បន្ទាប់ពីបានដំណើរការបើកវគ្គសិក្សារៀនសូត្រអស់រយៈពេល៥ថ្ងៃកន្លងមក វគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈជំនាញការិយាល័យទី ៥ ប្រចាំឆ្នាំ២០២២ របស់បញ្ជាការដ្ឋានកងទ័ពជើងអាកាស បានប្រារព្ធពិធីបិទវគ្គនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ នៅសាលប្រជុំមូលដ្ឋានពោធិ៍ចិនតុង ស្ថិតក្រោអញ្ជើញជាអធិបតីភាព ឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការរង នាយសេធិការ តំណាង នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងអាកាស។
តាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ផេង កន្ធាន នាយរងការិយាល័យអប់រំព័ត៌មាន ស្នងការដ្ឋានហ្វឹកហ្វឺន និងឃោសនាព័ត៌មាន បានឲ្យដឹងថា៖ វគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត និងខ្សែរយៈជំនាញការិយាល័យទី៥ ប្រចាំឆ្នាំ២០២២ របស់បញ្ជាការដ្ឋានកងទ័ពជើងអាកាសនេះ មានរយៈពេល៥ថ្ងៃ ដោយបានដំណើរការបើកវគ្គពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២កន្លងមក មាននាយទាហាន ជាគ្រូបង្គោលអប់រំចិត្តសាស្ត និង ខ្សែរយៈជំនាញការិយាល័យទី៥ ចូលរួមចំនួន ១៦៦ នាក់ ចូលរួមរៀនសូត្រ។ វគ្គបំប៉នគ្រូបង្គោល បានសិក្សាដោយផ្តោតលើឯកសារមេរៀនសំខាន់ៗ ចំនួន ៧ មេរៀន រួមមាន៖ សភាពការណ៍វិវឌ្ឍន៍ថ្មីៗ និងភារកិច្ចចំពោះមុខរបស់ ខ.ភ.ម ឆ្នាំ២០២២ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃ រដ្ឋសភា, ការយល់ដឹងអំពីគ្រឿងញៀន, សេចក្តីណែនាំ ស្តីពីវិធានការពង្រឹងអនុវត្ត លក្ខន្តិកៈទូទៅចំពោះយោធិននៃ ខ.ភ.មច្បាប់ចរាចរផ្លូវគោក, ចក្ខុ វិស័យក្នុងការកសាងវិមានឈ្នះឈ្នះ និងសន្ទរកថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី២៣ ទិវានយោបាយឈ្នះឈ្នះ។
ថ្លែងក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រនាឱកាសនោះ ឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការរង នាយសេធិការ កងទ័ពជើងអាកាស តំណាង នាយឧត្តមសេនីយ៍ សឹង សំណាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា នៃវគ្គបំប៉ន និងនាយទាហាន ដែលមានតួនាទី ភារកិច្ច ជំនាញផ្នែកអប់រំចិត្តសាស្ត្រ នៃកងទ័ពជើងអាកាស ដែលកន្លងមកបានខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចនូវភារកិច្ច បានយ៉ាងល្អប្រសើរ។ ជាក់ស្ដែងបានធ្វើការងារអប់រំចិត្តសាស្ត្រនេះជានិរន្តភាព គឺបានធ្វើការអប់រំផ្សព្វផ្សាយ តាមរយៈពេលប្រជុំខែ ពេលគោរពទង់ជាតិ និងតាមរយៈប្រព័ន្ធព័ត៌មានវិទ្យាជាដើម។ ឯកឧត្តម គង់ មុនី បានបញ្ជាក់ថា៖ ផ្ដើមចេញពីការងារនេះ ធ្វើឱ្យបញ្ជាការដ្ឋានកងទ័ពជើងអាកាស កសាងបាននូវទំនុកចិត្តរវាងថ្នាក់ក្រោម និងថ្នាក់លើ មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងសហការគ្នាបានយ៉ាងស្អិតល្មួត សម្រេចបានជោគជ័យនូវរាល់ភារកិច្ចទៅតាមផែនការ និងបទបញ្ហាដែលបានប្រគល់ជូន។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ៖ វគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រនេះ បានបើកដំណើរការសិក្សារៀនសូត្រឡើង ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាយើង បានងើបឡើងវិញពីវិបត្តិដ៏ធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ជាសាកល អស់រយៈពេល២ឆ្នាំ កន្លងមក និងស្របពេលដែលប្រទេសជាតិ កំពុងសម្រេចបាននូវសមិទ្ធផលធំៗ ថ្មីជាច្រើនទៀត ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ក្នុងនាមថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងអាកាស ឧត្តមសេនីយ៍ឯក គង់ មុនី បានសំណូមពរដល់នាយទាហាន ជាគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈជំនាញការិយាល័យទី៥ របស់បញ្ជាការដ្ឋានកងទ័ពជើងអាកាស ក្រោយពេលវិលត្រឡប់ទៅកាន់អង្គភាពរបស់ខ្លួនវិញ ត្រូវពាំនាំយកនូវរាល់ខ្លឹមសារ និងគោលបំណងសំខាន់ៗ នៃឯកសារអប់រំនាពេលនេះ ទៅផ្សព្វផ្សាយបន្តដល់យោធិន នៅអង្គភាពរបស់ខ្លួន ដើម្បីពង្រឹងផ្នែកស្មារតីសតិអារម្មណ៍ និងគោលជំហរនយោបាយចិត្តសាស្ត្រ ឲ្យកាន់តែខ្លាំងក្លាឡើង ហើយឈានទៅកាត់បន្ថយរាល់ការខុសឆ្គងទាំងឡាយ ដែលកើតឡើងជាយថាហេតុ ដែលប៉ះពាល់ ឬបំពានដល់ច្បាប់ទាំងឡាយរបស់រដ្ឋ ៕