ឯកឧត្តមបណ្ឌិត មូហាម៉ាត់ ប៊ីនអាប់ឌុល ការីម អ៊ីសា (Muhammad bin Abdul Karim Issa) អគ្គលេខាធិការ នៃអង្គការសម្ព័ន្ធពិភពឥស្លាម និងជាប្រធានសមាគមសម្ព័ន្ធបញ្ញាវ័ន្តឥស្លាម បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាថា៖ ជាគំរូដ៏ល្អមួយរបស់ពិភពលោក សម្រាប់សុខដុមនីយកម្ម និងសន្តិសហវិជ្ជមាន ក្នុងចំណោមប្រជាជន ដែលមានដើមកំណើត និងសាសនាផ្សេងគ្នា។
នៅក្នុងជំនួបជាមួយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅទីស្ដីការក្រសួងការពារជាតិ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តម អគ្គលេខាធិការ នៃអង្គការសម្ព័ន្ធពិភពឥស្លាម ដែលជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានគូសបញ្ជាក់ពី គោលនយោបាយសុខដុមនីយកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម ត្រូវបានទទួលការកោតសរសើរពីសំណាក់អង្គការសម្ព័ន្ធពិភពឥស្លាម និងប្រជាជាតិម៉ូស្លីមផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានស្វាគមន៍ចំពោះប្រតិភូ ដោយបានគូសបញ្ជាក់ពីសារសំខាន់ នៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តម បណ្ឌិតអគ្គលេខាធិការ នៃអង្គការ សម្ព័ន្ធពិភពឥស្លាម សម្រាប់ការជំរុញទាំងចំពោះទំនាក់ទំនង រវាងកម្ពុជា ជាមួយអង្គការសម្ព័ន្ធពិភពឥស្លាម និងរវាងសហគមន៍ម៉ូស្លីមនៅកម្ពុជា ជាមួយសហគមន៍ ម៉ូស្លីមនៅលើពិភពលោកផងដែរ។ ជាមួយគ្នានេះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម បណ្ឌិត មូហាម៉ាត់ ប៊ីនអាប់ឌុល ការីម អ៊ីសា ដែលបានជួយដល់មជ្ឈមណ្ឌលឥស្លាមកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ននេះ សំដៅរួមគ្នាជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ ពិតជាមានសារៈសំខាន់ក្នុងការអនុវត្តនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានរំលឹកពីដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ (Faisal bin Farhan Al Saud) រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ដែលទស្សនកិច្ចនេះ បានលើកកម្ពស់មិនត្រឹមតែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រទាំងពីរប៉ុណ្ណោះទេ ថែមទាំង រវាងកម្ពុជា និងពិភពម៉ូស្លីម ផងដែរ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរចំពោះជំនួយ ដែលផ្តល់ដោយអង្គការសម្ព័ន្ធពិភពឥស្លាម ជូនដល់សហគមន៍ម៉ូស្លីមនៅកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល និងជាពិសេសការបង្កើនចំនួន កូតាសម្រាប់ប្រជាជនម៉ូស្លីមកម្ពុជា ទៅចូលរួមក្នុងពិធីបុណ្យ ហាជី (Haji) នៅប្រទេសអារ៉ាប៊ីសាអូឌីត ជារៀងរាល់ឆ្នាំ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនភ្ញៀវថា៖ ដោយសារការដឹកនាំ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងគោលនយោបាយអំពីការលើកកម្ពស់កិច្ចសន្ទនា និងការយោគយល់អធ្យាស្រ័យ ជំហ៊រ ប្រឆាំងនឹងភាពជ្រុលនិយម ការស្អប់ខ្ពើម និងអំពើហិង្សា ដែលត្រូវបានផ្តួចផ្តើមដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដែលជាប្រទេសមួយមានពុទ្ធសាសនិក ៩០% និងឥស្លាមសាសនិក ៥% អាចធានាបាននូវការរួមរស់ប្រកបដោយសន្តិសហវិជ្ជមាន រវាងប្រជាជនដែលមានសាសនាផ្សេងៗគ្នា។ សម្ដេចពិជ័យសេនា ក៏បានលើកឡើងផងដែរ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសហគមន៍ម៉ូស្លីមកម្ពុជា ដូចជាការតែងតាំងសាសនិកឥស្លាមកម្ពុជា ឱ្យបម្រើការងារក្នុងស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការគោរព និងការសម្រួលដល់ការប្រតិបត្តិសាសនា របស់ពួកគេ ការអភិរក្ស ភាសាកំណើត ប្រពៃណី និងទំនៀមទម្លាប់ ជាដើម ៕