ព័ត៌មាន

កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​(ADMM-Rtreat)​ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​
នាយកដ្ឋានព័ត៌មាន(៣)
376
2641 សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន(ADMM Retreat) និងកិច្ចប្រជុំពាក់ព័ន្ធ

      ​តប​តាម​ការ​អញ្ជើញ​របស់ ឯកឧត្តម​ ឧត្តម​សេនីយ​ទោ ​(ចូល​និវត្តន៍​)​ ប៉េ​ហ៊ីន​ ដា​តុ ​មហា​ម៉ាត់​ យូសូ​ហ្វ (Pahin​ Datu​ Lailarajn Major General (Retired) Dato Paduka Seri Haji Awing Habi Bin Haji MD Yustof) រដ្ឋមន្ត្រី​ការពារ​ជាតិ​ប៊្រុយ​ណេ​ដារ៉ូសា​ឡាម​ សម្តេច​ពិជ័យ​សេនា ទៀ​ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ នឹង​ដឹក​នាំ​ប្រតិភូ​យោធា​ជាន់​ខ្ព​ស់​ក្រសួង​ការ​ពារ​ជាតិ​ ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ (ADMM - Retreat)​ កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ​និង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​អូស្ត្រាលី​ នា​ថ្ងៃទី​១០​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២​១ តា​មប្រព័ន្ធ​onlin​e​។

        នៅក្នុង​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​បាន​ចូល​រួម​ចែក​រំលែក​ទស្សនៈ ​ស្ដី​ពី​អនាគត​ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន។​ តាម​រយៈ​ប្រជុំ​នេះ ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​លើក​ឡើង​អំពី​ជំងឺ​រាត​ត្បាត​សកល​កូវីដ-១៩​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩​ បាន​ក្លាយ​ជា​សម​រភូមិ​រួម​គ្នា​របស់​យើង​។ ជា​មួយ​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩ ​យើង​បាន​ឃើញ​នូវ​តួនាទី​ដ៏​លេច​ធ្លោ​របស់​កង​កម្លាំ​ង​ប្រដាប់​អាវុធ ​ក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាត​ត្បាត​សកល​។​ នៅ​ប្រទេស​កម្ពុជា​ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ ​តាម​រយៈ​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ដ៏​ធំ​មហា​សាល​ជូន​ប្រជាជន​កម្ពុជា​។​ សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​ថា៖​ នៅ​ក្នុ​ងប្រទេ​ស​កម្ពុជា​មក​ទល់​ពេល​នេះ​ មនុស្ស​ពេញ​វ័យ​ច្រើន​ជាង​ ១០​លាន​នាក់​ ត្រូវ​បាន​ចាក់​វ៉ាក់​សាំង ​យ៉ាង​ហោច​ណាស់​ចំនួន​ ២​ដូស​រួច​ហើយ​។​ រាជរដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ សម្រាប់​ក្មេង​ជំទង់ ​និង​កុមារ​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​បាន​ដើរ​តួនាទី​នាំ​មុខ​ក្នុង​ការ​គ្រប់​គ្រង​ចលនា​ប្រជាពល​រដ្ឋ​នៅ​ទូទាំង​ប្រទេស ​និង​អនុវត្ត​វិធាន​ការ​ប្រឆាំង​ជំងឺ​កូវីដ-១៩​ របស់​រាជ​រដ្ឋាភិបាល ​ជា​ពិសេស​នៅ​តាម​តំបន់​ព្រំ​ដែន​។ ទាក់​ទង​ទៅ​នឹង​ គ្រោះ​មហន្តរាយ​ធម្មជាតិ ​និង​ការ​ប្រែប្រួល​អាកាស​ធាតុ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​បញ្ជាក់​ថា៖ ​ខណៈ​ពេល​ដែល​គ្រោះ​មហន្តរា​យធម្មជាតិ​ ទំនង​ជា​កើន​ឡើង​នា​ពេល​អនាគត​ កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​ ក្នុង​ចំណោម​យោធា​អាស៊ាន​ គឺ​ត្រូវ​តែព​ង្រឹង​បន្ថែម ​ជា​ពិសេស​តាម​រយៈ​ការ​អនុវត្ត​ពេញ​លេញ​ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ នៃ​កម្មវិ​ធីការងារ​រយៈ​ពេល​បី​ឆ្នាំ ​របស់​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​។​

