ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ប្រជុំ​ផ្សព្វ​ផ្សាយ​តួនាទី​ភារកិច្ច​គណៈ​កម្មាការ​អន្ត​រ​ក្រសួង​ ដើម្បី​រៀប​ចំ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​យុទ្ធជន​កង​កម្លាំង​ប្រដាប់​អាវុធ​រណសិរ្សសាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា​ ពី​សា​ធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
263
2910 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ប្រជុំ​ផ្សព្វ​ផ្សាយ​តួនាទី​ភារកិច្ច​គណៈ​កម្មាការ​អន្ត​រ​ក្រសួង​ ដើម្បី​រៀប​ចំ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​យុទ្ធជន​កង​កម្លាំង​ប្រដាប់​អាវុធ​រណសិរ្យ​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា​ ពី​សា​ធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​

        ​នៅ​រសៀលថ្ងៃទី​២២ ​ខែក​ក្កដា​ ឆ្នាំ២​០២២ ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ប្រជុំ​ផ្សព្វផ្សា​យ​សេចក្តី​សម្រេច​ស្តី​ពី​ការ​បង្កើត​គណៈកម្មាការ​អន្តរ​ក្រសួង​ ដើម្បី​រៀបចំ​មាតុ​ភូមិ​និវត្តន៍​អដ្ឋិធាតុ​យុទ្ធ​ជន​កង​កម្លាំង​ប្រដាប់​អាវុធ ​រណសិរ្យ​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា​ ពី​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ ដែល​កិច្ច​ប្រជុំនោះ​បាន​ប្រព្រឹត្ត​ទៅក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា​ ​ទៀ ​បាញ់ ​ឧបនា​យក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មាការ​អន្ត​រ​ក្រសួង​ ដើម្បី​រៀបចំ​មាតុ​ភូមិ​និវត្តន៍​អដ្ឋិធាតុ​យុទ្ធជន​កង​កម្លាំង​ប្រដាប់​អាវុធ​រណសិរ្សសាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា​ពី​សាធារណរដ្ឋ​សង្គម​និយ​ម​វៀត​ណាម​។

​         នៅ​ក្នុង​សេចក្តី​សំរេច​ស្តី​ពី​ការ​បង្កើត​គណៈកម្មាការ​អន្តរ​ក្រសួង ​បានតែ​ង​តាំង ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ជា​ប្រធាន ​គណៈ​កម្មាការ​អន្តរ​ក្រសួង ​ព្រម​ទាំង​មាន​ អនុ​ប្រធាន ​ចំនួន ​៦ ​រូប​ និង​​សមាជិក​នៅ​តាម​ស្ថាប័ន ក្រសួង​នានា​ មាន​ការ​ពាក់​ព័ន្ធ ​ចំនួន ​១៤​ រូប​។ ដើម្បី​អនុវត្ត​ភារកិច្ច​ ធ្វើ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុយុទ្ធជន​កង​កម្លាំង​ប្រដាប់​អាវុធ​ រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា​ ពី​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ មក​កាន់​ប្រទេស​កម្ពុជា ​អោយ​បាន​លឿន ​និង​ទាន់​ពេល​វេលា​ គណៈ​កម្មាការ​អន្ត​រ​ក្រសួង ​បាន​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​ ដើម្បី​រៀបចំ​មាតុ​ភូមិ​និវត្តន៍​អដ្ឋិធាតុ ​ដោយ​បាន​តែង​តាំង ​នាយ​ឧត្តម​សេនីយ៍ ​សៅ ​សុខា ​អគ្គ​មេបញ្ជាការ​រង​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​ប្រធាន​ក្រុម​ការងារ​បច្ចេក​ទេស​ ដើម្បី​រៀបចំ​មាតុ​ភូមិ​និវត្តន៍​អដ្ឋិធាតុ​យុទ្ធ​ជន​កង​កម្លាំង​ប្រដាប់​អាវុធ​ ​រណសិរ្យ​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា ​ពី​សា​ធារណរដ្ឋ​សង្គម​និយម​វៀត​ណាម ​និង​អនុ​ប្រធាន ​៤​ រូប​ ព្រម​ទាំង​សមាជិក​ចំនួន ​២២​ រូប​។

