ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ឡាវ​
នាយកដ្ឋានព័ត៌មាន(៣)
259
2662 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ឡាវ​

       នាយ​ឧត្តសេនីយ៍​ ចាន់​សា​ម៉ន​ ចាន់​ញ៉ា​ឡាត ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ នៃ​  សាធា​រ​ណៈ​រដ្ឋ​ ប្រជាធិប​តេយ្យ​ ប្រជាមា​និត​ឡាវ ​បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម ​និង​ពិភាក្សា​ការ​ងារ​ ជា​មួយ​នឹង​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នា​ព្រឹក​ថ្ងៃទី​៣​០ ខែ​វិច្ឆិកា ​ឆ្នាំ​២០២១​នេះ​ ក្នុង​ខណៈ​ដែល ​ឯកឧត្តម​ បាន​អម​ដំណើរ ​ឯកឧត្តម​ នាយក​រដ្ឋមន្ត្រី នៃ​សាធារណៈរដ្ឋ ​ប្រជា​ធិប​តេយ្យ ​ប្រជាមា​និត​ឡាវ ​មក​បំពេញ​ទស្ស​នកិច្ច​ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និងឯកឧត្តម នាយ​ឧត្តសេនីយ៍​ ចាន់​សា​ម៉ន​ ចាន់​ញ៉ា​ឡាត ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ នៃ​សាធា​រ​ណៈ​រដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមា​និត​ឡាវ


        សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​វត្តមាន​ នាយ​ឧត្តសេនីយ៍ ​ចាន់​សាម៉ន ​ចាន់​ញ៉ា​ឡាត ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ឡាវ ​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច ​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ដើម្បី​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ ​ចំណង​មិត្ត​ភាព ​និង​សាមគ្គីភាព​រវាង​ប្រទេស​ និង​កង​ទ័ព​ទាំង​ពីរ​ កម្ពុជា​ និង​ឡាវ​។​ ក្នុង​នោះ​សម្តេច​ពិជ័យ​សេនា ​បាន​ថ្លែង​ការ​អបអរ​សាទរ​ចំពោះ​លទ្ធផល​ នៃ​កិច្ច​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​ទាំង​ពីរ​ ​កម្ពុជា​ និង​ឡាវ ​នា​រសៀល​ថ្ងៃទី​២៩​ ខែ​វិច្ឆិកា​ ម្សិល​មិញ​នេះ ​ដែល​មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស​ទាំង​ពីរ​ ត​ទៅ​អនាគត​។​ សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​ថា​៖ នៅ​ឆ្នាំ​២០២២ ​និង​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​នឹង​មាន​ព្រឹត្តិការណ៍​រៀប​ចំ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ ដូច​នេះ​បញ្ហា​ព្រំដែន​ នៃ​ប្រទេស​ទាំង​ពីរ​ មិន​ត្រូវ​ឲ្យ​មាន​បញ្ហា​នោះ​ទេ​​ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​មាន​អ្នក​ផ្សេង​ឆ្លៀត​ឱកាស​កេង​យក​ផល​ប្រយោជន៍ ​មក​បំ​បែក​បំបាក់​ដល់​ចំណង​ទាក់​ទង​មិត្តភាព​ និង​សាមគ្គី​ភាព​ដ៏​ល្អ​នឹង​គ្នា​នោះ​ឡើយ​ផង​ដែរ​។​ សម្តេច​ពិជ័យ​សេនា ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​៖ កម្ពុជា និ​ង​ឡាវ​ធ្លាប់​មាន​ប្រពៃណី​ដ៏​ល្អ​ និង​មាន​កិច្ច​សហប្រតិបត្តិការ​នឹង​គ្នា​ ហើយ​យើង​បន្ត​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។​