 ​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ 

       តាម​រយៈ​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​នេះ ​សម្ដេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​បាន​ចាត់​ទុក​ ការ​​រក្សា​សន្តិភាព​ គឺ​ជា​មូលដ្ឋាន​នៃ​ការ​ងារ​រក្សា​សន្តិសុខ​ និង​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ហើយ​ស្ត្រី​គឺ​ជាគន្លឹះ​ដែល​នាំ​ឱ្យ​ការ​ងារ​នេះ ​ឆ្ពោះទៅ​រក​ភាព​ជោគ​ជ័យ​។​ បច្ចុប្បន្ន​ស្ត្រី​ គឺ​បាន​បំរើ​ការ​នៅ​ក្នុង​កង​រក្សា​សន្តិភាព​ច្រើន​ជាង​ពេល​មុនៗ ​ដោយ​ស្ត្រី​ទាំង​នោះ​បាន​បំរើ​ការ​ជា​មន្ត្រី​យោធា ​មន្ត្រី​នគរបាល​ និង​ជា​មន្ត្រី​ស៊ី​វិល​។​ កម្ពុជា​គឺ​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១៣ ​ក្នុង​ចំណោម​ប្រទេស​ចំនួន ​១២២ ​និង​ចំណាត់​ថ្នាក់​ទី​២​ នៅ​ក្នុង​តំបន់​អាស៊ាន ​ក្នុង​ការ​បញ្ជូន​កង​រក្សា​សន្តិភាព​ជា​ស្ត្រី ​ទៅ​កាន់​ប្រទេស​ និង​តំបន់​ផ្សេងៗ​ទូ​ទាំង​ពិភព​លោក​។​ ការ​ទទួល​បាន​ស្នាដៃ​នេះ ​គឺ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ នេះ​គឺ​ដោយ​សា​រ​តែ​រាជ​រដ្ឋាភិបាល​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​មាន​ចក្ខុ​វិស័យ​ច្បាស់​លាស់​ និង​បាន​ដាក់​ទិស​ដៅ​ការ​ងារ​ត្រឹម​ត្រូវ ​ក្នុង​ការ​លើក​កម្ពស់​ស្ត្រី ​នៅ​ក្នុង​សង្គម​កម្ពុជា​ និង​ឆាក​អន្តរ​ជាតិ​។​ បើ​ទោះជា​​អាស៊ាន​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាក់​ស្តែង​ ស្តី​ពី​ប្រតិបត្តិការ​រក្សា​សន្តិភាព​រួច​ហើយ​ក្តី​ ក៏​កិច្ច​សហប្រតិបត្តិការ​នេះ ​គឺ​ត្រូវ​តែបន្ត​ពង្រីក​បន្ថែម​ដោយ​ផ្តោត​ទៅ​លើការ​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​បន្ថែម​ពី​ស្ត្រី​ និង​ការ​ពង្រឹង​ការ​ត្រៀម​ខ្លួន​ពួក​គាត់​ សម្រាប់​ចូល​រួម​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ ក្រោម​ឆ័ត្រ​របស់​អង្គកា​រ​សហ​ប្រជា​ជាតិ​។​ គំនិត​ផ្តួច​ផ្តើម​នេះ​ នឹង​ពង្រឹង​កិច្ច​ខិត​ខំ​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​អាស៊ាន​ ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​របៀប​វារៈ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ស្តី​ពី​ “ស្ត្រី ​សន្តិភាព ​និង​សន្តិសុខ”​។​ សន្តិភាព​ និង​ស្ថិរភាព​នយោបាយ ​គឺ​ជាមូ​ល​ដ្ឋាន​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ ក្នុង​ការ​ពង្រឹង​វិបុល​ភាព​ និង​ចីរភាព ​តំបន់​អាស៊ីអាគ្នេយ៍​។​