         នាយឧត្តមសេនីយ៍ សៅ សុខា ថ្លែង​ថា៖ ​បន្ទាប់ពី​បាន​ទទួល​ការ​ណែនាំ​ពី ​សម្តេច​ពិជ័យ​សេនា​ ប្រធាន​គណៈ​កម្មាការ​អន្ត​រក្រសួង ​ក្រុម​ការ​ងារ​បាន​អនុវត្ត​ភារកិច្ចជា​បន្ត​បន្ទាប់​ក្នុង​នោះបា​ន​ប្រជុំ​ពិនិត្យ​ប្លង់​ស្ថាបត្យ​កម្ម​ចេតីយ៍​សំរាប់​តំកល់​អដ្ឋិធាតុ​យុទ្ធជន​ពលី​កម្ពុជា​ ចំនួន ​៤៩​ ដែល​ត្រូវ​ធ្វើមាតុ​ភូមិ​និវត្តន៍​មក​ពី​ប្រទេស​វៀត​ណាម​ ព្រម​ទាំ​ងបាន​ចុះពិ​និត្យ​ទី​តាំង​សាង​សង់​ចេតីយ៍​នៅ​ក្នុង​ភូមិ​សាស្ត្រ​នៅ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ​កោះ​ថ្ម​ អិច​ ១៦​​។

​         សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​ថ្លែង​ថា៖ ​អនុវត្តិ​តាម​កា​រណែនាំ ​និង ​បទ​បញ្ជា​របស់ សម្តេច​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​ ដែល​បាន​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​ ៤៥ ​ទិវា​ចងចាំ​តំណើរ​ឆ្ពោះ​ទៅ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ ពត​ កាល​ពី​ថ្ងៃ​ទី ​២០​ ខែ​មិថុនា ​ឆ្នាំ​២០២២​ នៅ​តំបន់​ប្រវត្តិ​សាស្ត្រ​កោះថ្ម ​អិច ​១៦​ កន្លង​ទៅ​នេះ ​គណៈកម្មាការ​អន្ត​រ​ក្រសួង​ នឹង​រៀប​ចំ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​យុទ្ធជន​កង​កម្លាំង​ប្រដាប់​អាវុធ​រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុ​ជា ចំនួន​ ៤៩​ រូ​ប ពី​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ មក​កាន់​ប្រទេស​កម្ពុជា​វិញ​  ដោយ​យក​មក​ដំកល់​ទុក​នៅ​ក្នុង​ចេតីយ៍ ​សំរាប់​ធ្វើ​ពីធី​គោរពវិញាណក្ខន្ធ​ នា​ថ្ងៃ​ទី​១២​ ខែ​ឧសភា ​ឆ្នាំ​២០២៣ ​ខាង​មុខ​។ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​បញ្ជាក់​ថា៖​ ទោះបី​នៅក្នុង​ឆ្នាំ​២០២៣​ កម្ពុជា​មាន​កម្មវិធី​ធំ​ជា​ច្រើន​ ជា​ពិសេស​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ​២៣ ​ប៉ុន្តែ​នៅ​តែ​ឆ្លៀត​ពេល​ធ្វើ​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​ ដល់​យុទ្ធជនព​លីកម្ពុជា ​ទាំង ​៤៩​ រូប ​នៅ​ថ្ងៃទី​១២​ ខែ​ឧសភា ​ឆ្នាំ​២០២៣ ​នៅចេតីយ៍​ដំកល់​អដ្ឋិធាតុ​យុទ្ធជ​ន​ពលី​កម្ពុជា​នៅ ​X-16​។ សម្តេ​ចពិជ័យ​សេ​នា ទៀ ​បាញ់ ​បានជំ​រុញដ​ល់​ក្រុម​ការងារ​បច្ចេកទេស​ត្រូវ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ សាង​សង់​ចេតីយ៍​អោយ​ហើយ​ មុន​ថ្ងៃ​ទី​១២​ ខែ​ឧសភា ឆ្នាំ​២០២៣។

         សូម​បញ្ជាក់​ថា៖ ​ថ្ងៃទី​​១២​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ គឺ​ជាថ្ងៃ​គម្រ​ប់​ខួប​ទី​ ៤៥ ​ឆ្នាំ​ (​១២ ​ឧសភា ​១៩៧៨ ​- ​១២ ​ឧសភា ​២០២៣​) នៃ​ការ​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​របស់​ សម្តេច​តេជោ​ ហ៊ុន​ សែន ​ដែល​ផ្តើ​ម​ចេញ​ពី​ថ្ងៃ​នេះ​ បាន​ឈាន​ទៅ​បង្កើត​រណសិរ្ស​សាមគ្គី​សង្រ្គោះជា​តិ​កម្ពុជា ​នា​ថ្ងៃ​ទី​២​ ​ខែ​ធ្នូ ​ឆ្នាំ​១៩៧៨ ​ហើយ​បាន​វាយ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ​ពត​ ទទួល​បាន​ជ័យ​ជំនះ ​នា​ថ្ងៃ​ ៧ ​ខែ​មករា​ ឆ្នាំ​១៩៧៩ ​៕​