ព័ត៌មាន

កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​ជប៉ុន​
នាយកដ្ឋានព័ត៌មាន(៣)
306
2891 កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​ជប៉ុន​

       នៅ​រសៀល​ថ្ងៃ​ទី​២២ ​ខែ​មិថុនា ឆ្នាំ២០២២ បន្ទាប់​ពី​បានបញ្ចប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ រួចម​ក​ នៅ​ទីស្តីការ​ក្រសួង​ការពា​រ​ជាតិ​ បាន​បន្ត​រៀបចំ​កិច្ច​ប្រជុំក្រៅ​ផ្លូវ​ការ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​ជប៉ុន ​ដែល​កិច្ច​ប្រជុំ​នេះ ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតី​ភា​ព សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ និងឯកឧត្តម​ គីស៊ី ​ហ្ស៊ី ​ណូ​ប៊ុអូ ​(KISHI Nobuo) រដ្ឋមន្ត្រី​កាពារ​ជាតិ​ជប៉ុន ​ព្រម​ទាំង​មាន​វត្ត​មាន​ចូលរួម​ពី​សំណាក់ ​ឯកឧត្តម​ ជា​រដ្ឋមន្ត្រី​ ការ​ពារ​ជាតិ​អាស៊ាន​ទាំង​៩ ​ទៀត ​និង​អគ្គលេខា​ធិការ​អាស៊ាន​ផង​ដែរ​។​

        ថ្លែង​បើក​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​ជប៉ុន ​ក្នុង​ឱកាស​នោះ​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ ​បាន​សំ​ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ ​ឯកឧត្តម​ គីស៊ី ហ្ស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​ និង ​ឯកឧត្តម ​រដ្ឋមន្ត្រី​ការពារ​ជាតិ ​អាស៊ាន​ ទាំង​អស់​ ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-ជប៉ុន​នា​ពេល​នេះ ​ដែល​កិច្ច​ប្រជុំនា​ពេល​នេះ​ បាន​បង្ហាញពី​ការ​ជឿទុ​ក​ចិត្ត​ លើ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​ដ៏ត្រឹមត្រូវ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដែល​បាន​ខិត​ខំ​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ ទទួល​បាន​លទ្ធផល​គួរ​ឱ្យ​ស្ញប់​ស្ញែង​ និង​ដែល​បាន​អនុញ្ញាត​ឱ្យ​កិច្ច​ប្រជុំ​ទាំង​ឡាយ ​អាចដំ​ណើរការ​ទៅ​បាន​នៅ​ក្នុង​ទម្រង់​ រូប​វន្ត​ នា​ពេល​នេះ​។​

