ដើម្បីរួមចំណែកអភិវឌ្ឈន៍វិស័យកីឡារបស់កម្ពុជាអោយកាន់តែរីកចំរើនទៅមុខបន្ថែម ព្រមទាំងអភិវឌ្ឈន៍វិស័យកីឡារបស់កងទ័ពផងនោះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំ ការងាររបស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ នៅសាលប្រជុំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី០១ ខែសីហា ម្សិលមិញនេះ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិកក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ជាច្រើនរូបទៀតចូលរួម។
យោងតាមរបាយការណ៍សង្ខេបរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុប្រធានអចិតន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានបង្ហាញថា ដោយអនុវត្តតាមផែនការសកម្មភាពការងារជាប្រចាំ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានអនុវត្តនូវ ផែនការការងារ រដ្ឋបាល សកម្មភាព ហ្វឹកហាត់ របស់ក្រុមកីឡាករ-កីឡាការិនី តាមប្រភេទកីឡានីមួយៗ រហូតទទួលបានសម្មិតផល ជាមេដាយ ជ័យលាភី ទាំងកម្រិតជាតិ និងអន្តរជាតិជាច្រើន ជាក់ស្ដែងដូចកាលព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី ៣១ នៅប្រទេសវៀតណាម ដែលក្រុមកីឡាករ-កីឡាការិនី បានចូលរួមចំណែកជាមួយក្រុមជម្រើសជាតិប្រជែងយកមេដាយនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃឹម ប៊ុនសុង បានដាក់ចេញនូវផែនការ មួយចំនួនបន្ថែម សម្រាប់បង្កើននូវសក្ដានុពលវិស័យកីឡារបស់កងទ័ពផងដែរ ដោយត្រូវរៀបចំផែនការសកម្មភាព បង្កើនការហ្វឹកហាត់ ទាំងកំលាំង បច្ចេកទេស ដល់ក្រុមកីឡាករ កីឡាការិនី តាមប្រភេទកីឡានីមួយៗ ដែលមានភារកិច្ចចូលរួមជាមួយក្រុមជម្រើសជាតិ ត្រៀមសម្រាប់ការប្រកួតក្នុងព្រឹត្តណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នំា២០២៣ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។ ត្រូវយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាល ហ្វឹកហាត់កីឡាករ-កីឡាការិនី ថ្នាល់បន្ថែមទៀតដើម្បីពង្រឹង និងពង្រីកវិស័យកីឡារបស់កងទ័ព អោយកាន់តែប្រសើរឡើងបន្ថែមស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនម្នាក់លេងកីឡាមួយប្រភេទក្នុងមួយជីវិត។ បង្កើនការគ្រប់គ្រង ទាំងសកម្មភាពហ្វឹកហាត់ និងរៀបចំប្រតិទិន ហ្វឹកហាត់ ការប្រកួតថ្នាក់ជាតិរបស់កីឡាកងទ័ព តាមបណ្ដាបញ្ជាការកងឯកភាពនានា ចំណុះក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ។ រៀបចំអភិវឌ្ឈន៍ វិស័យកីឡា ហេដ្ឋារចនាសម្ព័ន នានា របស់កីឡាកងទ័ព អោយស្របតាមរបទដ្ឋាន ស្តង់ដារ បច្ចេកទេស អន្តរជាតិ ដើម្បីឈានចូលរួមការប្រកួតកីឡាកងទ័ពជាលក្ខណៈអន្តរជាតិ ទាំងកម្រិតអាស៊ី និងសកលលោក។ ត្រូវខិតខំស្វែងរកប្រភពចំនូល ជំនួយឧបត្ថមថវិការសម្ភារៈ ពីសប្បុរសជនជាតិ អន្តរជាតិ និងបណ្ដាក្រុមហ៊ុននានាបន្ថែម ដើម្បីជួយជ្រោមជ្រែងដល់វិស័យកីឡារបស់កងទ័ព។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម ឃឹម ប៊ុនសុង ក៍បានកោដសរសើរដល់កិច្ចខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ នាពេលកន្លងមកដែល សកម្មភាពទាំងនេះ គឺជាការរួមចំណែកជួយលើក អភិវឌ្ឈន៍វិស័យកីឡារបស់កងទ័ព ក៍ដូចជាចូលរួមចំនែកលើមុខមាត់ជាតិលើឆាកអន្តរជាតិ តាមរយៈវិស័យកីឡានេះ ៕