នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារលើកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។
មានប្រសាសន៏ក្នុងឱកាសនោះ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជា ណាចក្រកម្ពុជា ថ្លែងជំនួសមុខឲ្យរដ្ឋាភិបាលជប៉ុន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រសួងការពារជាតិកម្ពុជា ដែលបានអនុញាត្តឲ្យ ឯកឧត្តម បានចូលជួប សំដែងការគួរសម ដើម្បីបានពង្រឹងពង្រីក ចំណងទាក់ទង កិច្ចសហប្រតិបត្តិការ និងការសាមគ្គីភាព មិត្តភាព ឲ្យកាន់តែមាន ភាពជិតស្និទ្ធ។ ឯកឧត្តមក៏បាន បញ្ជាក់ថា៖ កន្លងមកដោយសារតែបញ្ហាការរីករាលដាល នៃជងឺកូវីដ-១៩ បានបណ្តាលឲ្យប្រទេសយើងទាំង២ អនុវត្តនូវកិច្ចសហប្រតិបត្តិការពុំបានល្អ ពិសេសលើផ្នែកយោធា។ ឯ.ឧ ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា៖ កងទ័ពជើងគោកជប៉ុន ក៏បានអញ្ជើញ ឯ.ឧ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននាពេលខាងមុខផងដែរ។ ឯ.ឧ បានបញ្ជាក់ទៀតថា៖ ឆ្នាំនេះជាខួបលើកទី៣០ឆ្នាំ ដែលកងទ័ពជប៉ុនបានបញ្ជូនកងទ័ពមួកខៀវ របស់ខ្លួនមកចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថាអ៊ុនតាក់។ ដូច្នេះកងកំលាំងស្វ័យការពាររបស់ជប៉ុន នឹងបញ្ជូននាវាចំនួន២ គ្រឿងមកចតនៅកំពង់ផែកម្ពុជា ដើម្បីប្រារព្ធពិធីខួប ៣០ឆ្នាំនេះ ព្រមទាំងមានការអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ជាអធិបតីភាពក្នុងពិធីនោះផងដែរ។ ឯ.ឧ ឯកអគ្គរដ្ឋទូត បានបន្ថែមទៀតថា៖ កន្លងមកជប៉ុនបានជួយក្រសួងការពារជាតិកម្ពុជា ផ្តោតសំខាន់ ជួយហ្វឹកហ្វឺនបណ្តុះបណ្តាលសិក្ខាកាម របស់ ខ.ភ.ម ទៅបណ្ដុះបណ្ដាលនៅសាលាបណ្ឌិតសភាការពារជាតិជប៉ុន ប្រទេសជប៉ុន មកទល់ថ្ងៃនេះ បានចំនួន ៥៥នាក់ហើយ។
មានប្រសាសន៏ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងកម្ពុជា-ជប៉ុន ដែលប្រទេសទាំងពីរតែង បានចូលរួមជួយគ្នាទាំងលើក្របខណ្ឌអន្តរជាតិ ទាំងក្នុងក្របខណ្ឌអាស៊ាន ជាពិសេសកម្ពុជា-ជប៉ុន មានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ សម្តេចពិជ័យសេនា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងកងទ័ពជប៉ុន ដែលបានចូលរួមចំណែក ជាមួយអង្គការសហប្រជាជាតិ ក្នុងការបញ្ជូនកងទ័ពមួកខៀវ របស់ខ្លួនមកចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅកម្ពុជា ដើម្បីស្វែងរកសន្តិភាពឲ្យកម្ពុជា។ ពាក់ព័ន្ធលើវិស័យយោធា សម្តេចពិជ័យសេនា បានគូសបញ្ជាក់ពីកិច្ចសហការល្អរវាងកងទ័ព ប្រទេសទាំងពីរ ក្នុងនោះកត្តាសំខាន់ គឺការជួយបណ្តុះបណ្ដាលធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ ក៏ដូចជាការផ្លាស់ប្ដូរ ទស្សនកិច្ចជាដើម។ សម្តេចពិជ័យសេនា បានអបអរសាទរ ខួប ៣០ឆ្នាំ នៃកងកំលាំងស្វ័យការពាររបស់ជប៉ុនចូលមកបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជា ជាតិ នៅកម្ពុជា។ សម្តេចពិជ័យសេនា ក៏បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ទៅថ្ងៃអនាគតជប៉ុន នៅតែជាមិត្តល្អរបស់កម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាយូរអង្វែង ៕