ក្រសួងការពារជាតិ កម្ពុជា វៀតណាម បានប្រារព្ធពិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនគោក កម្ពុជា វៀតណាម ថ្នាក់រដ្ឋមន្ត្រីការពារជាតិ លើកទី១ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ ក្នុងជំនួបនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបប្រជុំទ្វេភាគី រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំងពីរ កម្ពុជាវៀតណាម នៅមជ្ឈមណ្ឌលបំពាក់បំប៉នផ្នែកនយោបាយ ស្រុកឡុកនិញ ខេត្តប៊ិញភឿក ប្រទេសវៀតណាម។
មុននឹង ប្រារព្ធពិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនគោក កម្ពុជា វៀតណាម ថ្នាក់រដ្ឋមន្ត្រីការពារជាតិ លើកទី១ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរកម្ពុជា វៀតណាម បានជួបស្វាគមន៍គ្នាទៅវិញទៅមក នៅបង្គោលព្រំដែន លេខ ៦៩ ច្រកអន្តរជាតិត្រពាំងស្រែ - ហ័រលឺ ព្រំដែនកម្ពុជា វៀតណាម ក្នុងស្រុកស្នួល ខេត្តក្រចេះ និង ស្រុកឡុកនិញ ខេត្ត ប៊ិញភឿក ប្រទេសវៀតណាម។ នៅក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ និង នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង បានគោរពបង្គោលព្រំដែន ដាំដើមឈើមិត្តភាព និង ថតរូបអនុស្សាវរីយ៍ រវាងគណៈប្រតិភូក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជា វៀតណាម ក្នុងមនោសញ្ចេតនារីករាយ រាក់ទាក់យ៉ាងក្រៃលែង រវាងកងទ័ពទាំងពីរកម្ពុជា និងវៀតណាម។ ក្នុងពិធី នោះរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរ ក៏បានទស្សនាការល្បាតរួមគ្នា រវាងកងការពារព្រំដែនគោក ប្រទេសទាំងពីរ កម្ពុជា វៀតណាមផងដែរ។
នៅក្នុងកិច្ចប្រជុំ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងការអបអរសាទរចំពោះ កិច្ចសន្ទនា ថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជាវៀតណាម លើកទី៥ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងលទ្ធផលជាផ្លែផ្កា។ ក្នុងនាមក្រសួងការពារជាតិកម្ពុជា សម្តេចពិជ័យសេនា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ កម្ពុជាវៀតណាម ក្នុងការសម្រេចបានក្នុងឆមាសទី ១ ឆ្នាំ២០២២។ សម្តេចពិជ័យសេនា បានបន្តថា ផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការឆ្នាំ២០២២នេះ ក្រសួការពារជាតិទាំងពីរបានបន្តធ្វើជាមួយគ្នាយ៉ាងជិតស្និត និងលើកកម្ពស់បន្ថែមទៀត ក្នុងការប្រើប្រាស់ប្រកបដោយសក្តិសិទភាពនូវយន្តការទ្វេភាគី ដែលមានស្រាប់។ ក្រសួងការពារជាតិទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងកងទ័ពជើងគោក កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៃខ.ភ.ម ជាមួយបញ្ជាការដ្ឋានការពារព្រំដែន កងទ័ពប្រជាជនវៀតណាម សំដៅបង្កើនបន្ថែមនូវទំនាក់ទំនងយោធា សន្តិសុខ កសាងខ្សែព្រំដែនសន្តិភាព មិត្តភាព ស្ថេរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ វិទ្យាសាស្ត្របច្ចេកទេស និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ពិសេសប្រជាជនរស់នៅតំបន់ព្រំដែន។
នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនគោក កម្ពុជាវៀតណាម ថ្នាក់រដ្ឋមន្ត្រីការពារជាតិ លើកទី១នេះ ហើយវៀតណាមនឹងរួមសហការរៀបចំពិធីជារៀងរាល់ឆ្នាំ។ ឯកឧត្តម បានវាយតម្លៃផងដែរ ចំពោះទំនាក់ទំនងមិត្តភាព នៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា ហើយកន្លងមកទោះបីមានជម្ងឺរាតត្បាលនៃជម្ងឺកូវីដ-១៩ ក៏ដូចជាការវិវត្តន៍ស្ថានភាពស្មុគស្មាញពិភពលោក និងក្នុងតំបន់ក៏ដោយ ប៉ុន្តែវៀតណាម និងកម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងរឹងមាំ។
នៅក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកកិច្ចសហប្រតិបត្តិការ រវាងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយមេបញ្ជាការកាពារព្រំដែនវៀតណាម ៕