សន្តិភាពពិតជាមានតម្លៃសម្រាប់ជីវិតមនុស្ស បើគ្មានសន្តិភាព អ្វីៗក៏គ្មានដែរ នេះជាប្រសាសន៍របស់ ឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គបញ្ជាការ ដែលបានថ្លែងក្នុងពិធីសំណេះសំណាល ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ បទបញ្ជាអគ្គមេបញ្ជាការ ប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរក្រសួងការពារជាតិ និងអគ្គបញ្ជាការជូនដល់នាយទាហាន ដែលមានស្នាមដៃក្នុងក្រុមការងារស្រាវជ្រាវយុទ្ធសាស្រ្តយោធាថ្នាក់អគ្គបញ្ជាការឆ្នាំ ២០២១ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ នៅសាលប្រជុំខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន។
នៅក្នុងឱកាសនោះ អង្គពិធីទាំងមូលក៏បានសម្រួមកាយចិត្តស្មឹងស្មាត១នាទី ដើម្បីគោរពវិញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដើម្បីរំលឹកដឹងគុណដល់វីរភាពដ៏ធំធេងរបស់សម្តេច ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិរយៈពេលកន្លងមក និងគោរពវិញាណក្ខន្ធ ឧត្តមសេនីយ៍ទោ រៀល មាលី សមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គបញ្ជាការផងដែរ។
បន្ទាប់ពីផ្សព្វផ្សាយក្រមសីលធម៌សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោត ស្តាប់សម្លេងប្រសាសន៍ណែនាំរបស់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ពិធីប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរក្រសួងការពារជាតិ និងអគ្គបញ្ជាការជូនដល់នាយទាហាន ដែលមានស្នាដៃក្នុងក្រុមការងារស្រាវជ្រាវយុទ្ធសាស្រ្តយោធាថ្នាក់អគ្គបញ្ជាការឆ្នាំ ២០២១ រួចមក ឯកឧត្តម មាស វណ្ណា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នងដំណាក់កាល ដែលប្រទេសជាតិបានឆ្លងកាត់ជម្ងឺកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ។ ឯកឧត្តមបានលើកឡើងថា៖ សន្តិភាពដែលបានកើតមានអស់រយៈពេលជាង ២ទស្សវត្សរ៍មកនេះ បានផ្តល់ឱកាសឲ្យកម្ពុជាធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ហើយពលរដ្ឋរួមរស់ប្រកបដោយភាពសុខដុមរមនា។ ឯកឧត្តម បានថ្លែងការកោតសរសើរដល់នាយទាហាន ក្នុងក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គបញ្ជាការទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ ឯកឧត្តម បានបញ្ជាក់ពីការចងចាំជានិច្ច ចំពោះគុណូបការៈដ៏ឧត្តង្គឧត្តមរបស់ថ្នាក់ដឹកនាំ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុន រំដោះមាតុភូមិកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ រហូតទទួលបានសន្ដិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន។ ឯកឧត្តម បានបន្តថា៖ ក្នុងបរិបទ នៃការរីករាលដាលសកល នៃជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានបន្តស្រោចស្រង់ និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាពីមាត់ជ្រោះមរណៈជាលើកទី៣ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ តាមរយៈការដាក់ចេញវិធានការសមស្រប និងការស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនពលរដ្ឋ បង្កើតភាពសាំ ដែលគុណបំណាច់ និងសមិទ្ធផលដ៏ធំធេងនេះ ពិតជាមានតម្លៃ សំរាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ ៕