មូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានប្រារព្ធពិធីបើកការដ្ឋាន សាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ដែលជាជំនួយឥតសំណងរបស់ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីបើកការដ្ឋាននេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ក្នុងសន្ទរកថាស្វាគមន៍ និងរបាយការណ៍សាងសាង់ របស់ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានបញ្ជាក់ថា៖ ការប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងជាង ជួសជុល “ផែសំចត និងស្ដារឃ្លង ក្នុងមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្ត្រនេះ ដែលបានកើតឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ(កម្ពុជា-ចិន) ក្នុងគោលដៅជួយស្តារ និងកសាងលទ្ធភាពផ្ដល់គ្រឿងបំពាក់សម្ភារៈសឹក និងគ្រឿងបច្ចេកទេស លើកកម្ពស់សមត្ថភាពនាយទាហាន នាយទាហានរង និងអ្នកឯកទេសគ្រប់ប្រភេទជំនាញរបស់ កងទ័ពជើងទឹកកម្ពុជា ឱ្យមានជំរំបន្ទាយ ទីបញ្ហាការ កន្លែងធ្វើការ កន្លែងប្រជុំពិភាក្សាកម្រិតថ្នាក់ជាតិ-អន្តរជាតិ និងលទ្ធភាពដោះស្រាយសភាពការណ៍ក្នុងលម្ហសមុទ្រកម្ពុជា បំពេញសម្រេចភារកិច្ចរួមរបស់កងទ័ពជើងទឹក ដែលក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលកម្ពុជាប្រគល់ឱ្យ។ ឈរលើមូលដ្ឋាននោះ រដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន បានសម្រេចផ្ដល់ជំនួយឥតសំណងដល់កងទ័ពជើងទឹកកម្ពុជា ផ្ដោតលើចំណុចសំខាន់រួមមាន៖ រៀបចំស្តារទីតាំងរបស់កងទ័ពជើងទឹក នៅមូលដ្ឋានរាមសំដៅធ្វើឱ្យមានលទ្ធភាពគ្រប់គ្រង ពិតប្រាកដ លើទីតាំងភូមិសាស្ត្រដែលមានស្រាប់ ឱ្យមានជំរុំបន្ទាយដែលមានអគារទីបញ្ជាការ អគារបំពេញការងារ គ្រប់ផ្នែករួមទាំង ការកសាងប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត, និង ប្រព័ន្ធលូបង្ហូរទឹក។ ជួយជួសជុលនាវាចាស់ៗ ដែលអស់ពេលវេលាប្រើប្រាស់ ដែលកងទ័ពជើងទឹកភាគីកម្ពុជា ពុំមានលទ្ធភាពជួសជុល ចំនួន០៨គ្រឿង ហើយយកទៅជួសជុលនៅប្រទេសចិន។ ជួយកសាង និងពង្រីកបន្ថែមមន្ទីរពេទ្យ ១ កន្លែង សម្រាប់បម្រើការងារផ្ទៃក្នុងរបស់កងទ័ព ជើងទឹក និងប្រជាជន ដែលរស់នៅក្បែរខាងក្នុងតំបន់ ជួយកសាងរោងជាងជួសជុលនាវា អ៊ូ (Drydock) និង រ៉ៃ (Slipway) សម្រាប់បម្រើឱ្យការ ជួសជុលនាវាគ្រប់ប្រភេទ ដែលកងទ័ពជើងទឹកកម្ពុជាកំពុងប្រើប្រាស់។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា៖ កិច្ចសហប្រតិបត្តិការយោធាចិន នឹងកម្ពុជាជាសរសទ្រូងដ៏រឹងមាំ នៃចំណងមិត្តភាពដែកថែប នៃប្រទេសទាំងពីរ សមស្របទៅនឹងផលប្រយោជន៍មូលដ្ឋាន នៃប្រទេស និងប្រជាជនប្រទេសទាំងពីរ។ ឯកឧត្តម បានបញ្ជាក់ថា៖ គំរោងទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្រោមជំនួយប្រទេសចិន ជាសមិទ្ធផលឈរលើមូលដ្ឋានគោរពគា្នទៅវិញទៅមក និងពិភាក្សាស្មើមុខស្មើមាត់ រវាងចិន និងកម្ពុជា សមស្របនឹងច្បាប់ផ្ទៃក្នុងប្រទេសទាំងពីរ ច្បាប់អន្តរជាតិពាក់ព័ន្ធនឹងក្រមប្រតិបត្តិអន្តរជាតិ មិនសំដៅលើភាគីទីបី មានអំណោយផលដល់កិច្ចសហប្រតិបត្តិការយោធាជាក់ស្ដែង ចិននិងកម្ពុជាអោយកាន់តែជិតស្និទ្ធ បំពេញកាតព្វកិច្ចអន្តរជាតិកាន់តែល្អ ហើយជួយផ្តល់ផលិតផលសាធារណៈអន្តរជាតិ។ ក្រោយគំរោងសាសង់ជាស្ថាពរ នឹងជួយលើកកំពស់កំរិតទំនើបកម្មកងទ័ពជើងទឹកកម្ពុជាយ៉ាងជាក់លាក់ លើកស្ទួយសមត្ថភាពកងទ័ពកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរាណភាពទឹកដី ហើយនឹងក្លាយទៅជាវេទិកាសំខាន់សំរាប់ការពង្រឹងការប្រាស្រ័យទាក់ទង ជាមួយនឹងបទេសនិងធ្វើអោយស៊ីជំរៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយក៍នឹងកា្លយទៅជានិមិត្តរូបដ៏សំខាន់ នៃមនោសញ្ចេតនាដែកថែបកងទ័ព និងប្រទេសចិន និងកម្ពុជា និងជាវិមានដ៏ស្កឹមស្កៃនៃកិច្ចសហប្រតិបត្តិការមិត្តភាព។
