ព័ត៌មាន

ពិធី​ប្រគល់​-​ទទួល​សម្ភារៈ​វេជ្ជសាស្ត្រ​ ​ពីក្រសួង​ការ​ពារ​ជាតិ​ចិន​ ជូន​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
163
2654 ពិធី​ប្រគល់​-​ទទួល​សម្ភារៈ​វេជ្ជសាស្ត្រ​ ​ពីក្រសួង​ការ​ពារ​ជាតិ​ចិន​ ជូន​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​

     នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ឯកឧត្តម​ វ៉ាង ​វិន​ ធាន​ ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ ​“ពិធី ​ប្រគល់​-​ទទួល​សម្ភារៈ​វេជ្ជសាស្ត្រ​ដ៏​ថ្លៃថ្លា​ពី​ក្រសួង​ការ​ពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ជូន​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩​"​។​

ឯកឧត្តម​ វ៉ាង ​វិន​ ធាន​ ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា​ 


        នៅ​ក្នុង​ពិធី​នេះ​ ឯកឧត្តម ​ឯកអគ្គ​រដ្ឋ​ទូត ​វ៉ាង​ វីន​ ធាន​ ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ជូន​ថា​៖​ កង​ទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ​ជា​បង​ប្អូន​គឺ​ជា​មិត្ត​ដែក​ថែប​ ស្គាល់​ចិត្ត​គ្នា​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ មាន​ចំណង​មិត្ត​ភាព​ប្រៀប​ដូច​ដៃ​និង​ ជើង​។​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​រដ្ឋា​ភិបាល​ក្រោម​ការ​ដឹក​នាំ​ដោយ​ផ្ទាល់​ និង​ជំរុញ​យ៉ាង​ពេញ​ទំហឹង​ពី​ ឯកឧត្តម ​ប្រធានា​ធិបតី​ចិន​ ស៊ី ​ជីង​ ពឹង ​និង​​សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី​ ធ្វើ​ឲ្យ​កង​ទ័​ពប្រទេស​ទាំង​ពីរ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​បោះ​ជំហាន​មាន​ការ​ រីក​ចម្រើ​ន​លើ​គ្រប់​វិស័យ​។​

        ​ឯកឧត្តម​ វ៉ាង​ វិន ​ធាន ​បាន​បញ្ជាក់​បន្ថែម​ថា៖​ ក្រោយ​ពី​មាន​ការ​កើត​ឡើង​នូវ​ជំងឺ​កូវីដ-១៩​ ប្រជាជន ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​តែង​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​បាន​ផ្ដល់​អំណោយ​ជា​ពេទ្យ​ សម្ភារៈ​វេជ្ជសាស្ត្រ ​ដើម្បី​ទប់​ស្កាត់​ ការ​រីក​រាល​ដាល​ជំងឺ​កូដ-១៩​ កិច្ច​សហប្រតិបត្តិ​ការ​នេះ​ មិន​ត្រឹម​បង្កើត​បាន​ជា​គម្រូ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​យោធា​អន្តរ​ជាតិ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បា​នរួម​ចំ​ណែក​យ៉ាង​សំខាន់​ក្នុង​កិច្ច​កសាង​សហគមន៍ ​វាសនា​រួម​រវាង​ចិន​និង​កម្ពុជា​។​

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ 


         ក្នុង​ពិធី ​ប្រគល់​-​ទទួល​សម្ភារៈ​វេជ្ជសាស្ត្រ​ដ៏​ថ្លៃថ្លា​ពី​ក្រសួង​ការ​ពារ​ជាតិ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ជូន​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ នា​ពេល​នោះ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រជាជន ​រដ្ឋា​ភិបាល​ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដែល​បាន​ផ្តល់​សម្ភារៈ​វេជ្ជសាស្ត្រ ​ជូន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ រួម​ចំ​ណែក​យ៉ាង​សំខាន់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាល​ដាល​នៃ​ ជំងឺ​កូវីដ​-១៩​នៅ​កម្ពុជា ​ក្នុង​ស្មារតី​មិត្ត​ភាព​ និង​សាមគ្គីភាព​ដូច​ពាក្យ​ស្លោក​ពោល​ថា ​“មិត្ត​ល្អ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន"​ ​និង​ជា​មិត្ត​ដែក​ថែប​ដ៏​ពិត​ប្រាកដ​ តែង​តែ​ជួយ​គាំទ្រ​ដល់​ប្រជាជន​កង​ទ័ព​កម្ពុជា​គ្រប់​គ្រា​លំបាក​ទាន់​ពេល​វេលា​ និង​គ្មាន​ លក្ខ​ខណ្ឌ​ ក្នុង​ស្មារតី​ទំនាក់​ទំនង​មិត្តភាព​ជា​ប្រពៃណី​ដ៏​ល្អ​ប្រសើរ ​និង​ពង្រឹ​ងកិច្ច​ទំនាក់​ទំនង​ដ៏​ស៊ី​ជម្រៅ​កាន់​តែ​រឹង​មាំលើ​គ្រប់​​វិស័យ​។​

