កាលពីព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង តំណាង នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធតិបតីភាព ក្នុងពិធីប្រកាសតែងតាំងមុខតំណែង លោក វរសេនីយ៍ទោ ហ៊ត សីហា ជាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកែប។ ពិធីនេះដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកស្នងការ ស្នងការរង នាយការយាល័យ មេបញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តកែប ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បានមានប្រសាសន៍ថា៖ ដោយមានការអនុញ្ញាតពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តាំងឱ្យ ឯកឧត្តម ធ្វើជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែងថ្មីនេះ ហើយ ឯកឧត្តម ស៊ិន សូផាន្នី បានសំដែងការអបអរសាទរចំពោះ លោក វរសេនីយ៍ទោ ហ៊ត សីហា ដែលត្រូវបានតែងតាំងជាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកែប នាពេលនេះ។ ឯកឧត្តម ស៊ិន សូផាន្នី បានបញ្ជាក់ថា៖ ក្នុងរយៈពេលកន្លងមក លោក វរសេនីយ៍ទោ ហ៊ត សីហា បានខិតខំបំពេញតួនាទីភារកិច្ច សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងពេលដែលលោកធ្វើជាមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ព្រះសីហនុ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយបានខិតខំបង្កើតបានស្នាដៃជាច្រើនលើការដឹកនាំកម្លាំងក្រោមឱវាទ ប្រតិបត្តិតួនាទីភារកិច្ច និងបេសកកម្មរបស់កងរាជអាវុធហត្ថទាំងការងារ បង្ការ បង្ក្រាប និងសង្គ្រោះ និងការអនុវត្តតួនាទីភារកិច្ច ជានគរបាលរដ្ឋបាល នគរបាលយុត្តិធម៌ តម្រួតយោធា និងការផ្តល់កម្លាំងទៅជួយអន្តរក្រសួង តាមការស្នើសុំ ដើម្បីពង្រឹងការអនុវត្តច្បាប់ រួមចំណែក ការពារ រក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ និងបានដឹកនាំកសាងអង្គភាពជំរុំជម្រក កន្លែងស្នាក់នៅ កន្លែងធ្វើការ អគារអប់រំបន្សាបសារធាតុញៀន ព្រមទាំងបានចូលរួមការងារសង្គមជាច្រើនតាមលទ្ធភាពជាក់ស្តែង ហើយត្រូវបានមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មានជំនឿទុកចិត្ត ព្រមទាំងបានប្រជុំពិនិត្យសម្រេចស្នើទៅអគ្គបញ្ជាការដ្ឋាន ដើម្បីតែងតាំងផ្លាស់ប្តូរមុខតំណែង ពីមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ មកធ្វើជាមេបញ្ជាការរង កងរាជអាវុហត្ថខេត្តកែប។
ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បានបន្ថែមថា៖ កងរាជអាវុធហត្ថកំពុងចូលរួមអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ក្នុងនោះកងរាជអាវុធហត្ថបានធ្វើកំណែទម្រង់ស៊ីជម្រៅទៅតាមអ្វីដែលជាកំណែទម្រង់ថ្នាក់ជាតិ កំណែទម្រង់ទាំងអស់នេះ គឺជាគំនិតផ្តួចផ្តើមរបស់ នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងកំពុងត្រូវបានអនុវត្ត និងមានបទដ្ឋានគតិយុត្តជាផ្លូវការណ៍រួចហើយដែរ ហើយកំណែទម្រង់ គឺដើម្បីពង្រឹងស្ថាប័ន អង្គភាព ការរៀបចំធនធានមនុស្ស។ ជាចុងក្រោយ ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង បានធ្វើការផ្តាំផ្ញើដល់នាយ នាយរង និងពលអាវុធហត្ថខេត្តកែបទាំងអស់ ត្រូវអនុវត្តការងារបង្ការ បង្ក្រាប និងសង្គ្រោះ គោរពបទបញ្ជា ច្បាប់លក្ខតិកៈ បទវិន័យទូទៅ មានក្រមសីលធម៌វិជ្ជាជីវៈ គោរពតួនាទីភារកិច្ច ពង្រឹងការអនុវត្តច្បាប់ រួមចំណែកការពារ រក្សាសុខសន្តិសុខ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត ៕