ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ១៩ នៅប្រទេសសឹង្ហបូរី នាព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉េ ហ្វុងហឺ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដែលបានប្រព្រឹត្តិទៅនៅសណ្ឋាគារសាំងគ្រីឡា ប្រទេសសឹង្ហបូរី។ អញ្ជើញចូលរួមក្នុងឱកាសនោះដែលមាន នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ នាយឧត្តមសេនីយ វង្ស ពិសេន អគ្គមេបញ្ជាការ ខភម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា អគ្កនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ព្រមទាំងនាយទាហានអមដំណើរមួយចំនួនទៀត។
នៅក្នុងជំនួបនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា៖ ក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ-១៩ កងទ័ពទាំងពីរនៅតែរក្សាកិច្ចសហប្រតិបត្តិការជាមួយគ្នាធម្មតា ដែលបានឆ្លុះបញ្ចាំងអោយឃើញថា៖ ប្រទេសទាំងពីរនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក។ សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា៖ ខភម បានរងគ្រោះតិចតួចបំផុត និងឆ្លងផុតពីការរងគ្រោះដោយជំងឺកូវីដ-១៩ តាមរយៈការជួយឧបត្ថម្ភផ្តល់ វ៉ាក់សាំងជំហានដំបូង ពីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមាននិតចិន មកដល់មុនគេបង្អស់ ដល់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាបានកំណត់វ៉ាក់សាំង ជំនួយពីសាធារណរដ្ឋប្រជាមាននិតចិន គឺជាស្នូល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ទទឹមនេះកងទ័ពទាំងពីរ កម្ពុជា-ចិន បានអនុវត្តិកិច្ចសហប្រតិបត្តិការ បានល្អ គ្រប់ផ្នែកទាំងអស់ ក្នុងនោះរួមមានទាំង ពិធីបើកការដ្ឋាន សាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានជំរាបជូនដល់ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន អំពីតួនាទីជាប្រធានប្តូរវេន របស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក (ADMM-Plus) ហើយនៅក្នុងរបៀបវរៈ នៃកិច្ចប្រជុំកិច្ចប្រជុំ ADMM ក៏មាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូកចិន ក្រៅផ្លូវការ ផងដែរ។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ក៏បានអញ្ជើញ ឯកឧត្តម វ៉េ ហ្វុងហឺ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ-អាស៊ាន បូកចិន ក្រៅផ្លូវការ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
មានមតិឆ្លើយតបវិញ ឯកឧត្តម វ៉េ ហ្វុងហឺ បានមានប្រសាសន៍ថា៖ ចិន និង កម្ពុជា មានប្រពៃណីទំនាក់ ទំនង ជាមួយគ្នាតាំងពីយូរលុងណាស់មកហើយ និងបានបន្តរហូតមកដល់សព្វថ្ងៃនេះ។ ឯកឧត្តម បញ្ជាក់ថា៖ បច្ចុប្បន្ននេះ ទោះជាពិភពលោកកំពុងមានភាពតានតឹង ទាក់ទងទៅនឹងបញ្ហានៅអ៊ុយក្រែនយ៉ាងណាក៏ដោយ ក៏ ប្រទេសទាំងពីរ កម្ពុជា-ចិន នៅតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងស្អិតរមួត ជាពិសេសក្នុងកំឡុងពេលជំងឺកូវីដ-១៩ បានផ្ទុះឡើង ប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមក។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជា ចិន ក៏បានធ្វើការពិភាក្សាគ្នាក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា ចិន បន្ទាប់ពីមានភាពធូរស្រាល នៃការឆ្លងជំងឺកូវីដ-១៩ ដូចជាការធ្វើឡើងវិញនូវ សមយុទ្ធនាគមាស ដែលត្រូវចាប់ផ្តើមឡើងវិញនៅក្នុង ឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីបានខកខានអស់រយៈពេល ២ ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងបន្តធ្វើការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចគ្នាទៅវិញទៅមករវាងកងទ័ព នៃប្រទេសទាំងពីរផងដែរ ។ ឯកឧត្តម វ៉េ ហ្វុងហឺ បានសំដែងការគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា ហើយប្រទេសចិន ប្តេជ្ញាចិត្តគាំទ្រនូវ មជ្ឈភាពរបស់អាស៊ាន ក៏ដូចជាជំរុញអោយអាស៊ានដើរតួនាទី យ៉ាងខ្លាំងទាំងក្នុងតំបន់ និងកិច្ចការអន្តរជាតិ ៕