        សម្តេច​ពិជ័យ​សេនា​ បញ្ជាក់​បន្ថែ​ម​​ថា៖ ការ​ទទួល​សម្ភា​រៈ​វេជ្ជសាស្ត្រ​ពី​ក្រសួង​ការ​ពារ​ជាតិ​ចិន​នា​ពេល​នេះ ​គឺ​ជា​ជំនួយ​បន្ថែម​ពី​លើ​ការ​ផ្តល់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវឹង-១៩ ​និង​ការ​បញ្ជូន​ក្រុម​វេជ្ជសាស្ត្រ​យោធា​មក​កម្ពុជា​ ដើម្បី​ផ្តល់​បទ​ពិសោធន៍ ​និង​រួម​សហការ​គា្ន​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩​នា​ពេល​កន្លង​ម​ក បាន​រួម​ចំ​ណែក​ក្នុង​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​ស្នូល ​ដែល​ជា​គន្លឹះ ​ក្នុង​ការ​ការ​ពារ​សុខ​ភាព​សាធារណៈ ​និង​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ប្រជាជន​កម្ពុជា​។​ ជំនួយ​ទាំង​អស់​នេះ ​នឹង​បង្កើន​សមត្ថភាព ​ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ​ក្នុង​ការ​លើក​កម្ពស់​កម្រិត​ជំនាញ​បច្ចេក​ទេស​ការ​ស្រាវ​ជ្រាវ​ រ​ក​មេរោគ​កូរ៉ដ-១៩​, យក​សំណាក​ធ្វើ​តេស្ត​រក​មេរោគ ​និង​ព្យាបាល​ជំងឺ​កូវីដ-១៩​។​ សម្តេច​ពិជ័យ​សេនា​ បាន​គូស​បញ្ជាក់​បន្ថែ​មថា​៖ នៅ​ក្នុង​បរិប​ទ​ នៃកា​រ​រីក​រាល​ដាល​ជំងឺ​កូវីដ​-​១៩ ​រយៈ​ពេល​ជិ​តពីរ​ឆ្នាំ​ មក​នេះ​ រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី ​បាន​កំណត់​យក​ ការ​ចាក់​​វ៉ាក់​សាំង​ជា​វិធាន​ការ​គន្លឹះ ​បន្ថែម​លើ​វិធាន​ការ​សំខាន់ៗ​ដទៃ​ទៀត ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩​ សំដៅ​ការ​ពារ​សុខ​ភាព​សាធារណៈ ​និង​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ប្រជាជន​។​ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​វ៉ាក់​សាំង​ និង​សម្ភារៈ​វេជ្ជសាស្ត្រ​ជា​ទំនិញ​យុទ្ធ​សាស្ត្រ​ និង​បាន​ដាក់​ចេញ​យុទ្ធ​សាស្ត្រ​ទិញ​ឲ្យ​បាន​គ្រ​ប់​គ្រាន់​ និង​ឆាប់​បំផុត​ ដើម្បី​ចាក់​វ៉ាក់​សាំង​ជូន​ប្រជា​ពល​រដ្ឋ​ នៅ​ទូទាំង​ប្រទេស ​ដោយ​ចាប់​ផ្តើម​ពី​មន្រ្តី​ និង​កង​កម្លាំង​បម្រើសេ​វា​ជួរ​មុខ​ បន្ទាប់​មក​ប្រជាជន ​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង ​កុមារ​ និង​យុវ​វ័យ​ ដែល​មា​នអាយុចា​ប់ពី​៦​ឆ្នាំ ​ដល់​ក្រោម​១៨​ឆ្នាំ​ និង​ចុង​ក្រោយ​នេះ​កុមារ ​ដែល​មាន​អាយុ៥​ឆ្នាំ​។​ រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​​ ក្នុង​ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​នេះ​បាន​ត្រឹម​ត្រូវ​ ច្បាស់​លាស់​ ទាន់​ពេល​​វេលា​ និង​ជ្រើស​រើស​មិត្ត​ចិន​ជា​បង្អែក​យុទ្ធ​សាស្ត្រ​សម្រាប់​ការ​ផ្គត់​ផ្គង់​វ៉ាក់​សាំង​ រួម​ជា​មួយ​ដៃ​គូ​ផ្សេង​ទៀត ​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​បរិមាណ​វ៉ាក់​សាំង​គ្រប់​គ្រាន់ ​សម្រាប់​យុទ្ធ​នា​ការ​ជាតិ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូរី​ដ-​​១៩​។​ លទ្ធផល​នេះ ​បាន​ផ្តល់​លទ្ធ​ភាព​ឲ្យ​កម្ពុជា ​សម្រេច​ជោគ​ជ័យ​មុន​ផែន​ការ​កំណត់​នូវ​យុទ្ធនា​ការ​ជាតិ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូរី-១៩​ និង​បាន​ប្រកាសជា​​ផ្លូវ​ការ​បើក​ប្រទេស​ដំណើរ​ការ​ឡើង​វិញ​លើ​គ្រប់​វិស័យ​ជា​បណ្តើរៗ​ សំដៅ​ស្តារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ កាលពី​ថ្ងៃទី ​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​។​ សម្តេច​ពិជ័យ​សេនា​ បាន​ធ្វើ​ការ​វាយ​តម្លៃ​ថា​ ការ​អនុវត្ត​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​បាន​ទាន់​ពេល​វេលា​នេះ​ ធ្វើ​ឲ្យ​កម្ពុជា​ ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស ​ដែល​មាន​អត្រា​គ្រប​ដណ្តប់​នៃ​ការ​ចាក់​វ៉ាក់​សាំង​ខ្ពស់​ជាង​គេ​ ទាំង​ក្នុង​តំបន់ ​និង​សកល​លោក​ សម្រេច​បាន​នូវ​ភាព​សហគមន៍​រឹង​មាំពិ​ត​ប្រាកដ​មួយ ​បាន​រួម​ចំ​ណែក​កាត់​បន្ថយ​ការ​ឆ្លង​រាល​ដាល ​ការ​ចម្លង ​ការ​វិវត្ត​ទៅ​រក​ភាព​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​ និង​អត្រា​មរណភាព​ ធានា​បាន​នូវ​ការ​រស់​នៅ​តាម​គន្លង​ប្រក្រ​តី​ភាព​ថ្មី​ ព្រម​ទាំង​ស្តារ​ និង​ជំរុញ​ឡើងវិញ​នូវ​កំណើន​សេដ្ឋកិច្ច​ និង​វឌ្ឍនភាព​សង្គម​។​ ភាព​ជោគ​ជ័យ​ នៃ​ការ​អនុវត្ត​យុទ្ធនាការ​ជាតិ​ចាក់​វ៉ា​ក់សាំ​ងជូន​ប្រជាជន​នា​ពេល​កន្លង​មក​ បាន​បញ្ជា​ក់​ច្បាស់​ថា​ វត្តមាន​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​រួម​ចំ​ណែក​យ៉ាង​សំខាន់​ក្នុង​កិច្ច ​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​នេះ ​ហើយ​ជោគ​ជ័យ​ទាំង​អស់​នេះ​ មិន​អាច​ខ្វះ​បា​ននូវ​ការ​ជួយ​គាំទ្រ​ឧបត្ថម្ភ​ទាំង​វ៉ាក់​សាំង​ សម្ភារៈ ​វេជ្ជសាស្ត្រ​ ក្រុម​វេជ្ជសាស្ត្រ​ និង​បទ​ពិសោធន៍​ពី​សំណាក់​ប្រជាជន ​រដ្ឋា​ភិបាល ​ពិសេស​កង​ទ័​ពរំដោះ​ប្រជាជន​ចិន​ចំពោះ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​បាន​ឡើយ។​

