នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានអនុញាតិឲ្យ លោក ប៊ែរត្រង់ ល័រថូឡារី (Bertrand Lortholary) ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសវនាការ នៃទីស្ដីការក្រសួងការពារជាតិ នាទីក្រុងភ្នំពេញ ក្នុងឱកាសដែលរូបលោកមកបំពេញដំណើទស្សនកិច្ចការងារនៅកម្ពុជា។
ក្នុងជំនួបនាឱកាសនោះ ជំនួសមុខឱ្យ សម្ដេចពិជ័យសេនា ឯកកឧត្តម ណឹម សុវត្ថិ បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមាន ការអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជារបស់ លោក ប៊ែរត្រង់ ល័រថូឡារី (Bertrand Lortholary)នៅកម្ពុជា ដើម្បីបានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-បារាំង ឲ្យកាន់តែមានភាពជិតស្និទ្ធ ដែលនេះគឺជាឱកាសល្អមួយ កម្របំផុត ដែលយើងបានជួបគ្នា បន្ទាប់ពីបានអាក់ខានដោយសារបញ្ហាប្រឈមជាសកល នៃជំងឺឆ្លងកូវីត១៩ ក្នុងអំឡុងពេលជាង ២ឆ្នាំកន្លងមកនេះ។ ឯកឧត្តម ណឹម សុវត្ថិ បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះ កម្ពុជាមានភាពមមាញឹកជាច្រើន ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានរាល់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធ រួមជាមួយសភាពការណ៍ការជាច្រើន ដែលកើតមានឡើងនាពេលថ្មីៗ នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ដែលតម្រូវឲ្យយើងត្រូវសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាទាំងនោះ ឲ្យវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ។ ព្រមទាំងបានលើកឡើង ជុំវិញការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការច្រើន នៅក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រហូតធ្វើឱ្យកម្ពុជា មានសភាពធូរស្រាល ហើយបានបើកចំហប្រទេសឡើងវិញ មកដល់បច្ចុប្បន្ននេះ ដែលការងារនេះ ក៍បានពីការចូលរួមគាំទ្រជួយជ្រោមជ្រែង ពីសំណាក់រដ្ឋាភិបាលប្រទេសបារាំង ជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ តាមរយៈការឧបត្ថម្ភជាថវិកាដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវដ៏សំខាន់មួយ នៅក្នុងកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ។ ជាមួយគ្នានេះ នៅក្នុងវិស័យការពារជាតិវិញ រដ្ឋាភិបាល កងទ័ព និងប្រជាជនបារាំង ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយបណ្តុះបណ្តាល និងការកសាងសមត្ថភាពឲ្យដល់យោធិនកម្ពុជា នៅសាលានាយទាហានសកម្មត្មាតពង និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC).ការជួយបណ្តុះបណ្តាលផ្នែកច្បាប់ដល់មន្ត្រីកងរាជអាវុធហត្ថ. ពិសេសការជួយបណ្តុះបណ្តាលផ្នែកភាសាបារាំង និងជំនាញផ្សេងៗ ដល់កងយោធពលខេមរភូមិន្ទ នាពេលកន្លងមក ពិសេសនៅក្នុងការជួយសម្របសម្រួលបញ្ហាបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ហើយឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបានធ្វើឱ្យកម្ពុជា មានសន្តិភាព ពិតប្រាកដរហូតមកដល់សព្វថ្ងៃ។ ឯកកឧត្តម បានបញ្ជាក់ទៀតថា៖ លើវិស័យការពារជាតិ កម្ពុជាបានសម្រេចអំពីគោលការសំខាន់ៗក្នុងការកសាងទំនើបកម្មកងទ័ព ដែលពេលថ្មីៗនេះ គោលនយោបាយការពារជាតិថ្មី ទើបតែនឹងបានចេញផ្សាយគោលការណ៍ជាផ្លូវការសៀវភៅ ស ការពារជាតិថ្មី ដែលបានបង្ហាញនូវយុទ្ធសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំទៅ ១០ ឆ្នាំទៅមុខ ដោយផ្អែកទៅលើកិច្ចការជាច្រើន ដែលយើងកំពុងរៀបចំដំណើរការបន្ថែមទៀត។
