កិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ រវាងយោធភូមិភាគទី៤(កម្ពុជា) និងភូមិភាគទី២ (ថៃ) លើក២៣ ប្រចាំឆ្នាំ២០២២ បានប្រារព្ធឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារដ្រាហ្កុនរ៉ូយ៉ាល់ ខេត្តសៀមរាប។ គណៈកម្មាធិការព្រំដែន ខាងភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៏ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ គណៈកម្មាធិការព្រំដែនខាងភាគីថៃដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៏ទោ សវៈរ៉ាត សែនផុន មេបញ្ជាការភូមិភាគទី២ នៃកងទ័ពភូមិន្ទថៃ។
មេបញ្ជាការយោធភូមិភាគទី៤ សហប្រធានភាគីកម្ពុជា ថ្លែងមតិស្វាគមន៏ និងសម្ដែងភាពរីករាយ ក្នុងឱកាសដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ជាមួយភាគីថៃនាពេលនេះ ព្រមទាំងលើកឡើងពីគោលបំណងនៃកិច្ចប្រជុំ ដើម្បីលើកស្ទួយ និងរិតចំណងទំនាក់ទំនងមិត្តភាពដ៏ល្អ រវាងកម្ពុជា-ថៃ អោយមានភាពរឹងមាំ ក្នុងបំណងពង្រឹងពង្រីក សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍន៏ ជូនដល់ប្រជាជន នៃប្រទេសទាំងពីរដែលរស់នៅតាមបណ្ដោយខ្សែរបន្ទាត់ព្រំដែន។ ឯកឧត្តមបានថ្លែងការកោតសរសើរ ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ដែលសមត្ថកិច្ច នៃប្រទេសទាំងពីរ បានផ្ដល់ផលល្អ ចំពោះការអភិវឌ្ឍន៏ ស្ថិរភាព សន្តិភាព របៀបរៀបរយតាមបណ្តោយខ្សែរបន្ទាត់ព្រំដែន ព្រមទាំងបានសំណូមពរអោយភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ តាមបណ្ដោយខ្សែរបន្ទាត់ព្រំដែន អោយកាន់តែមានភាពល្អប្រសើរ។
ក្នុងនោះផងដែរ មេបញ្ជាការភូមិភាគទី២ សហប្រធានខាងភាគីថៃ បានថ្លែងមតិស្វាគមន៏ និងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៏របស់ភាគីកម្ពុជា និងសម្ដែងនូវក្ដីសោមនស្សក្រៃលែង ក្នុងឱកាសដែលបានមកចូលរួមកិច្ចប្រជុំជាមួយភាគីកម្ពុជា ហើយអបអរសាទរចំពោះភាពជឿនលឿនលើកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ក្នុងការដោះស្រាយបញ្ហាការងារសន្តិសុខនៅក្នុងតំបន់ព្រំដែន ដើម្បីលើកស្ទួយដល់ការទំនាក់ទំនងល្អជាមួយគ្នា និងអបអរសាទរចំពោះ កិច្ចសហប្រតិបត្តិការក្នុងការជួយគ្នាទៅវិញទៅមក។ ភាគីទាំងពីរបានសន្យាបន្តជម្រុញ និងគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យអោយកាន់តែមានភាពល្អប្រសើ។ ក្នុងឱកាសដ៏ថ្លៃថ្លា ភាគីទាំងសងខាង បានឯកភាពគ្នារៀបចំឱ្យមានកិច្ចប្រជុំ គណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ រវាងយោធភូមិភាគទី៤ (កម្ពុជា) និងភូមិភាគទី២ (ថៃ) លើកទី២៤ ប្រចាំឆ្នាំ២០២៣ នៅព្រះរាជាណាចក្រថៃ។ ភាគីទាំងពីរបានឯកភាពចុះហត្ថលេខារួមគ្នាលើកំណត់ហេតុកិច្ចប្រជុំសហប្រតិបត្តិការ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ លើកទី២៣ រវាងយោធភូមិភាគទី៤ (កម្ពុជា) និងភូមិភាគទី២ (ថៃ) ប្រចាំឆ្នាំ២០២៣ ហើយបានប្រគល់ជូនវត្ថុអនុស្សាវរីយ៍អោយគ្នាទៅវិញទៅមកផងដែរ ៕