          សម្ដេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​ថា​៖ ពិភព​លោក​របស់​យើង​ត្រូវ​បាន​រំខាន​ដោយ​ជំងឺ​កូវីដ-១៩​ អូស​បន្លាយ​អស់​រយៈ​ពេល​ប្រមាណ​ជាង​ ២​ឆ្នាំ​មក​ហើយ​ ដែល​ជំងឺ​នេះ​បាន​បង្ក​ឱ្យមាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សេដ្ឋកិច្ច​សកល ​នាំម​ក​នូវ គម្លាត​អភិវឌ្ឍន៍​កាន់​តែ​ធំ ​រវាង​ប្រទេស​ក្រីក្រ​ និង​ប្រទេស​អភិវឌ្ឍន៍។​ ​យ៉ាង​ណា​មិញ ​ស្ថាន​ភា​ពជំងឺ​កូវីដ-១៩​ នា​ពេល​បច្ចុប្បន្ន​ គឺ​បាន​ថម​ថយ​ មួយ​កម្រិត​គួរ​ឱ្យ​កត់​សម្គាល់​ ក៏​ប៉ុន្តែការ​គំរាម​កំហែង​គឺ​នៅ​តែ​បន្ត​មា​ន ខណៈ​ពិភពលោក​ទាំង​មូល​ មិន​ទាន់​ទទួល​បាន​ភាព​ស៊ាំ​ជា​សហគមន៍​នៅ​ឡើយ​។​ ទាក់​ទិន​នឹង​បញ្ហា​នេះ​ កម្ពុជាគឺ​ពិត​ជា​មាន​មោទនភាព​ក្រៃ​លែង​ ដែល​កម្ពុជា​មិន​មាន​អ្ន​ក​ឆ្លង​ជំងឺ​កូវីដ-១៩ ​អស់​រយៈ​ពេល​ ៣៦ ​ថ្ងៃ​ជា​ប់គ្នា​ ខណៈ​យុទ្ធនាការ​ចាក់​វាក់​សាំង​ទូទាំង​ប្រទេស​ ក៏​ទទួល​បាន​ឈាន​ដល់​ ការ​ចាក់នូវ​ដួស​ទី​ ៥​ ដល់​ប្រជាពល​រដ្ឋ​កម្ពុជា​។​ សម្តេច​ពិជ័យ​សេនា​ បាន​បន្ថែម​ថា៖​ ជា​ការពិត​ណាស់​ ការ​ទទួល​បា​ននូវសមិទ្ធផល​នេះ ​គឺ​ដោយ​សារ​តែ​មាន​ការ​ចូល​រួម​ចំណែក​ និ​ង​កិច្ច​សហប្រតិបត្តិការ​ពី​ប្រទេស​ជា​ដៃ​គូរ​ក្នុង​ការប្រយុទ្ធ ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-​១៩​។​ ឆ្លៀត​ឱកាស​នេះ​ សម្តេចពិជ័យសេនា បាន​ថ្លែង​អំណរ​គុណ​ដល់​ រាជរដ្ឋាភិបាល​ជប៉ុន ​ដែល​បាន​ផ្ដល់​នូវ​វ៉ាក់​សាំង​ប្រមាណ ​១ លាន​ ៣​ សែន​ដូ​ស តាម​រយៈ​សម្ព័ន្ធ​វ៉ាក់​សាំង​កូវ៉ាក់ ​(COVAX) និង​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុ​ជា​ផង​ដែរ​។​

          ជា​មួយ​គ្នា​នេះ​ផង​ដែ​រ កម្ពុជា​ក៏​សូម​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​ជប៉ុន ​ដែល​បាន​គាំទ្រ​ចំពោះ​តួនាទី​កម្ពុជា​ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​ ជា​ពិសេស​ភាព​សកម្ម​របស់​ជប៉ុន ​ក្នុង​ការ​ជួយ​សម្រួល​ដល់​កម្ពុជា​ក្នុង​ការ​អនុវត្ត​ការ​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​ ៥​ ចំណុច ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​វិបត្តិ ​នយោបាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​។​ ទាក់​ទង​ទៅនឹង​បញ្ហា​ប្រទេស​មីយ៉ាន់ម៉ា​នេះ​ដែល ​ដោយ​យោង​តាម​ ស្មារតី​នៃ​ សេចក្ដី​ថ្លែង​ការ​ណ៍​រួម ​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ប្រទេស​ជប៉ុន ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​ របស់ ​ឯកឧត្តម​ នាយក​រដ្ឋមន្ត្រី ​គីស៊ីដា ​ហ៊្វូមីអូ​ (KISHIDA Fumis) កម្ពុជា​សូម​ធ្វើ​ការ​អំពាវ​នាវ​សារ​ជា​ថ្មី​ ឱ្យ​គ្រប់​ភាគី​ទាំង​អស់ ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា ​ធ្វើ​ការ​អត់​ធ្មត់​ជា​អតិបរមា​ និង​ចាប់​ផ្ដើម​ដំណើរ​ការ​ចរចា​រ សម្រាប់​ដោះ​ស្រាយ​ប្រកប​ដោយ​សន្តិវិធី​ ដើម្បី​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ និង​ប្រព័ន្ធ​នយោបាយ​ប្រជាធិប​តេយ្យ​ឡើង​វិញ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