ព័ត៌មាន

មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ឯក​អគ្គរាជ​ទូត​ជប៉ុន​ ប្រចាំ​នៅ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
455
2733 មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ឯក​អគ្គរាជ​ទូត​ជប៉ុន​ ប្រចាំ​នៅ​កម្ពុជា​

       នា​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០២១​ នៅ​ទី​បញ្ជាការ​កង​ទ័​ពជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន​ ​ម៉ាណែត​ អគ្គ​មេ​បញ្ជាការ​រង​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ ឯកឧត្តម ​មី​ការ​មី​ ម៉ា​សារ​ហ៊ី​រ៉ូ​ ​​(Mikami Masahiro) ​ឯកអគ្គ​រាជ​ទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​​ជប៉ុន​ ប្រ​ចាំ​នៅ​កម្ពុជា​។​ ជំនួប​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​សំខាន់​ ដើម្បី​ពិភាក្សា​អំពី​ការ​អញ្ជើញ ​ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​ នៅ​ក្នុ​ង​ប្រទេស​ជប៉ុន​ នា​ពេល​ខាង​មុខ​។​

         ឯកឧត្តម​ ឯក​អគ្គ​រាជ​ទូត ​បាន​លើក​ឡើង​អំពី​ទំនា​ក់​ទំនង​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​ លើ​គ្រប់​វិស័យ​ រវាង​ប្រទេស​ទាំង​ពីរ​ ​កម្ពុជា​-​ជប៉ុន ​ដែល​ក្នុង​នោះ ​ទំនាក់​ទំនង​លើ​វិស័យ​ការ​ពារ​ជាតិ​ ក៏​បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ដ៏​សំខាន់​មួយ​ គឺ​ការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​របស់​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា ​កាល​ពី​ឆ្នាំ​១៩៩២​ ហើយ​ក៏​ជាកា​រ​បញ្ជូន​កង​ស្វ័យ​ការ​ពារ​ជប៉ុន​ចេញ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​របស់​ជប៉ុន​ផង​ដែរ​។​ ក្នុង​ន័យ​នេះ ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​ ឯកឧត្តម ​ហ៊ុន​ ម៉ា​ណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ ទៅ​កាន់​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​២០២២​ គឺ​ចំ​ពេល​នៃ​កា​រ​ប្រារព្ធ​ខួប ​ទី​៣០​ឆ្នាំ ​នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ​ នៃ​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​នេះ​។​ ឯកឧត្តម​ ឯក​អគ្គ​រាជ​ទូត ​ក៏​បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​បាន​ទប់​ស្កាត់​ការ​រីក​រា​លដាល​នៃ​ជំងឺ​កូវីដ​-​១៩​ ប្រកប​ដោយ​ជោគ​ជ័យ​ ជា​ពិសេស​ការ​ចូល​រួម​យ៉ាង​សស្រាក់​សស្រាំ​ពី​សំណាក់​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្រោម​ការ​ដឹក​នាំ​ផ្ទាល់​របស់​ ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​ជា​មេ​បញ្ជាការ​។​ លើស​ពី​នេះ ​ឯកឧត្តម​ ឯក​អគ្គរាជ​ទូត​ ក៏​បាន​បង្ហាញ​នូវ​ការ​បេ្តជ្ញា​ បន្ត​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការ​ពារ​ជាតិ​ រវា​ង​ប្រទេស​ទាំង​ពី​រ ទោះ​បី​ជា​មាន​ការ​រំខាន​ដោយ​សារ​កត្តា​ជំងឺ​កូវីដ​-​១៩ ​យ៉ាង​ណា​ក៍​ដោយ​។​

