ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ជួប​ពិភាក្សា​ការងារ​ ជា​មួយ​អនុព័ន្ធ​យោធា ​សហ​ព័ន្ធ​រុស្សី​ ចាស់ ​ថ្មី ​ប្រចាំ​នៅ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
353
2659 នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ជួប​ពិភាក្សា​ការងារ​ ជា​មួយ​អនុព័ន្ធ​យោធា ​សហ​ព័ន្ធ​រុស្សី​ ចាស់ ​ថ្មី ​ប្រចាំ​នៅ​កម្ពុជា​

       នា​ព្រឹកថ្ងៃ​ទី​២៥ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​នេះ ​នៅ​បន្ទប់​សវនាការ​ អគ្គ​បញ្ជាការ​ដ្ឋាន​នាទី​ក្រុង​ភ្នំពេញ ​នាយ​ឧត្តម​​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនាធិ​ការចម្រុះ នៃ​​កងយោធពល​ខេមរ​ភូមិន្ទ​ បាន​អនុញ្ញាត​ឲ្យ​ លោក​វរនាវី​ឯក​ Vitaly ​LUCHSHEV ​អនុព័ន្ធ​យោធា​ចាស់​ នឹង​លោក​វរ​សេនីយ៍​ឯក​ Sergei SHUMILIN អនុព័ន្ធ​យោធា​ថ្មី​ អម​ស្ថា​ន​ទូត​សហព័ន្ធ​រុស្សី ​ប្រចាំ​នៅ​កម្ពុជា​ ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ ក្នុង​ឱកាស​ដែល​រូប​លោក​ទាំង​ពីរ​កំពុង​បំពេញ​បេសក​កម្ម​ការ​ទូត​យោធា ​នៅលើ​ទឹក​ដី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។​ 

        ក្នុង​ជំនួប​សំដែ​ង​ការ​គួរ​សម​នា​ឱកាស​នោះ​ លោក​វរនាវី​ឯក​ ​Vitaly LUCHSHEV បាន​ថ្លែង​អំណរគុណ​ចំពោះ ​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និ​ង​ថ្នាក់​ដឹក​នាំ​ នៃ​កងយោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​បាន​ផ្តល់​ពេល​វេលា​អនុញាតិ​ឲ្យ​រូប​លោក​ទាំ​ងពីរ​ បាន​ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ​នា​ពេល​នេះ​។​ លោក​វរនាវី​ឯ​ក Vitaly​ បាន​គូស​បញ្ជា​ក់​ថា​៖ ក្នុង​រយៈពេលក​ន្លង​មក​​នេះ ​រូប​លោក​បាន​បំពេញ​បេសក​កម្ម​ការ​ទូត​នៅ​កម្ពុជា​ ទទួល​បាន​នូវ​ភាព​ក​ក់ក្តៅ ​ទាំង​ក្នុង​កិច្ច​សហប្រតិបត្តិការ​ ក្នុង​ជួរ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​ដូច​ជា​មួយ​បង​ប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ ប្រក​ប​ដោយ​ភាព​ស្និទ្ធ​ស្នាល ​នឹង​ការ​គោរព​ស្រឡាញ់​។​ ​លោក​វរនាវី​ឯក​ Vitaly ​LUCHSHEV ​បាន​បង្ហាញ​ពី​មោទន​ភាព​ ចំពោះ​កា​រ​បំពេញ​ភារកិច្ច​ប្រកប​ដោយ​ជោគ​ជ័យ​ជា​ច្រើន​នៅ​កម្ពុជា ​ជា​ពិសេស​ជា​មួយ​គ្រប់​ស្ថាប័ន ​អង្គភាព​ជា​ដៃ​គូរ​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។ ​លោក​អនុព័ន្ធ​យោធា​រុស្សី​ បាន​សម្ដែង​នូវ​ការ​ជឿជាក់​ថា​ ក្រោយ​បញ្ចប់​ការ​ប្រឈម​ជំងឺ​កូវីដ-១៩​ កង​ទ័ព​ប្រទេស​យើង​ទាំង​ពីរ​ នឹង​បន្ត​កិច្ច​សហប្រតិបត្តិកា​រ ​ឲ្យ​បាន​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ទស្សន​កិច្ច​ និង​កា​រប្រាស្រ័​យទាក់​ទង​គ្នា​ដោយ​ផ្ទាល់​។​ 