        ជា​ការ​ឆ្លើយ​តប​ នាយ​ឧត្តសេនីយ៍ ​​ចា​ន់សា​ម៉ន​ ចាន់​ញ៉ា​ឡាត ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ឡាវ​ បាន​ពាំ​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ​ និង​ការ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ថ្នាក់​ដឹ​កនាំ ​កង​ទ័ព​ និង​ប្រជាជន​ឡាវ ​ជូន​ចំពោះ​ថ្នាក់​ដឹក​នាំ​ កង​ទ័ព​ និង​ប្រជាជន​កម្ពុជា​។ ​ឯកឧត្តម ​បាន​ថ្លែង​ការ​កោត​សរសើរ​ ចំពោះ​ការ​រីក​ចម្រើន​ប្រទេស​កម្ពុជា​ ពិសេស​ការ​អភិវឌ្ឍន៍​របស់​រាជ​ធានី​ភ្នំពេញ ​ប្រៀប​ដូច​នឹង​សឹង្ហបុរី​ និង​ទី​ក្រុង​ហុង​កុង​ផង​ដែរ​។ ​នាយ​ឧត្តម​សេនីយ៍ ​យល់​ឃើញ​ថា​៖ ការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ គឺ​មាន​ភាព​លឿន​ខ្លាំង​ណាស់​ ទន្ទឹម​និង​ជីវភាព​របស់​ប្រជាជន មា​ន​ការ​ប្រសើរឡើង​ផង​ដែរ​។​ ឯក​ឧត្តម​ ចាន់​សា​ម៉ន​ ចា​ន់ញ៉ា​ឡាត​ បាន​លើក​ឡើង​ថា​ ប្រទេស​យើង​ទាំង​ពីរ​ ប្រៀប​បី​ដូច​ជា​បង​ប្អូន​ ដែល​មាន​ប្រវត្តិ​ប្រពៃណី​ទំនាក់​ទំនង​គ្នា​យ៉ាង​ស្អិត​រមួត​ជា​ច្រើន​ឆ្នាំ​យូរ​មក​ហើយ​ និង​តែង​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។​ ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ឡាវ ​បាន​ថ្លែង​នូវ​ការ​គាំទ្រ​ ចំពោះ​ប្រទេស​កម្ពុជា ​ដែល​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កិច្ច​ប្រជុំ​អាស៊ាន​ប្តូរ​វេន ​នា​ឆ្នាំ​២០២២​ខាង​មុខ​ ហើយ​សង្ឃឹម​នឹង​ដំណើរ​ការ​រៀប​ចំ​រលូន​ និង​ទទួល​បាន​ជោគ​ជ័យ​។​

        នៅ​ក្នុង​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​និងនាយ​ឧត្តសេនីយ៍​ ចាន់​សាម៉ន​ ចាន់​ញ៉ា​ឡាត ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ឡាវ ​ក៏​បាន​ពិភាក្សា​គ្នា​ផង​ដែ​រ ​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​ទៅ​វិញ​ទៅ​មក​ អង្គភាព​ និង​អង្គភាព​កង​ទ័ព​ជាប់​ព្រំ​ដែន​ នៃ​ប្រទេស​ទាំង​ពីរ​ គណៈ​ប្រតិភូ​សម្រាក​បំប៉ន​សុខភាព ​និង​បញ្ហា​ព្រំ​ដែន​ ដោយ​ក្នុង​នោះ​ការ​បង្កើត​ឲ្យ​មាន​ប៉ុស្តិ៍​ក្រុម​ទំនាក់​ទំនង​ព្រំ​ដែន​ នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​ និង​ឡាវ​។​ ហើយ​ជា​មួយ​គ្នា​នេះ​ដែ​រ នាយ​ឧត្តសេនីយ៍ ​ចាន់​សា​ម៉ន​ ចាន់​ញ៉ា​ឡាត ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ឡាវ​ ក៏​បាន​គោរព​អញ្ជើញ​ សម្តេច​ពិជ័យ​សេ​នា ទៀ ​បាញ់ ​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​ឡាវ​នា​ពេល​ខាង​មុខ​ផង​ដែរ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