​       សម្តេច​ពិជ័យ​សេនា​ បាន​ថ្លែង​អំណរគុណ​ចំពោះ​មិត្ត​ចិន​ ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ ក្នុង​បុព្វ​ហេតុ​មនុស្ស​ជាតិ​ នៃ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-​១៩​ និង​តែង​តែ​គាំទ្រ​លើក​កម្ពស់​សមត្ថភាព​បច្ចេក​ទេស​លើ​គ្រប់​វិស័យ​ ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ រួម​ចំ​ណែក​ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​សង្គម​ សេដ្ឋកិច្ច​កម្ពុជា​ នា​ពេល​កន្លង​មក​។​ សម្តេច​ពិជ័យ​សេនា​ បា​ន​អរគុណ​ចំពោះ ​ឯកឧត្តម ​ឯក​អគ្គ​រដ្ឋ​ទូត ​វ៉ាង​ វិ​ន ធាន​ និង​នាយ​ទាហាន​ការិយាល័យ​អនុព័ន្ធ​យោធា​​ប្រចាំ​កម្ពុជា​ ចំពោះ​ការ​ជួយ​សម្រ​​ប​សម្រួល​ការ​ងារ​គ្រប់​បែប​យ៉ាង​ ជូន​ក្រសួង​ការ​ពារ​ជាតិ​បាន​ទាន់​ពេល​វេលា។​ សម្តេច​ពិជ័យ​សេនា ​និង​ឯកឧត្តម​ ឯកអគ្គរដ្ឋ​ទូត​ វ៉ាង ​វ៉ន​ ធាន​ បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ខិត​ខំ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ លើក​កម្ពស់​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ​រវាង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​មួយ​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ ​រួម​ចំ​ណែក​ផ្តល់​អត្ថ​ប្រយោជន៍​ជូន​ប្រជាជន​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ​ឲ្យ​កាន់​តែ​មាន​ភាព​រីក​​ចម្រើន​ថែម​ទៀត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