ត្រូវតែធ្វើការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉នកីឡាករ កីឡាការិនី គ្រូបង្វឹក ដើម្បីបង្កើនសមត្ថភាព គុណភាព គុណផលកីឡា និងប្រសិទ្ធភាពការងារ ព្រោះថាធនធានមនុស្ស គឺជាធាតុដ៏សំខាន់បំផុត ក្នុងការអភិវឌ្ឍ វិស័យកីឡា ក្នុងកងយោធពលខេមរភូមិន្ទ ដូចនេះត្រូវរៀបចំកម្មវិធីអភិវឌ្ឍសមត្ថភាព ដល់នាយទាហាន ជំនាញកីឡាករ កីឡាការិនី ជាមួយនឹងចំណេះដឹង ជំនាញបច្ចេកទេស បទពិសោធន៍ថ្មីៗ ដែលពាក់ព័ន្ធ ទៅនឹងតួនាទី ភារកិច្ចវិស័យកីឡា ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023)។
ខាងលើនេះគឺជាប្រសាសន៏របស់ នាយឧត្តមសេនីយ៏ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ដែលបានលើកឡើងក្នុងពិធីប្រជុំបូកសរុបការងារកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២១ និងទិសដៅឆាំ្ន២០២២ របស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។ ឯកឧត្តម ឃឹម ប៊ុនសុង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលវិស័យកីឡា ដែលសម្រេចបាន របស់មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ នៅក្នុងឆ្នាំ២០២១។ ទោះបីស្ថិតក្នុងបរិបទ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាសកលយ៉ាងណាក្តី ប៉ុន្តែមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នៅតែខិតខំអនុវត្តភារកិច្ចបន្ត ដែលក្រសួងការពារជាតិប្រគល់ជូនសម្រេចជោគជ័យគួរកត់សម្គាល់ និងជាទីមោទនៈ។ ការណ៍នេះបានឆ្លុះបញ្ចាំងពីស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយឆន្ទៈមោះមុតរបស់នាយទាហាន គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានខិតខំយកចិត្តទុកដាក់ទាំងកម្លាំងកាយ កម្លាំងចិត្ត ស្របតាម ផែនការ កែទម្រង់កងយោធពលខេមរភូមិន្ទ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ពិសេសផែនការមេ របស់គណៈកម្មាធិការជាតិ ខេម សុខ (CAMSOC) ដែលបានដាក់ចេញ។ ឯ.ឧ រដ្ឋលេខាធិការបានបន្តទៀតថា៖ ដើម្បីរួមចំណែកក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ ត្រូវយកចិត្តទុកដាក់ពង្រឹងការងារគ្រប់គ្រងកម្លាំងឱ្យមានប្រសិទ្ធភាព ធ្វើការត្រួតពិនិត្យ និងចាត់វិធានការចំពោះបុគ្គលមិនគោរពវិន័យ បទបញ្ជា របស់អង្គភាព ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាពការងារដែលប្រគល់ជូន។ ទទឹមនេះពង្រឹងការយកចិត្តទុកដាក់ ថែទាំឧបករណ៍ សម្ភារៈ មធ្យោបាយ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានបំពាក់ជូន យកចិត្តទុកដាក់ ពិនិត្យ ថែទាំសុខភាពដល់កីឡាក កីឡាការិនី គ្រូបង្វឹក លើកកម្ពស់គុណភាពរបបអាហារ ថែទាំសុខភាព តាមនិយាមវេជ្ជសាស្ត្រកីឡា ឲ្យសមស្របតាមតម្រូវការកីឡា មានអនាម័យសុខភាព និងត្រូវបន្តគោរពវិធានការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូវីដ-១៩ តាមវិធានការអភិបាលកិច្ចល្អ និងវិធានការ “៣ការពារ” និង “៣កុំ”។
បើយោងតាមរបាយការណ៏បូកសរុបការងារកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២១ និងទិសដៅឆាំ្ន ២០២២ របស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា៖ មជ្ឈមណ្ឌលកីឡាខ.ភ.ម បានរៀបចំប្រភេទកីឡាចំនួន ២០ប្រភេទ។ ហើយរដូវកាលឆ្នាំ២០២១ ក្រុមកីឡាកងយោធពលខេមរភូមិន្ទ ដណ្ដើមបានស្នាដៃល្អប្រសើរឈានមុខ លើការប្រកួតតាមប្រភេទកីឡា គ្រងជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ លើ០៣ ប្រភេទកីឡា នាំមុខតាមសហព័ន្ធ ទទួលបានមេដាយមាសច្រើនជាងគេ ក្នុងចំណោម ១៩ប្រភេទកីឡា នៅសល់ ១២ប្រភេទកីឡាទៀត នឹងបន្តការប្រកួតឆ្នាំ២០២២។
ក្នុងរបាយការណ៏បានឲ្យដឹងទៀតថា៖ នៅក្នុងឆ្នាំ២០២១ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានទទួលថវិកាចំនួន ៤៥ម៉ឺនដុល្លារអាមេរិកពី លោកឧកញ៉ា វីរៈពុជុង ស៊ុផាកឆៃ អគ្គនាយក ស្ថានីយ៍វិទ្យុ និង ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ សម្រាប់ទ្រទ្រង់ប្រភេទកីឡាបាល់ទាត់ ក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ក្នុងនោះ ១៥ម៉ឺនដុល្លារអាមេរិក សម្រាប់រៀបចំជួសជុលទីលានបាល់ទាត់ថ្មី និង៣០ ម៉ឺនដុល្លារអាមេរិក សម្រាប់ការហ្វឹកហាត់ និងការប្រកួត ឆ្នាំ២០២១។ ដោយឡែកការចំណាយលើការងាររដ្ឋបាល បច្ចេកទេស ការហ្វឹកហាត់ ការប្រកួត និងគូតាមប្រភេទកីឡា មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទម្ចាស់ការច្នៃប្រឌិត។ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ក៏បានទទួលសម្ភារៈកីឡាចំនួន ៨៣មុខ លើ១៤ ប្រភេទកីឡា ពីក្រុមហ៊ុន អ-រៀន-ណូ-បល-អ៊ីនទែណាស់ សិន-ណាល់-រីល-អ៊ី-ស្តេត-ឌីវឺឡូប ភឺ មិន (ORIENT NOBLE INTERNATIONAL REAL ESTATE DEVELOPMENT CO.,LTD) សម្រាប់បម្រើការ ហ្វឹកហាត់ និងការប្រកួតផងដែរ ៕