ដើម្បីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ នាង សេដ្ឋា ព្រមទាំងបុត្រ និងចៅៗ នៅព្រឹកថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូនាយទាហានក្នុងអគ្គនាយកដ្ឋានយោធសេវា អញ្ជើញដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ដុក ខែន ជាម្តាយបង្កើតរបស់ ឯកឧត្តម ជៀង អំ ដល់គេហដ្ឋានតម្កល់សពស្ថិតនៅ ភូមិទួលតាកែវ ឃុំ ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង និងបាននាំយកបច្ច័យចូលរួមក្នុងពិធីបុណ្យសពចំនួន ១០លានរៀល ផងដែរ។ ឯកឧត្តម មាស សាវ៉ន បានលំឱនកាយវាចាចិត្តគោរពចំពោះដួងវិញ្ញាណក្ខសពឧបាសិកា ដុក ខែន ដែលបានទទួលមរណភាព លាចាកលោកយើងនេះទៅកាន់លោកខាងមុខ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
ឯកឧត្តម អគ្គនាយក បានចូលរួមសំដែងនូវសមានចិត្តចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម ជៀង អំ និងលោកជំទាវ នាង សេដ្ឋា ព្រមទាំងបុត្រ និងចៅៗ យ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតចំពោះការបាត់បង់នូវលោកយាយឧបាសិកស ជាម្តាយ ម្តាយក្មេក និងជាជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធ៌ម និងជាការបាត់បង់នូវចាស់ទុំដ៏កក់ក្តៅម្នាក់ក្នុងក្រុមគ្រួសារប្រកបដោយព្រហ្មវិហាធ៌ម ក្រៅពីការងារអប់រំបុត្រធិតា ឧបាសិកាក៏ជាពុទ្ធសាសនូបឋមមួយរូបតែងបានចូលរួមប្រតិបត្តិនូវវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យមានការវិវត្តន័រីកចម្រើន។
ក្នុងឱកាសនោះ ឯកឧត្តម មាស សាវ៉ន និងប្រតិភូអមដំណើរទាំងអស់ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា ដុក ខែន ឆាប់បានចាប់បដិសន្ធិកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លាងឃ្លាតឡើយ។ គ្រប់ប្រតិភូនានាចំណុះ អគ្គនាយកដ្ឋានយោធសេវា មានប្រតិភូនាយកដ្ឋានអប់រំ នាយកដ្ឋានកិច្ចការយោធាស៊ីវិល តំណាងនាយកដ្ឋានសោធននិវត្តន៍ និងនាយកដ្ឋានព័ត៌មាន ព្រមទាំងប្រតិភូគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង និងមន្ទីរចំណុះក៏បានអញ្ជើញ ដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ដុក ខែន ដោយបានសំដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារនៃសព។
សូមបញ្ជាក់ថា៖ ភ្លាមៗបន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ ដែលក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចតេជោបានគូសបញ្ជាក់ថា ខ្ញុំ និងភរិយា មានសេចក្តីក្តុក ក្តួល និងសោកស្តាយឥតឧបមា បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំថា៖ ឧបាសិកា ដុក ខន ត្រូវជាម្តាយ ម្តាយក្មេក របស់ ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាព វេលាម៉ោង ០៩:៤៥ ព្រឹកនៅថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។ ស្ថិតក្នុងវេលាដ៏សោកសង្រេង និងក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកមរណទុក្ខ ជាមួយឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា ដុក ខន បានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងនាមក្រុមគ្រួសារ នៃសពឧបាសិកា ដុក ខែន, ឯកឧត្តម ជៀង អំ សូមថ្លែអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសណ្តានចិត្តរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេសសូមលំឱនកាយគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ញើសារចូលរួមរំលែកទុក្ខដ៏សោកសង្រេង និងក្រៀមក្រំចំពោះមរណភាពឧបាសិកា ដុក ខន ។ បច្ចុប្បន្នសពឧបាសិកា ដុក ខែន បានរៀបចំតម្កល់ធ្វើបុណ្យទក្ខិណានុបទានទៅតាមប្រពៃណីសាសនាខ្មែរយើង នៅគេហដ្ឋានរបស់ ឯកឧត្តម ជៀង អំ និងលោកជំទាវ នាង សេដ្ឋា ស្ថិតនៅភូមិទួលតាកែវ ឃុំ ពងទឹក ស្រុករំដួល រហូតដល់ថ្ងៃពុធទី ៣ ខែ សីហា នៅវេលាម៉ោង៩ៈ៣០នាទី ក្រុមគ្រួសារញាតិនឹងរៀបចំពិធីបូជាសពឧបាសិកា ដុក ខែន ទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើងជាលើកចុងក្រោយ ៕