សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសំដែងនូវការ អបអរសាទរ និងស្វាគមន៍ចំពោះ វរសេនីយ៍ឯកពិសេស ថាំង ហាវ ដែលបានមកបំពេញបេសកកម្មការទូត នៅកម្ពុជាហើយតាមរយៈបេសកកម្មនេះ កងទ័ពប្រទេសទាំងពីរ នឹងបន្តពង្រឹងពង្រីកចំណងទាក់ទងមិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតថែមទៀត។ សម្តេចពិជ័យសេនាបានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចបានអនុញ្ញាត្តឱ្យ វរសេនីយ៍ឯកពិសេស ថាំង ហាវ ប្រធានការិយាល័យអនុព័ន្ធយោធាចិន ដែលទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម បង្ហាញមុខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីស្តីការក្រសួងការពារជាតិនារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។ សម្តេចក៏បានបញ្ជាក់ថា៖ តាមរយៈបេសកកម្មការទូតនេះ កងទ័ពប្រទេសយើង ទាំងពីរ នឹងបន្តពង្រឹងពង្រីកចំណងទាក់ទងមិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតថែមទៀត។ សម្តេចពិជ័យ បានបន្តទៀតថា៖ ក្រោមការបង្ហាញផ្លូវរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ចំណង មិត្តភាពជាប្រពៃណី កម្ពុជា-ចិន ត្រូវបានពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់ កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបមិនអាចបំបែកបាន។
សម្តេចពិជ័យសេនា ក៏បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជា លើការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកត្តាជោគជ័យនេះ បានដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល, ការចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋ និងមានការជួយឧបត្ថម្ភគាំទ្រពីសំណាក់មិត្តចិន និងបណ្តាប្រទេស ជាមិត្ត រួមនឹងអង្គការសុខភាពពិភពលោកផងដែរ។ លើកិច្ចសហការ រវាងកងទ័ពប្រទេសទាំងពីរ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្នតែងបានឧបត្ថម្ភគាំទ្រធំធេងដល់កងយោធពលខេមរភូមិន្ទ ពិសេសលើការបណ្ដុះ បណ្ដាល ធនធានមនុស្សជាប់ជាប្រចាំ។ សម្តេចពិជ័យសេនា បានសំដែងនូវក្តីសង្ឃឹមថា៖ ក្រោយស្ថានការណ៍ជំងឺកូវីដ-១៩បានធូរ ស្រាល ប្រទេសទាំងពីរ នឹងបន្តរួមគ្នាអនុវត្តនូវកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជំរៅថែមទៀតព្រមទាំង ស្នើដល់កងទ័ពរំដោះប្រជាជនចិនជួយដល់ ខភម លើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកសាងធនធានមនុស្សបន្តទៀត។
នៅក្នុងឱកាសនោះ វរសេនីយ៍ឯកពិសេស ថាំង ហាវ បានថ្លែងអំណរគុណចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសមនាពេលនេះ ព្រមទាំងបានលើកបង្ហាញពីចំណងទាក់ទងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរដែលមានជាយូរលង់ហើយ។ លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានថ្លែង ជូនពរចំពោះ សម្តេចពិជ័យសេនា និងនាយទាហានចំណុះក្រសួងការពារជាតិទាំងអស់ ព្រមទាំង ក្រុមគ្រួសារ ក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ សូមឲ្យជួបប្រទះ សេចក្តីសុខ នឹងសុខភាពល្អ ដើម្បីបំពេញភារកិច្ចជូនប្រទេសជាតិ មាតុភូមិជារៀងរហូត។ វរសេនីយ៍ឯកពិសេស ថាំង ហាវ ក៏បានបញ្ជាក់ថា ៖ ក្រោមការដឹកនាំរបស់ សម្តេចពិជ័យសេនា លោកនឹងខិតខំអស់ពីលទ្ធភាព ដើម្បីបន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ឲ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ៕