ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នេះ ក្រសួងការពារជាតិបានធ្វើការប្រជុំបូកសរុបការងារ ខែកក្កដា និង លើកទិសដៅសម្រាប់អនុវត្តបន្ត ខែសីហា ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ។
ក្នុងរបាយការណ៍បូកសរុបការងារ ដោយបានលើកឡើងពីព្រឹត្តិការណ៍សំខាន់ ដែលបានកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍ វិវត្តន៍រីកចំរើនថ្មីៗ ក្នុងខែកក្កដា កន្លងមកដែលជំងឺកូវីដ ១៩ បានបន្តការឆ្លងរាលដាលនៅព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្ន រាជរដ្ឋាភិបាលបានជំរុញនូវការចាក់វ៉ាក់សាំងដូសជំរុញដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ យើងនៅតែមាន ការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់នៃជំងឺនេះជាប្រចាំ។ ក្នុងខែកក្កដា កន្លងមកនេះគឺយើងនៅតែពុះពារ សំរេចបាននូវកិច្ចការធំៗក្នុងជួរ ខ.ភ.ម ផងដែរ។ របាយការណ៍ក៏បានលើក ឡើងពីលទ្ធផលការងារ នៃកិច្ចការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ ដែលខ.ភ.ម ក៏ដូចជាកងរាជអាវុធហត្ថ ខិតខំពុះពារសំរេចបាន នៅក្នុងរយៈពេល ១ខែ កន្លងទៅ ក្រោមកិច្ចសហការជាមួយកំលាំង មានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងភារកិច្ចការពារជាតិ។
នៅក្នុងខែកក្កដា ឆ្នាំ២០២២ នេះ ខ.ភ.ម បានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាព ឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រទេសជិតខាង និងបានបន្តកិច្ចសហប្រតិបត្តិការល្អដោះស្រាយ បញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធីទទួលបានលទ្ធផលល្អ។ បានធ្វើម្ចាស់ការ និងសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមយ៉ាងសកម្មការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព បទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ និងសហការចូលរួមការពារសន្តិសុខសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ អន្តរជាតិ នានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តបទបញ្ជាអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញ ធនធានធម្មជាតិ។ បណ្តាសា្ថប័ន អង្គភាព ទូទាំងកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាព ការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រនយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និង ប្រភេទ២, ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ ហិរញ្ញវត្ថុ, ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេស, កែច្នៃជួសជុលថែទាំ លើកកម្ពស់សុវត្ថិភាពគុណភាព គ្រឿងបំពាក់។ ការងារលើកកម្ពស់សុខុមាលភាព និងការបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដូសទី៥ ជូនកងទ័ព និងគ្រួសារ, បន្តការងារគ្រប់គ្រង និងធានាដល់ការប្រើប្រាស់ បណ្តាញទំនាក់ទំនងបញ្ជូនសារ, ការងារកសាងបណ្តាញ ផ្លូវគមនាគមន៍ ស្ពានលូ និងសំណង់ផ្សេងៗ ក្នុងកងទ័ព, ការងារគ្រប់គ្រងអចលនទ្រព្យរបស់កងយោធពលខេមរភូមិន្ទ, ការទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក, ការត្រៀម និងដំណើរការ ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានបូក, ការងារកសាង និងដំណើរការវិមានឈ្នះ ឈ្នះ និងតំបន់ប្រវត្តិសាស្ត្រយោធា, ការបំពេញបេសកកម្ម រក្សាសន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ព្រមទាំងការងារ មួយចំនួនទៀតដោយសម្រេចបាន នូវលទ្ធផលល្អ ៕