កាលពីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM) បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ម៉ៃខល ថិន អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកនយោបាយសន្តិសុខ អេ ភី អេស ស៊ី (APSC) ក្នុងឱកាសដែល ឯកឧត្តម អគ្គលេខាធិការរង បានអញ្ជើញមកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តម ណឹម សុវត្ថិ បានជំរាបជូន អំពីការៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ឋ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២២ នៅកម្ពុជានឹងប្រព្រឹត្តិទៅតាមមូលបទ «សាមគ្គីដើម្បីសន្តិសុខប្រកបដោយសុខដុម»។ កិច្ចប្រជុំក្នុងឱកាសនោះ បានពិភាក្សាលើការងារសំខាន់ៗមួយចំនួនសម្រាប់កម្ពុជាធ្វើជាប្រធាន ADMM និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ រួមមាន៖ ទី១-ឯកសារ និងខ្លឹមសាររបស់កម្ពុជាត្រៀមសម្រាប់ឆ្នាំ២០២២ (មូលបទ អាទិភាព សេចក្តីព្រាងឯកសារទស្សនាទាន/ ឯកសារពិភាក្សា/ សេចក្តីប្រកាសរួមរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក និងសេចក្តីថ្លែងការណ៍រួម របស់កម្ពុជា-សឹង្ហបុរី ស្តីពីការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩, ទី២-ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥, ទី៣-តួនាទីរបស់ស្ត្រី សន្តិភាព និងសន្តិសុខក្នុងអាស៊ាន ជាពិសេសការចូលរួមរបស់វិស័យការពារជាតិ, ទី-៤តួនាទីរបស់កងទ័ពក្នុងការទប់ស្កាត់ជំងឺរាតត្បាត និង ៥-តួនាទីរបស់ស្ត្រី ក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ នៅក្នុងកិច្ចប្រជុំនោះដែរក៏បានធ្វើការពិភាក្សា និងពិគ្រោះ ដែលទាក់ទងទៅនឹង ប្រវត្តិសាស្ត្រយោធាជាមួយនឹងសន្តិភាព ការបង្ហាញនូវបទពិសោធន៍ ដែលកម្ពុជាមានជាមួយនឹងការអនុវត្តនយោបាយឈ្នះ ឈ្នះ ការបញ្ចប់សង្គ្រាម និងថែរក្សាសន្តិភាព ជាមួយនឹងយុទ្ធសាស្ត្រនានា ដែលបានដឹកនាំដោយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលក្នុងនោះមាន សម្ដេចពិជ័យសេនា ជាប្រតិបត្តិករស្នូលដ៏សំខាន់ក្នុងការដឹកនាំអនុវត្ត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ណឹម សុវត្ថិ ក៏បានបង្ហាញទស្សនៈមួយដែលទាក់ទងទៅនឹងតំបន់គ្មានសង្គ្រាមស៊ីវិល ប្រសើរជាងការ ដែលមានសង្គ្រាមស៊ីវិល ហើយមានជម្លោះហើយ ហើយនាំគ្នាទៅខិតខំដោះស្រាយដោយប្រើរូបភាពផ្សេងៗ ដូចជាការខិតខំក្នុងវេទិកាតំបន់អាស៊ាន អេ អ អេស (ARF) ជាដើម។ ហើយគំនិតផ្តួចផ្តើម ដែលបានលើកឡើងពេលនោះ ត្រូវបានកត់ត្រាទុក និងពិចារណាបន្ថែម។
នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តម អគ្គលេខាធិការរងអាស៊ាន បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួបប្រជុំផ្ទាល់នៅកម្ពុជា និងបានរៀបរាប់នូវលទ្ធផលជាវិជ្ជមានមួយចំនួន នៃដំណើរទស្សកិច្ចរបស់ប្រតិភូអគ្គលេខាធិការអាស៊ាននៅកម្ពុជា។ ឯកឧត្តម ម៉ៃខល ថិន បានសំដែងការគាំទ្រចំពោះ មូលបទ និងឯកសារទស្សនទាន របស់ក្រសួងការពារជាតិកម្ពុជា សំរាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ ២០២២។ ឯកឧត្តម អគ្គលេខាធិការរងអាស៊ាន បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ស្រ្តីកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យរក្សាសន្តិភាព។
ក្នុងជំនួបកិច្ចប្រជុំជាផ្លែផ្កានោះ អង្គប្រជុំបានពិនិត្យឃើញ ការប្តេជ្ញារបស់អគ្គលេខាធិការដ្ឋានអាស៊ាន ក្នុងការគាំទ្រការធ្វើជាម្ចាស់ផ្ទះ ADMM និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ឯកសារដែលផ្តួចផ្តើមដោយកម្ពុជា ទាំងឯកសារទស្សនាទាន និងឯកសារពិភាក្សា ស៊ីសង្វាក់ ទៅនឹងស្ថានភាពបច្ចុប្បន្ន និងបញ្ហាអាទិភាពរបស់អាស៊ាន មានការផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងការសុំធ្វើជាអ្នកសង្កេតការណ៍ (Observership) របស់ Non-plus countries ព្រមទាំងការយល់ឃើញពាក់ព័ន្ធនឹងចក្ខុវិស័យអាស៊ានចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ដែលនៅតែមិនទាន់មានការឯកភាពគ្នាទាំងស្រុងក្នុងអាស៊ាន ៕