសង្គ្រោះការរលំបាក់អាគារខ្ពស់ៗ.កងកម្លាំងជំនាញដែលមានបទពិសោធន៍ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់.និងគ្រោះរាំងស្ងួត.ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ជាដើម ចំនួន ៤០ រូប រួមនិងសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ មួយចំនួនធំ ទៅប្រទេសឡាវ ដើម្បីចូលរួមក្នុងសកម្មភាពសមយុទ្ធនេះ។
មានមតិបូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ឹង សំផន បានមានប្រសាសន៍ថា៖ កម្ពុជាធ្លាប់មានបទពិសោធច្រើនលើក ច្រើនសារមកហើយ ក្នុងការធ្វើសកម្មភាពជួយសង្គ្រោះ គ្រប់គ្រោះមហន្តរាយដូចជា ឧបទ្ទវហេតុនៃគ្រោះមហន្តរាយ ដែលបង្កឡើងពីការធ្លាក់យន្តហោះដឹកអ្នកដំណើនៅក្នុងទឹកដីខេត្តកំពត ឧប្បវហេតុនៃគ្រោះមហន្តរាយការបាក់រលំអគារកម្ពស់ ៥ ជាន់ នៅខេត្តព្រះសីហនុ និងអាគារ ៣ជាន់នៅខេត្តកែប.ការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ នៅតំបន់ជុំវិញរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនរបស់ប្រទេសកម្ពុជានាពេលកន្លងមក។ ដូច្នេះយោងតាមបទពិសោធន៍ដែលមានកន្លងមក សម្រាប់កម្លាំងកងទ័ពកម្ពុជាយើង មិនជាបញ្ហាអ្វីទេ ហើយឯកឧត្តម ជឿជាក់ថា យើងនឹងទៅបំពេញការងារនេះប្រកបដោយប្រសិទ្ធភាពបំផុត សម្រាប់ជាកិត្តិយស លើមុខលើមាត់ ប្រទេសជាតិយើងផងដែរ។
ឯកឧត្តម ម៉ឹងសំផន បានបញ្ជាក់ថា នៅគ្រប់បណ្ដាប្រទេសលើពិភពលោក ប្រទេសណាក៏ដូចជាប្រទេសណាដែរ កងទ័ព គឺជាកម្លាំងស្នូលក្នុងការបើកកិច្ចប្រតិបត្តិការជួយសង្គ្រោះគ្រប់គ្រោះមហន្តរាយទាំងឡាយណា ដែលកើតឡើងមានឡើងជាយថាហេតុនៅក្នុងប្រទេសនីមួយៗ។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បានលើកឡើង សកម្មភាព ដែល ខភម ធ្លាប់បានធ្វើសមយុទ្ធរួមគ្នានៅតាមបណ្ដោយព្រំដែន រវាងកម្ពុជា និងវៀតណាម រួចម្ដងមកហើយ លើការជួយសង្គ្រោះគ្រោះមហន្តរាយ នៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលទទួលបានលទ្ធផលវិជ្ជមាន។ ហើយក្រុមគ្រូពេទ្យភាគីកម្ពុជា និងវៀតណាម ក៍បាននឹងកំពុងសហការបន្តជួយពិនិត្យព្យាបាល ប្រជាពលរដ្ឋប្រទេសទាំងពីរ នៅមណ្ឌលសុខភាព មិត្តភាពកម្ពុជា វៀតណាម នៅក្នុងភូមិសាស្រ្តជាប់តំបន់ព្រំដែនរបស់កម្ពុជា រួមទាំងជួយសង្គ្រោះ និងបោសសំអាតសារធាតុគីមី ដែលបន្សល់កាលពីសម័យសង្គ្រាម តាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ សព្វថ្ងៃនេះ។ នាយឧត្ដមសេនីយ៍ ម៉ឹង សំផន ក៏បានជំរុញឱ្យមន្ត្រីមកពីគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធត្រូវរៀបចំផែនការការងារ ដើម្បីជួបប្រាស្រ័យទាក់ទងធ្វើការជាមួយនឹងមន្ត្រី នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អង្គការជាតិ និងអន្តរជាតិ ពិសេសសមភាគីកងទ័ពឡាវ និងវៀតណាម ដើម្បីរួមគ្នាតាមដានគ្រប់ស្ថានការណ៍វិវឌ្ឍន៍ថ្មីនៃគ្រោះមហន្តរាយនានា ដើម្បីយើងសម្របសម្រួល ដោះស្រាយ បើកប្រតិបត្តិការជាបន្ទាន់ គ្រប់ស្ថានការណ៍ដែលកើតមានឡើងជាយថាហេតុ បានទាន់ពេលវេលា ៕