មានមតិឆ្លើយតបវិញ លោក ប៊ែរត្រង់ ល័រថូឡារី បានជម្រាបជូន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ថា៖ រដ្ឋាភិបាល កងទ័ព និងប្រជាជនបារាំង បានគាំទ្រចំពោះជំហ៊ររបស់កម្ពុជា ក្នុងនាមជាប្រទេសអព្យាក្រឹត ខណៈដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងជាប្រធានរាល់ការងាររបស់អាស៊ានសម្រាប់ឆ្នាំនេះ។ លោក ប៊ែរត្រង់ ល័រថូឡារី បញ្ជាក់ថា៖ ក្នុងឱកាសនេះ គឺជាពេលវេលាមួយដ៏មានសារៈសំខាន់ ដើម្បីជំរុញបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការទំនាក់ទំនង នៃការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពប្រទេសទាំងពីរ បារាំង កម្ពុជា។
ឆ្លើយតបសំនួរជាច្រើនរបស់ លោក ប៊ែរត្រង់ ល័រថូឡារី .ឯកកឧត្តម ណឹម សុវត្ថិ បញ្ជាក់ជូនថា៖ ចាប់ពីពេលនេះទៅ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ និងជាប្រធានរាល់កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិ និងថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន កម្ពុជា បានគ្រោងរៀបចំរួចហើយ ក្នុងការអញ្ជើញសមភាគីថ្នាក់ដឹកនាំកងទ័ពបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ាន.ក៏ដូចភាគីកងទ័ពប្រទេសពាក់ព័ន្ធផ្សេងទៀតជាដៃគូរ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន និងថ្នាក់រដ្ឋមន្ត្រីអាស៊ានបូក ដើម្បីស្វែងរកការឯកភាព ការគាំទ្រ និងការសម្របសម្រួលគ្នា ដើម្បីធ្វើឲ្យភាពជាម្ចាស់ផ្ទះ និងជាប្រធានរាល់កិច្ចប្រជុំអាស៊ាន និងអាស៊ានបូក នៅកម្ពុជា សម្រេចបាននូវលទ្ធផលល្អ ពីគ្រប់ភាគីបណ្ដាប្រទេសជាដៃគូផងដែរ។ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានសំដែងការអរគុណចំពោះសមភាគីបារាំង ដែលបានយល់ច្បាស់អំពីជំហ៊ររបស់កម្ពុជា ពាក់ព័ន្ធទៅនឹងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលនេះគឺជាអ្វី ដែលកម្ពុជា បញ្ជាក់ពីជំហ៊រនយោបាយការបរទេស រាល់ពេលវេលា គឺមិនគាំទ្រចំពោះការបំបែករដ្ឋ មិនគាំទ្រ នឹងប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់កម្លាំង ក្នុងការឈ្លានពានប្រទេសដទៃ ដើម្បីដោះស្រាយបញ្ហា ប៉ុន្តែគាំទ្រអោយរាល់ភាគីជំលោះ ខិតខំរួមគ្នាដោះស្រាយបញ្ហា ដោយឈរលើគោលការ នយោបាយឈ្នះឈ្នះ ឈរលើបញ្ហាចចារ និងការទូត ព្រោះថាកម្ពុជា បានឆ្លងកាត់ និងមានបទពិសោធន៍ពាក់ព័ន្ធទៅនឹងសង្រ្គាមស៊ីវិលនេះ អស់ជាងមួយទសវត្សរ៍ ទម្រាំកម្ពុជា មានសុខសន្តិភាព ពិតប្រាកដ និងមានការអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន រីកចម្រើនបានដូចសព្វថ្ងៃនេះ ៕