       ជា​កិច្ច​ឆ្លើយ​តប​ ឯកឧត្តម ឥត សារ៉ាត់ បានវាយ​តម្លៃ​ខ្ពស់​ ចំពោះ​ចំណង​ការ​ទូត​ រវាង​ប្រទេស​ទាំង​ពីរ ​កម្ពុជា.​សហ​ពន្ធ័រុស្សី ​ដែល​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ​មាន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជា​មួយ​គ្នា ​ទាំង​ផ្នែក​ប្រវត្តិ​សាស្ត្រ​ និង​វប្បធម៌​។ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖ ​ប្រទេ​ស​រុស្សី ​គឺ​ជា​មិត្ត​ដ៍​ល្អ​តាំង​ពី​យូ​លុង​ណាស់​មក​ហើយ​ ហើយ​ក៍​ជា​ប្រទេស​មួយ​ដែល​បាន​ចូល​រួម​ នឹង​ខិត​ខំ​ស្វះ​ស្វែង​រក​សន្តិភាព​នៅក​ម្ពុជា​ ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ និង​បាន​បញ្ជូន​កង​ទ័ព​មួក​ខៀវ​ក្នុង​ក្រប​ខ័ណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​ ដើម្បី​រៀបចំ​ដំណើរ​ការ​បោះ​ឆ្នោ​ត​នៅ​កម្ពុជា​ ក្នុ​ង​អឡុង​ឆ្នាំ​១៩៩១​-​១៩៩៣​។ ឯកឧត្តម​ ឥត​ សា​រ៉ាត់​ ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​សហព័ន្ធរុស្សី​ ដែល​រហូត​មក​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ ទាំង​ស្មារតី​ សម្ភារៈ ​គ្រឿង​បំពាក់​ផ្សេងៗ ​ជា​ពិសេស​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ ក្នុង​ជួរ​កង​យោធ​ពល​ខេម​រភូមិន្ទ​ លើ​គ្រប់​ជំនាញ​ ជូ​ន​ដល់​អតីត​កង​ទ័ព​រដ្ឋ​កម្ពុជា ​និង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បច្ចុប្បន្ន​ រហូត​មាន​ការ​រីក​ចម្រើន​ ។​

       តាម​រយៈ​នៃ​កិច្ច​សហប្រតិបត្តិការ​ ទំនាក់​ទំនង​ដ៏​ល្អ​នេះ​កន្លង​មក ​​ឯ.ឧ ​ឥត​ សារ៉ា​ត់ ​បាន​បញ្ជាក់ថា៖ នា​ពេល​កន្លង​មក​រុស្សី ​ក៍​ធ្លាប់​បាន​នាំ​នាវា​ចម្បាំង​កង​ទ័ព​ជើង​ទឹក​រប​ស់​ខ្លួន​ចូល​មក​កាន់​កម្ពុជា​ ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់​លំហាត់​ហ្វឹក​ហ្វឺន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​​រួម​គ្នា​ជា​មួយ​កង​ទ័ព​ជើង​ទឹក​កម្ពុជា ​ទទួល​បាន​លទ្ធផល​ជោគ​ជ័យ​ផង​ដែរ​។ ពាក់​ព័ន្ធ​ដល់​ការ​រៀប​ចំ​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺ​នរួម​គ្នា​ជា​លក្ខណៈ​អន្តរជាតិ​ ដែល​នឹ​ងរៀបចំ​ឡើង​ដោយ​សហព័ន្ធ​រុស្ស៊ីនា​ឆ្នាំ​ក្រោយ​នោះ​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ បាន​ស្នើរ​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើ​ទំនាក់​ទំនង​គ្នា​ ក្នុង​ការ​រៀបចំ​ និង​ការ​ធ្វើ​លិខិត​ស្នាម​មក​កាន់​ក្រសួង​ការ​ពារ​ជាតិ​​កម្ពុជា ​ដើម្បី​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ ទៅ​នឹង​សំណើរ​បស់​កង​ទ័ព​សហព័ន្ធ​រុស្ស៊ី ​ដើម្បី​កង​ទ័ព​កម្ពុជា​ បាន​ចូល​រួម​ក្នុង​លំហាត់​យោធា ​ជា​លក្ខណៈអ​ន្តរជាតិ​នេះ​ នៅ​ប្រទេស​រុស្សី ​នា​ឆ្នាំ​ក្រោយ​នេះ​​។ ​ឯកឧត្តម​ ​ឥត ​សារ៉ា​ត់ ​មាន​ជំនឿជឿ​ជាក់​ថា​ ទៅ​ថ្ងៃ​អនាគត​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​រុស្សី​ នៅ​តែ​បន្ត​សហប្រតិបត្តិការ​ជា​មួយ​គ្នា​ ដើម្បី​ឲ្យ​ចំណង​សាមគ្គីភាព​មិត្តភាព​ កិច្ច​សហប្រតិបត្តិ​ការ​រវាង​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​ប្រទេស​ទាំង​ពីរ ​មាន​ភាព​ល្អ​ប្រសើរ​ទ្វេ​ឡើង​ថែម​ទៀត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