ថ្លែងក្នុងពិធីបើកការដ្ឋាន សាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ សំណង់រោងជាងជួសជុលនាវាសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផល ជាច្រើន ដែលកងយោធពលខេមរភូមិន្ទសម្រេចបាន ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន សំដៅពង្រឹង និងពង្រីកសមត្ថភាពលើគ្រប់ផ្នែក គ្រប់វិស័យ ស្របតាមផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សៀវភៅសការពារជាតិ ឆ្នាំ២០២២ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិ ដើម្បីការពារបុព្វហេតុ ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍជូនសង្គមជាតិ និងលើកកម្ពស់កម្រិតវិស័យការពារជាតិ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួម ដែលជាគុណប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុង និងក្រៅតំបន់។
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់បន្ថែមថា៖ ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ មិនមែនមានត្រឹមតែការធ្វើទំនើបកម្មលើកកម្រិតនៅមូលដ្ឋានរាមប៉ុណ្ណោះទេ កម្ពុជានឹងបន្ត ធ្វើឱ្យកងយោធពលខេមរភូមិន្ទ កាន់តែមានសមត្ថភាពខ្ពស់ អាចធានាដល់ការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចបំពេញបាននូវករណីកិច្ចដទៃទៀត ប្រកបដោយជោគជ័យ ដូចជា ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ការជួយសង្គ្រោះគ្រោះមហន្តរាយ និងប្រតិបត្តិការរក្សាសន្តិភាពជាដើម។ កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិត សមត្ថភាពការពារខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពធន់ទប់ទល់ពីសម្ពាធ និងឥទ្ធិពល នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរទៅមុខ ក្នុងសន្តិភាព សន្តិសុខ និងវិបុលភាព និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក “កម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយឡើយ" ។ សម្រាប់ ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ កម្ពុជានៅតែស្វាគមន៍ និងបើកចំហរជានិច្ចចំពោះការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់បណ្តាប្រទេសជាមិត្តនានា ដោយមិនប្រកាន់និន្នាការ ការរើសអើង និងប្រកាន់ខ្ជាប់នូវការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងធ្វើឱ្យកងទ័ពជើងទឹកមាន កាលានុវត្តភាពដ៏ល្អសម្រាប់បំពេញបេសកកម្មរបស់ខ្លួន និងមានលទ្ធភាពចូលរួមសហការជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ក្នុងការគ្រប់គ្រងសន្តិសុខលម្ហសមុទ្រ បង្កើនទំនាក់ទំនងដ៏ស្អិតរមួតជាមួយប្រទេសមិត្តភក្ត្រ ប្រកបដោយសាមគ្គីភាព និងផ្លែផ្កា ដែលផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ននៅក្នុង តំបន់ និងស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រជាជាតិនៅលើឆាកអន្តរជាតិ ៕