         ឆ្លៀត​ក្នុង​ឱកា​ស​នោះ ​ឯកឧត្តម​ ឯក​អគ្គរា​ជ​ទូត ​ក៏​បាន​សម្តែង​នូវ​ការ​កោត​សរសើ​រចំពោះ​ សមេ្តច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​បាន​ផ្តួច​ផ្តើម​គំនិត​ធ្វើ​ឱ្យ​មាន​ការ​កែ​លម្អ​ស្ថាន​ភាព​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ និង​បាន​គូស​ប​ញ្ជាក់ថា​៖ ប្រទេស​ជប៉ុន​ប្តេជ្ញា​ជួយ​ដល់​កម្ពុជា ក្នុង​ការ​បំពេញ​ភារកិច្ច​ជាប្រធា​ន​អាស៊ាន​ ឆ្នាំ​២០២២​នេះ ​ឱ្យ​ទទួល​បាន​ជោគ​ជ័យ​។​ ទន្ទឹម​នោះ​ផង​ដែរ​ ឯកឧត្តម ​ឯកអគ្គ​រាជ​ទូត ​ក៏​បាន​អបអរសា​ទរ​ដែល​ ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត​ ត្រូវ​បាន​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៤៣ ​បោះ​ឆ្នោ​ត ជ្រើស​តាំង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ សម្រាប់​ពេល​អនាគត​។​

        ជា​ការ​ឆ្លើយ​តប​ ឯកឧត្តម​ ហ៊ុន​ ​ម៉ាណែត ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រាជ​រដ្ឋាភិបាល ​និង​ប្រជាជន​ជប៉ុន​សម្រាប់​ចំណង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ដ៏​ល្អ​តាំង​ពី​អតីត​កាល​មក​ ជា​អាទិ៍​ការ​ចូល​រួម​ចំណែក​ក្នុង​ដំណើរ​ការ​ស្វែង​រក​​សន្តិភាព​នៅ​កម្ពុជា​ និង​ការ​ផ្ត​ល់​ជំនួយ​ក្នុង​ការ​កសាង ​និង​អភិវឌ្ឍ​កម្ពុជា​ក្នុង​វិស័យ​សំខាន់ៗ​ជា​ច្រើន​ ក៏​ដូច​ជា​ជំនួយ​ឧត្ថម្ភ​នានា​ ក្នុង​ពេល​ចំពោះ​មុខ ​សម្រាប់​កា​រប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-​១៩ ​និង​ការ​ស្តារ​សេដ្ឋ​កិច្ច​ឡើង​វិញ​នៅ​ក្រោ​យ​ទទួល​រ​ងផល​ប៉ះ​ពាល់​ពី​វិបត្តិ​កូវីដ​-​១៩​។​ ឯកឧត្តម​ មេប​ញ្ជាការ​កង​ទ័ព​ជើង​គោក​ ក៍​បាន​ថ្លែង​អំណរ​គុណ​សម្រា​ប់​ការ​អញ្ជើញ ​ឯកឧត្តម​ ទៅ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន​ ជា​ពិសេស​ស្រប​ពេល​នៃ​ការ​ប្រារព្ធ​ខួប​ ទី​៣០​ នៃ​ប្រតិបត្តិការ​រក្សា​សន្តិភាព​ជា​ប្រវត្តិ​សាស្ត្រ​របស់​ជប៉ុន​នៅ​កម្ពុជា​។​ ក្នុង​ឱកាស​នោះផ​ង​ដែរ​ ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កង​ទ័​ពនៃ​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​សកម្មភាព​ក្នុង​ក្រប​ខ័ណ្ឌ​កង​ទ័ព​ជើង​គោក​ ដែល​មាន​ដូច​ជា​៖​ ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​សិក្សា ​និង​ការ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ជា​ដើម​ ហើយ​សង្ឃឹម​ថា​សកម្មភាព​ទាំង​នេះ​ នឹង​ចាប់​ផ្តើម​មាន​សន្ទុះ​ឡើង​វិញ​នៅ​ក្រោយ​ស្ថាន​ភាព​ជំងឺ​កូវីដ​-​១​៩​ បាន​ធូរ​ស្រាល​​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