ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​
នាយកដ្ឋានព័ត៌មាន(៣)
355
2649 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​

       គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ​បាន​ប្រជុំ​ពិភាក្សា​អំពី​សមិទ្ធផល​ការ​ងារ​ប្រចាំ​ឆ្នាំ ​២០២០​-​២០២១ ​តាម​វីដឺអូ ​ZOOM ​ដែល​កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិប​តីភាព ​សម្តេច​ពិជ័យ​សេនា​ ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​។

        ថ្លែង​បើកកិ​ច្ច​ប្រជុំ ​សម្តេច​ពិជ័យ​សេនា​ ​ទៀ ​បាញ់ ​បាន​មាន​ប្រសាសន៍​ថា៖ ​កិច្ច​ប្រជុំ​របស់​គណៈ​កម្មា​ធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​  ត្រូវ​បាន​អាក់​ខាន​ ចាប់​តាំង​ពី​ចុង​ឆ្នាំ ​២០១៩ ​ដោយ​សារ​ការ​ឆ្លង​រីករាល​ដាល​ នៃ​ជំងឺ​កូវីដ-១៩ ​ជាសា​កល ​ប៉ុន្តែ​ជំងឺ​កូវីដ-១៩​ មិន​អាច​បញ្ឈប់​នូវ​សកម្ម​ភាព​របស់​គណៈ​កម្មា​ធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​បាន​ទេ​។ ​ជាក់​ស្តែង​បណ្តា​ក្រសួង ​ស្ថាប័ន​ របស់​រាជ​រដ្ឋាភិបាល ​និង​អគ្គ​លេខា​ធិការ​ដ្ឋាន​ នៃ​គណៈ​កម្មា​ធិ​ការ​ជាតិ​សន្តិ​សុខ​លម្ហ​សមុទ្រ​ នៅ​តែដំ​ណើរ​ទៅ​មុខ​ជា​បន្ត​បន្ទាប់​ ទៅ​តាម​ការ​ប្រគល់​ភារកិច្ច​។ សម្តេច​ពិជ័យ​សេនា ​បាន​សំដែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ ​អគ្គ​លេខា​ធិការ​ដ្ឋាន​ នៃ​គណៈ​កម្មា​ធិការ​ជាតិ​សន្តិ​សុខ​លម្ហ​សមុទ្រ​ រួម​ទាំង​ ឯកឧត្តម ​លោក​ជំទាវ​ ជា​សមាជិក ​សមា​ជិការ​ និង​អភិបាល​ខេត្ត​ទាំង​ ៤​ ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ ខិត​ខំ​អនុវត្ត​ការ​ងារ​សំរេច​បាន​លទ្ធផល​ជា​បន្ត​បន្ទាប់​ក្នុង​ពេល​កន្លង​មក​។​

​នាយ​ឧត្តម​នាវី​ ទៀ វិញ ​អគ្គ​មេ​បញ្ជាការ​រង​ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ និង​ជា​អគ្គលេខា​ធិការ ​នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ


        នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ​នាយ​ឧត្តម​នាវី​ ទៀ វិញ ​អគ្គ​មេ​បញ្ជាការ​រង​ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ និង​ជា​អគ្គលេខា​ធិការ ​នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ បាន​ថ្លែង​សុន្ទ​រក​ថា​ស្វាគមន៍​ ដោយ​បាន​គូស​បញ្ជាក់​ថា៖ ​ក្នុង​រយៈ​ពេល ​២​ឆ្នាំ​​នេះ ​អគ្គលេខា​ធិការ​ដ្ឋាន ​ជា​សេនា​ធិការ ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ រួម​ជា​មួយ​នឹង​ទីប​ញ្ជាការ​ជួរ​មុខ ​ដែល​ជា​ប្រតិបត្តិករ​ បាន​បំពេញ​នូវ​ភារកិច្ច​ស្នូល​ក្នុង​កិច្ច​ការ ​សម្រប​សម្រួល​កិច្ច​ប្រតិបត្តិការ​ នៃ​កំលាំង​ចម្រុះ​របស់​បណ្តា​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ឋ​ ទៅ​តាម​ផែន​ការ​ សកម្ម​ភាព​ក៏​ដូច​ជា​ផែន​កា​រ យថា​ភាព​យ៉ាង​សកម្ម​ ខ្ជាប់​ខ្ជួន​ និង​មាន​ប្រសិទ្ឋិ​ភាព។​ ឯកឧត្តម​ ទៀ ​វិញ​ បាន​បញ្ជាក់​ទៀត​ថា៖​ ពិនិត្យ​ជា​រួម​ឆ្នាំ​២០២០​ និង​ឆ្នាំ​២០២១​នេះ​ យើង​រក្សា​បាន​នូវ​សុខ​សុវត្ថិភាព​ ​សន្តិសុខ​លើ​ផ្ទៃ​សមុទ្រ​ បង្ក​លក្ខណៈ​អំណោយ​ផល​ ដល់​ជីវភាព​រស់​នៅ​ ការ​ប្រកប​អាជីវ​កម្ម​នេ​សាទ​របស់​ប្រជា​ពលរដ្ឋ​ និង​ធានា​បាន​សុវត្ថិភាព​ដល់​ការ​ងារ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​ បណ្តា​សកម្ម​ភាព​ល្មើស​ច្បាប់​នានា​បាន​​ថ​យចុះ​មក​នៅ​កំរិត​ទាប​បំផុត​។ ទោះ​បី​ជា​ប្រឈម​នឹង​កង្វះ​ខាត​ទាំង​ឡាយ ​ជា​ពិសេស ​គឺ​ធន​ធាន​សំភារៈ​បច្ចេក​ទេស ​គ្រឿង​បំពាក់​ ​ក៏​ដូច​ជា​សមត្ថ​ភាព​ នៃ​ធន​ធាន​មនុស្ស​ នៅ​មាន​កំរិត​ ប៉ុន្តែ​អាស្រ័យ​ដោយ​មាន​សាមគ្គី​ភាព​រឹង​មាំ ​និង​ការ​សហការ​គ្នា​បាន​ល្អ​ លើស​ពី​នេះទៀ​ត​ ដោយ​បាន​ការ​ដឹ​ក​នាំ​ចង្អុល​បង្ហាញ​ផ្តល់​ការ​គាំទ្រ ​និង​លើក​ទឹក​ចិត្ត​ ជាប់​ជា​និច្ច​​ ដល់​អគ្គ​លេខា​ធិការ​ដ្ឋាន​ ពី​សំណាក់ ​សម្តេច​ពិជ័យ​សេនា ​ស្ថាប័ន​ជំនាញ​ទាំង​ឡាយ​បាន​​សហការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។​

ឧត្តម​សេនីយ៍​ឯក​ សួន ​សំ​ណាង ​សមាជិក​ប្រចាំ​ការ​ គណៈ​កម្មា​ធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​, អគ្គ​លេខា​ធិការ​រង​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​បច្ចេក​ទេស​ គណៈ​កម្មា​ធិការ​ជាតិ​សន្តិ​សុខ​លម្ហ​សមុទ្រ​ 


        នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ​ឧត្តម​សេនីយ៍​ឯក​ សួន ​សំ​ណាង ​សមាជិក​ប្រចាំ​ការ​ គណៈ​កម្មា​ធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​, អគ្គ​លេខា​ធិការ​រង​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​បច្ចេក​ទេស​ គណៈ​កម្មា​ធិការ​ជាតិ​សន្តិ​សុខ​លម្ហ​សមុទ្រ​ បាន​​បង្ហាញ​ជូន​កិច្ច​ប្រជុំ​ស្ដី​ពី​សមិទ្ធផល​ការ​ងារ​ ឆ្នាំ​២០២០​​-​២០២១ ​របស់​គណៈ​កម្មា​ធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ​ដែល​ក្នុង​នោះ​រួម​មាន​៖​ ការ​ផ្ទៀង​ផ្ទាត់​ និង​រាប់​​ចំនួន​​កោះ​ ដែល​បាន​បញ្ចប់​ទាំង​ស្រុង​ ដោយ​មាន​ការ​ឯកភាព ​និង​ចុះ​ហត្ថ​លេខា ​ដោយ​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ទាំង​៤​ ជា​មួយ ​នឹង​ប្រធាន​ក្រុម​ការ​ងារ​បច្ចេក​ទេស​ គណៈ​កម្មា​ធិការ​ជាតិ​សន្តិ​សុខ​លម្ហ​សមុទ្រ​, ការ​ងារ​ជំនាញ​ផ្នែក​មុជ​ទឹក​, ការហ្វឹកហ្វឺ​ការ​ជួយ​សង្គ្រោះ, ​ការ​រួម​ចំ​ណែក​ក្នុង​ការ​ស្រាវ​ជ្រាវ​ និង​គាំ​ពារ​បរិស្ថាន​ និង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​​ជា​មួយ​ដៃ​គូ​ជាតិ​ និង​អន្តរ​ជាតិ​។​ របា​យ​ការណ៍​ក៏​បាន​បង្ហាញ​ពីលទ្ធផល​ នៃ​ការ​សាង​សង់​ស្នាក់​ការ​ និង​ផែ​នៅ​កោះ​ពោធិ៍​ ក្នុង​ខេត្ត​កែប ​ដែល​បាន​បញ្ចប់​ជា​ស្ថាពរ​, សំណង់​អគារ​ទី​បញ្ជាការ​ជួរ​មុខ​ថ្មី​ (កោះ​ព្រាប​)​ ដែល​សាង​សង់​សម្រេច​បាន ​៨០% ​​និង​ការ​ចូល​រួម​បង្រ្កាប​បទ​ល្មើស​នេសាទ ​បទ​ល្មើស​គ្រឿង​ញៀន ​ការ​តាម​ស្វែង​រក​នា​វា​លួច​ដឹក​ប្រេង​ឆៅ ​អិម​ ធី​ ស្តូ​វ៉ូ​ឡូ ​(MT Stovolos​) ​និង​ការ​ពារ​សុវត្ថិ​ភាព​នៅ​កន្លែង​បូម​ប្រេង​ និង​នាវា​ផលិត​កម្ម។​

        បន្ទាប់​ពី​បាន​ពិភាក្សា​​​លើ​បញ្ហា​ផ្សេងៗ​រួច​មក​ ​មាន​មតិ​បូក​សរុប​កិច្ច​ប្រជុំ ​សម្តេច​ពិជ័យ​សេនា​ ​ទៀ ​បាញ់ ​បាន​ជំរុញ​អោយ​បន្ត​ពង្រឹង​ទី​បញ្ជា​ការ​ជួរ​មុខ​ នៃ​គណៈ​កម្មា​ធិការ​ជាតិ​សន្​តិសុខ​លម្ហ​សមុទ្រ​ អោយ​បាន​រឹង​មាំ ​និង​​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​លើ​ផ្ទៃ​សមុទ្រ​។​ សម្តេ​ច​ពិជ័យ​សេនា​ ​ទៀ ​បាញ់ ​បាន​សំណូមពរ​ដល់​ក្រុម​ការ​ងារ​បច្ចេក​ទេស ​គណៈ​កម្មា​ធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ ត្រូវ​ចង​ក្រង​ទុក​ជា​ឯកសារ​ប្រវត្តិ​សាស្ត្រ​នូវ​បណ្តា​ឈ្មោះ​កោះ​ទាំង​ឡាយ​ ដែល​បាន​ផ្ទៀង​ផ្ទាត់ ​និង​បាន​រាប់​ចំនួន​កោះ​រួច​ហើយ​ ដោយ​ត្រូវ​​ថ​ត​រូប​ទុក ​​និង​ដាក់​ឈ្មោះ​ជា​ភាសារ​ខ្មែ​រ និង​បរទេស​ ដែល​យើង​បាន​ធ្លាប់​ហៅ​តាំង​ពី​ពេល​​មុនៗ ​រហូត​មក​ដល់​បច្ចុប្បន្ន​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