គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការរង ប្រធានក្រុមមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា នៃគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា រួមនឹងសមាជិក មានមន្ត្រីសម្របសម្រួល ជំនួយការបច្ចេកទេស សរុបចំនួន១០រូប បានចុះមកវាយតម្លៃផ្តល់ការទទួលស្គាល់ គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា នៅវិទ្យាស្ថានសុខាភិបាល នៃកងយោធពលខេមរភូមិន្ទនាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។
ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថាន បានលើកឡើងនូវប្រវត្តិសង្ខេបរបស់វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ.ភ.ម បង្កើតឡើងតាមសេចក្ដីសម្រេចរបស់ក្រសួងការពារជាតិ អតីតសាធារណៈប្រជាមានិតកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧៩ ជាមជ្ឈមណ្ឌលសិក្សាពេទ្យយោធាមជ្ឈឹម ដែលមានទីតាំងនៅរាជធានីភ្នំពេញ ដែលមានតួនាទីភារៈកិច្ចបណ្តុះបណ្តាលគ្រូពេទ្យមធ្យម ឱសថការីមធ្យម ពេទ្យបឋម ឱសថបឋម។ មជ្ឈមណ្ឌលសិក្សាពេទ្យយោធាមជ្ឈឹម បានប្រែក្លាយជាសាលាពេទ្យយោធានៅឆ្នាំ១៩៨០ សាលាពេទ្យយោធាបានប្រែក្លាយមកជា សាលាមធ្យមសិក្សាពេទ្យយោធានៅឆ្នាំ១៩៨៣ បានប្តូរទីតាំង មកនៅអតីតពេទ្យចិន (ពោធិ៍ចិនតុង) ស្ថិតនៅភូមិទឹកថ្លា ឆ្នាំ១៩៨៩។ បន្ទាប់មកជាសាលាពេទ្យកងយោធពលខេមរភូមិន្ទឆ្នាំ១៩៩៥ និងបានក្លាយជាវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៤ បច្ចុប្បន្នជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមអនុក្រឹត្យលេខ៩៧ អនក្រ.បក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៩ ក្រុមប្រឹក្សាអាណត្តិទី១ ត្រូវបានបង្កើតតាមអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៩។
ឯកឧត្តម បានបញ្ជាក់ថា៖ ដើម្បីត្រៀមខ្លួនទទួលការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំ ពីក្រសួងអប់រំ វិទ្យាស្ថានបានបង្កើតការិយាល័យធានាគុណភាពអប់រំផ្ទៃក្នុង របស់គណៈកម្មាធិការធានាគុណភាពអប់រំផ្ទៃក្នុងវិទ្យាស្ថាន ត្រូវបានបង្កើតឡើង។
លោកបណ្ឌិត រ័ត្ន ឆាង បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍រីកចម្រើនរបស់វិទ្យាស្ថាននាពេលនេះ។ លោកបណ្ឌិត រ័ត្ន ឆាង បានបញ្ជាក់ថា៖ យោងតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២១ របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា ក្រុមមន្ត្រីវាយតម្លៃ បានចុះមកវិទ្យាស្ថាន ចាប់ពីថ្ងៃទី០១ ធ្នូ ដល់ថ្ងៃទី១០ ធ្នូ ឆ្នាំ២០២១ ដើម្បីពិនិត្យវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា។ បើតាមការទទួលស្គាល់គុណភាពរបស់ឧត្តមសិក្សា ប្រែក្លាយជាគោលការណ៍តម្រូវមកជាគោលការណ៍ស្ម័គ្រចិត្តថ្នាក់ដឹកនាំវិទ្យាស្ថានបានស្នើសុំការវាយតម្លៃ ដល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សានេះបញ្ជាក់ឲ្យឃើញថា៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់វិទ្យាស្ថានបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការធានាគុណភាពអប់រំផ្ទៃ ក្នុងរបស់ខ្លួន។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ លន់ សុខុន ទីប្រឹក្សាក្រសួងការពារជាតិ ជាប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល បានសំដែងនូវក្តីសង្ឃឹម និងជៀជាក់ជាមួយមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ក្នុងការពិនិត្យវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំ លើគ្រឹះស្ថានឧត្តមសិក្សារបស់វិទ្យាស្ថានសុខាភិបាល នៃកងយោធពលខេមរភូមិន្ទ ប្រកបដោយលទ្ធផលនៃការវាយតម្លៃរបស់ក្រុមការងារយ៉ាងមានសុក្រឹតភាព ដោយអាចទទួលយកបានទាំងអស់គ្នា ជាប្រយោជន៍ដល់គ្រូ និងនិស្សិតប្រកបដោយធនធានមនុស្សពិតប្រាកដ លើវិស័យអប់រំ ក្នុងជំនាញសុខាភិបាល ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនប្រកបដោយក្រមសីលធម៌ខ្ពស់ ៕