នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ អគ្គលេខាធិការក្រសួងការពារជាតិក្រោមការដឹកនាំ នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ អគ្គលេខាធិការក្រសួង ការពារជាតិ និងជាប្រធានអនុគណៈកម្មការពិធីការ និងបដិសនណ្ឋារកិច្ច នៃគណៈកម្មាការអន្តរក្រសួង ដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបានប្រជុំបូកសរុប និងដកពិសោធន៍ការអនុវត្តភារកិច្ចកន្លងមក របស់អនុគណៈកម្មាធិការពិធីការ និងបដិសណ្ឋារកិច្ចនៃគណៈកម្មការអន្តរក្រសួងដែលបានរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូកកន្លងមកហើយ និងត្រៀមបន្តក្នុងការ រៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននាពេលខាងមុខ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២២ នេះ។
នៅក្នុងកិច្ចពិភាក្សាក្នុងឱកាសនោះ មន្ត្រីនៃអនុគណៈកម្មាការនីមួយៗបានរកឃើញនៅចំណុចល្អ និងចំនុច ខ្វះខាត មួយចំនួន ដែលកន្លងមកអនុគណៈកម្មការដែលបានទទួលបន្ទុក រៀបចំទទួលធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំ ឧត្តមមន្ត្រី ការពារជាតិអាស៊ាន និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូកបាន រំលេចឡើងនូវស្នាដៃ ក្នុងការអនុវត្ត ភារកិច្ច បានល្អគ្រប់ផ្នែកធ្វើឲ្យកិច្ចប្រជុំអាស៊ាននេះបានដំណើរការដោយរលូនហើយមិនមានអ្វីដែលនាំឲ្យរាំងស្ទះនៅក្នុងដំណើរការកិច្ចប្រជុំឡើយ។ ដោយឡែកចំពោះ ចំណុចខ្វះខាត នៃ ការងារពិធីការ និងការងារបដិសណ្ឋារកិច្ច ក្នុងកិច្ចប្រជុំកន្លងមកគឺកើតឡើង ដោយ សត្យានុម័ត និយាយរួមគឺ ចំណុច ខ្វះខាតមានតិចតួចបំផុតដែលយើងអាចកែរលម្អបាន ហើយនិងត្រៀម លក្ខណៈឲ្យបានល្អ ប្រសើរថែមទៀត នៅពេលអនុវត្តភារកិច្ចបំរើ ឲ្យការ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រី ការពារ ជាតិអាស៊ាន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ានបូក លើកទី៩ នៅខែមិថុនា និងខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
នាយឧត្តមសេនីយ៍ សំ វណ្ណថន បានថ្លែងកោតសរសើរអនុគណៈកម្មាធិការពិធីការនិង បដិសណ្ឋារកិច្ច នៃគណៈកម្មការអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងដោយយកអស់ស្មារតី កំលាំងកាយ កំលាំងចិត្ត បំរើឲ្យកិច្ច ប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំឧត្តមមន្ត្រី ការពារជាតិអាស៊ានបូក កន្លងមកទទួលបានជោគជ័យ និងបានបង្ហាញនូវមុខមាត់របស់ប្រទេសជាតិ ដែលបានទទួលធ្វើជាម្ចាស់ ផ្ទះ ក្នុងកិច្ចប្រជុំអាស៊ានជាបន្តបន្ទាប់។ ឯ.ឧ សង្ឃឹមថា ឆ្លងកាត់ការប្រជុំដកពិសោធន៏នៅថ្ងៃនេះ យើងនឹងធ្វើការកែរលំអររាល់ចំណុចខ្វះខាតដែលនៅសេសសល់ខ្លះៗ ដើម្បីបំពេញបន្ថែមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន បន្តនាពេលខាងមុខ ៕