នាយនាវី នាយនាវីរង ពលនាវឹក កងទ័ពជើងទឹក និងគ្រួសារកងទ័ព ចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ បន្ទាប់ពីបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង៣ដូសរួចរាល់គ្រប់ៗគ្នាកន្លងមក។ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី៤នេះ បានប្រព្រឹត្តិទៅនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រោយចង្វារ ដោយមានការចូលរួមពី នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ព្រមទាំង ឯកឧត្ដម មេបញ្ជាការរង កងទ័ពជើងទឹក និងគ្រួសារកងទ័ពជើងទឹក យ៉ាងច្រើនកុះករ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ជូនដល់ នាយនាវី នាយនាវីរង ពលនាវឹក កងទ័ពជើងទឹក និងគ្រួសារកងទ័ព ចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹកឱកាសនោះ ឯកឧត្តម ទៀ វិញ ក្នុងនាមនាយនាវី នាយនាវីរង ពលនាវឹក កងទ័ពជើងទឹក និងគ្រួសារកងទ័ព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែបានគិតគូរពីសុខទក្ខ សុខមាលភាពរបស់កងទ័ព គ្រួសារកងទ័ព ក៏ដូចជាប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការទាំងអស់ឲ្យរួចជៀសផុតពីជំងឺរាតត្បាតកូវីដ-១៩ ដោយសម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង តាមរយៈការបញ្ជាទិញ និងជំនួយវ៉ាក់សាំងពីបរទេស យកមក ចាក់ជូនកងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ ចាប់តាំងពី ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដែលកំពុងចាប់ផ្តើមដំណើរការនាពេលនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទៀ វិញ បានក្រើនរំលឹកដល់ នាយនាវី នាយនាវីរង ពលនាវឹក កងទ័ពជើងទឹក និងគ្រួសារកងទ័ព ចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹកទាំងអស់ បើទោះបីជាបានចាក់វ៉ាក់សំាងដូសជំរុញលើកទី៣ និងលើកទី៤នេះហើយយ៉ាងណាក្តី សូមបងប្អូនបន្តអនុវត្តវិធានការសុខាភិបាល “បីការពារ បីកុំ” ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទើបអាចទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩នេះ រីករាលដាលនៅក្នុងគ្រួសារ អង្គភាព និងសង្គមជាតិទាំងមូល។ នៅក្នុងឱកាសនោះកងទ័ព គ្រួសារកងទ័ពជើងទឹកទាំងអស់ បានសំដែងក្តីសប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែង ស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកចាក់ជូន ដើម្បីការពារអាយុជីវិត កងទ័ព ប្រជាពលរដ្ឋ ពីជំងឺដ៏កាចសាហាវនេះ ហើយការអនុវត្តគោលនយោបាយវ៉ាក់សំាង រហូតមកដល់ពេលនេះទទួលបាន ជោគជ័យ នឹងឈានដល់ការបើកសង្គម និងសេដ្ឋកិច្ចបានឡើងវិញជាប្រក្រតីនៅពេលនេះ។ ជាចុងក្រោយ ឯកឧត្តម ទៀ វិញ បានអំពាវនាវ បងប្អូនក្រុមគ្រួសារកងទ័ពជើងទឹក ដែលមិនទាន់បានអញ្ជើញទៅចាក់វ៉ាក់សាំងក្នុងពេលកន្លងមក ដោយសារមានបញ្ហាសុខភាព ឬដោយកត្តាផ្សេងៗ សូមអញ្ជើញទៅចាក់វ៉ាក់សាំងនៅ តាមមណ្ឌលសុខភាព ឬកន្លែងដែលភ្នាក់ងារសុខាភិបាលបានកំណត់ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី(អូមីក្រុង) ព្រមទាំងត្រូវបន្តអនុវត្តន៍ឲ្យខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ សម្ដេចតេជោ ហ៊ុន សែន ជាប់ជានិច្ចថែមទៀត ៕