នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ប្រភេទ Pfizer ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារ កងទ័ព ក្នុងអង្គភាព អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ។
ក្នុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ នោះមានការចូលរួមពី នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការក្រសួងការពារជាតិ ព្រមទាំងអគ្គលេខាធិការរង ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន និងគ្រួសារកងទ័ព ដែលបានចាក់វ៉ាក់សាំងដោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សំ វណ្ណថន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់តាំងពីការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដែលបានចាក់ជូន នាយទាហាន នាយទាហានរង និង ពលទាហាន និងគ្រួសារកងទ័ពនាពេលនេះ។
សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវ៉ាត់ការពារទី១ ដ៏សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងការបង្កើនអោយបាននូវភាពស៊ាំក្នុងសហគមន៍ ទប់ទល់ នឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ហើយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងបង្ការជំងឺកូវីដ ១៩ តាមរយៈការចាក់វ៉ាក់់សាំងដូសទី១ ទី២ ទី៣ និងដូសទី៤ ក្នុងពេលពេលនេះ ដោយមានការចូលរួមយ៉ាងសកម្មពីគ្រូពេទ្យកងទ័ព បានធ្វើអោយអត្រាឆ្លងជំងឺកូវីដ-១៩ និងអត្រាស្លាប់ដោយជំងឺកូវីដ-១៩ នៅកម្ពុជាមានការថយចុះ ហើយរាជរដ្ឋាភិបាល ក៏បានបិទបញ្ចប់ព្រឹត្តិការសហគមន៍ ២០ កុម្ភៈ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ និងបានបើកប្រទេសជាតិអោយដំណើរឡើងវិញលើគ្រប់វិស័យ ជាមួយនឹងការរស់នៅតាមគន្លងថ្មី ជាប្រក្រតីក្នុងបរិបទកូវីដ-១៩ ៕