នាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក ជុង ណាក់សាំ (Chung Naksam) អនុព័ន្ធយោធាសាធារណរដ្ឋកូរ៉េ ដែលត្រូវបានចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា និងលោកវរសេនីយ៍ឯក ប៉ាក ស៊ូម៉ាន (Park Suman) អនុព័ន្ធយោធា សាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាថ្មី ចូលជួបសម្ដែងការគួរសម និងជំរាបលា នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ នៅសាកលវិទ្យាល័យការពារជាតិ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជា តារា បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានចំណងការទូត និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងជិតស្និតជាមួយគ្នាតាំងយូរលុងណាស់មកហើយ ពិសេសរវាងថ្នាក់ដឹកនាំកូរ៉េជាមួយ នឹងសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន។ ដោយឡែក កិច្ចសហប្រតិបត្តិការវិស័យយោធា សាធារណៈរដ្ឋកូរ៉េ បានជួយឧបត្ថម្ភលើផ្នែកសន្តិសុខជាតិ ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្តល់រថយន្ត គ្រឿងចក្រ ដែលបម្រើឲ្យការងារវិស្វកម្ម អូប័រ ឆ័ត្រយោង រួមនឹងសម្ភារៈការិយាល័យជាច្រើនទៀត ក្នុងនោះបានទទួលយកនិស្សិតនាយទាហានកម្ពុជា ទៅបណ្តុះបណ្តាលជាច្រើននាក់ជារៀងរាល់ឆ្នាំ ជាក់ស្តែងយោធាចារ្យ សាកលវិទ្យាល័យការពារជាតិ ជាច្រើននាក់បានបណ្តុះបណ្តាលពីកូរ៉េ ហើយពួកគាត់បាន និងកំពុងបង្រៀន និងបានក្លាយជាថ្នាក់ដឹកនាំនៅសាកលវិទ្យាល័យការពារជាតិផងដែរ។ នាយឧត្តមសេនីយ៍ ជា តារា បានបន្តថា៖ សាកលវិទ្យាល័យការពារជាតិ បានចុះហត្ថលេខាលើMOU ជាមួយនឹងសាកលវិទ្យាល័យការពារជាតិកូរ៉េ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលឲ្យកាន់តែខ្លាំងក្លាឡើង។ នាយឧត្តមសេនីយ៍ ជា តារា បានលើកឡើងថា៖ សាកលវិទ្យាល័យការពារជាតិ មាន៥មហាវិទ្យាល័យចំណុះ មាន៣មជ្ឈមណ្ឌល និង៩ការិយាល័យចំណុះ ហើយបានដំណើការបណ្តុះបណ្តាល ចាប់តាំងពីឆ្នាំ១៩៩៧មកម៉្លេះ ដែលមានឈ្មោះជាបណ្ឌិតសភាយោធា, ជាក់ស្តែងនៅឆ្នាំ២០២២នេះ បានបណ្តុះបណ្តាល១៩វគ្គ មាននិស្សិតចូលសិក្សា ១ពាន់៦១៣នាក់ ក្នុងនោះមាន វគ្គការពារជាតិ វគ្គបញ្ជាការសេនាធិការ វគ្គបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តយោធា វគ្គបរិញ្ញាបត្រពត៌មានវិទ្យា និងភស្តុភារបច្ចេកទេសយោធា វគ្គបរិញ្ញាបត្រអប់រំចិត្តសាស្ត្រ និងវគ្គភាសាបរទេស រួមមានភាសាអង់គ្លេស បារាំង កូរ៉េ និងអក្សរសាស្ត្រខ្មែរដល់និស្សិតបរទេស មានចំនួន ៨៤នាក់ មកពីវៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា។ ហើយបច្ចុប្បន្នបាន និងកំពុងបណ្តុះបណ្តាលវគ្គភាសាកូរ៉េជំនាន់ទី៥ ចំនួន២ថ្នាក់ ដល់និស្សិតយោធាកម្ពុជា មានចំនួន២៨នាក់។ ឯកឧត្តម ជា តារា ក៏បានសម្តែងនូវការស្វាគមន៍ចំពោះនិស្សិតនាយទាហានកូរ៉េ ចំនួន២រូប ដែលត្រូវមកសិក្សាភាសាខ្មែរនៅក្នុងឆ្នាំ២០២៣ខាងមុខនេះផងដែរ។ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះ លោកវរសេនីយ៍ឯក ជុង ណាក់សាំ (Chung Naksam) អនុព័ន្ធយោធាសាធារណរដ្ឋកូរ៉េ ដែលត្រូវបានចប់អាណត្តិបេសកកម្មការទូត ប្រកបដោយជោគជ័យនៅកម្ពុជា និងបានស្វាគមន៍ចំពោះ លោកវរសេនីយ៍ឯក ប៉ាក ស៊ូម៉ាន (Park Suman) អនុព័ន្ធយោធា សាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាថ្មី ដែលត្រូវបន្តបេសកកម្មនៅកម្ពុជា ហើយតាមរយៈលោកអនុព័ន្ធថ្មីនេះ កងទ័ពនៃប្រទេសយើងទាំងពីរ នឹងបន្តសហការគ្នាកាន់តែជិតស្និត រឹងមាំ និងជួយបង្កើនសមត្ថភាពដល់ខ.ភ.ម ឲ្យកាន់តែរីកចម្រើន ជាពិសេសចំណងទាក់ទងមិត្តភាព និងកិច្ចសហប្រតិការកាន់តែល្អជាមួយនឹងសាកលវិទ្យាល័យការពារជាតិ។
លោកវរសេនីយ៍ឯក ជុង ណាក់សាំ (Chung Naksam) អនុព័ន្ធយោធាសាធារណរដ្ឋកូរ៉េ ដែលត្រូវបានចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ ជា តារា និងថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិ ដែលកន្លងមកបានរួមសហការយ៉ាងល្អធ្វើឲ្យការបំពេញបេសកកម្មការងារកាទូតរបស់លោកនៅកម្ពុជា ទទួលបានដោយជោគជ័យ ហើយបានបញ្ជាក់ថា តាមរយៈលោកវរសេនីយ៍ឯក ប៉ាក ស៊ូម៉ាន (Park Suman) អនុព័ន្ធយោធា សាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតថែមទៀត ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសទាំងពីរកម្ពុជា និងសាធារណៈរដ្ឋកូរ៉េតទៅថ្ងៃអនាគត់ ៕