កងទ័ព និងគ្រួសារកងទ័ព ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ម្ជុលទី៤ (ដូសជម្រុញ) បន្ទាប់ពីគាត់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង០៣ដូសរួចរាល់គ្រប់ៗគ្នា។ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ បានធ្វើនៅកងអនុសេនាធំដឹកជញ្ជូន ការិយាល័យទី៤ កងទ័ពជើងគោក ទទួលចាក់ដោយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទ័ពជើងគោក នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយសម្តេចបានគិតគូរពីសុខទក្ខ សុខមាលភាពរបស់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការទាំងអស់ឲ្យរួចជៀសផុតពីជំងឺរាតត្បាតកូវីដ-១៩ ដោយសម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង តាមរយៈការបញ្ជាទិញ និងដោយជំនួយវ៉ាក់សាំងពីបរទេសបានចាក់ជូនកងទ័ព គ្រួសារ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការមានវ៉ាក់សាំងដូសទី១ ដូសទី២ វ៉ាក់សាំងកុមារ និងដូសទី៣ និងដូសទី៤ (ដូសជម្រុញ) ដែលកំពុងចាប់ផ្តើមដំណើរការនាពេលនេះ។
ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានបន្តទៀតថា៖ អនុវត្តតាមបទបញ្ជាប្រធានអនុគណៈកម្មការចំពោះកិច្ចក្រសួងការពារជាតិ និងបទបញ្ជាមេបញ្ជាការកងទ័ពជើងគោក បានប្រគល់ភារកិច្ចឲ្យក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទ័ពជើងគោក ទទួលខុសត្រូវ ហើយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ នាពេលនេះ ក៏បាននឹងកំពុងតែចាប់ផ្តើមទៅតាមការគ្រោងទុក និងប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់នាយ ពលទាហាន និងគ្រួសារទ័ពទទួលវ៉ាក់សាំងកូវីដ-១៩ នេះគ្រប់ៗគ្នារួចរាល់ និងបានសំណូមពរដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារ ថ្វីត្បិតបានទទួលចាក់វ៉ាក់សាំងដូសទិ៤ ហើយក្តី ត្រូវប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ និងវិធាននានា របស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ។
នៅក្នុងឱកាសនោះកងទ័ព គ្រួសារកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោកទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលនៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា៖ ពេលវេលាដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ម្ជុលទី៤ (ដូសជម្រុញ) ដល់កងទ័ព និងគ្រួសារ ចាប់ដំណើរការពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ពេលព្រឹកចាប់ពីម៉ោង៦ៈ៤០នាទី និងពេលល្ងាចចាប់ពីម៉ោង១២ៈ៣០នាទី ថ្ងៃត្រង់ជាកំណត់ ៕