         ចំណែកនៅ​​ក្នុង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រដ្ឋម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ចូល​រួម​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី ​ក្នុ​ងកា​រ​យក​ឈ្នះ​ លើ​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​ ដែល​មិន​មែន​ប្រពៃ​ណី​ដូច​ជា​ សន្តិសុខ​លសមុទ្រ​ ការសង្គ្រោះ​គ្រោះ​មហន្តរាយ​។​ ក្នុង​បទ​អន្តរាគមន៍​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​ អាស៊ាន​-​សាធារណ​រដ្ឋ​កូរ៉េ ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​ចាត់​ទុក​កិច្ច​ប្រជុំ​នេះ​ថា​៖​ គឺ​ជា​ឱកាស​មួយ​ដ៏​ប្រពៃ ​ក្នុង​ការ​រឹត​ចំណង​ទាក់​ទង​រវាង​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ​នៅ​ក្នុង​វិស័យ​ការ​ពារ​ជាតិ​ ដើម្បី​កសាង​សហគមន៍​ដែល​មាន​ជោគ​វាសនា​រួមគ្នា​ ដោយ​ផ្តោត​លើភាព​រី​កចម្រើ​នរុង​រឿង​រួម​។​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​បញ្ជាក់​ថា៖ ​ទំនាក់​ទំនងអាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ​ត្រូវ​បាន​វិវត្ត​ ចេញ​ពីដៃ​គូ​កិច្ច​សន្ទនា​តាម​វិស័យ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩​ រហូត​បានក្លាយ​ជា​ដៃគូ​កិច្ច​សន្ទនា​ពេញ​លេញ ​ក្នុង​ឆ្នាំ​១៩៩១ ​ហើយ​បាន​ក្លាយ​ជា​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​ ក្នុង​ឆ្នាំ​២០១០​។ នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយអាស៊ាន​កន្លង​ម​កនេះ ​សាធារណរដ្ឋ​កូរ៉េ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​សន្តិភាព ​ស្ថិរភាព​ ភាព​រុង​រឿង ​និង​និរន្ត​រភា​ព​តំបន់​។​ បន្ថែម​ពី​លើនេះ​ទៀត​ សាធារណរដ្ឋ​កូរ៉េ ​បាន​រួម​ចំ​ណែក​ក្នុង​ការគាំទ្រ​ការ​អភិវឌ្ឍ​សមត្ថភាព​ នៃ​រដ្ឋ​សមាជិក​អាស៊ាន ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សន្តិសុខ​មិ​នមែន​ប្រពៃណី ​តាម​រយៈ​យន្ត​ការ​នានា ​ដែល​ដឹក​នាំ​ដោយ​អាស៊ាន​ មា​ន​ជា​អាទិ៍​ដូច​ជា​ វេទិកា​តំបន់​អាស៊ាន​ និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​បូ​ក​។ លទ្ធផល​កិច្ច​ប្រជុំកំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ​លើកទី​២​២ បា​ន​បង្ហាញ​ឱ្យឃើញ​អំពីការ​ប្តេជ្ញា​ចិត្ត​របស់​សាធារណ​រដ្ឋ​កូរ៉េ ​ក្នុង​ការ​លើក​កម្ពស់​សន្តិភាព​ ស្ថិរភាព​ ភាព​រុង​រឿង ​ក្នុង​តំបន់​ តាម​រយៈ​ការស្តា​រឡើង​វិញ​ នៃ​ប្រព័ន្ធ​ទំនាក់​ទំនង​អន្តរ​កូរ៉េ។​ ប្រព័ន្ធ​ទំនាក់​ទំនង​ទាំ​ងនេះ ​នឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​កូរ៉េ​ទាំង​ពីរ​កាន់​តែ​ប្រសើរ​ឡើង​។ ​សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​បន្ថែម​ថា៖​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​ជា​មួយ​អាស៊ាន ​សាធារណ​រដ្ឋ​កូរ៉េ ​បាន​ដើរ​តួនាទី​យ៉ាង​សកម្ម​ ក្រោម​ក្រ​បខណ្ឌ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន-​បូក ​ក្នុង​ការកសាង​សមត្ថភាព​ នៃ​ប្រទេសស​មាជិក​អាស៊ាន​ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ ជា​ពិសេស​បញ្ហា​សន្តិសុខ​មិន​មែន​ប្រពៃណី​។​ សាធារណ​រដ្ឋ​កូរ៉េ ​ក៏​បាន​ចូល​រួម​យ៉ាង​សកម្ម​ផង​ដែរ​ នៅ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់ ​របស់​ក្រុម​ការងារ​ជំនាញ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​បូក​​។

      ដោយ​ឡែកនៅ​ក្នុង​កិច្ច​ប្រជុំក្រៅ​ផ្លូវ​ការ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​អូស្ត្រាលី​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ ​បាន​ជំរុញ​ឱ្យ​ប្រទេស​អូស្ត្រាលី​ ជួយ​កសាង​សមត្ថភាព ​និង​ផ្តល់​ជំនួយ​ខាង​ផ្នែក​បច្ចេក​ទេស​ និង​ជំនាញ​ការ ​នៅ​ក្នុង​វិស័យ​ស្រាវ​ជ្រាវ​ អភិវឌ្ឍ​វ៉ាក់​សាំង ​និង​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​នានា ​ដល់​កង​ទ័ព​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ដើម្បី​ត្រៀម​ខ្លួន​​ប្រឈម​មុខ​នឹង​ជំងឺ​ឆ្លង​ ដែល​អាច​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​។

​       ការ​ជំរុញ​បែប​នេះ​ របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ បាន​ធ្វើឡើងនៅ​ក្នុង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នៃ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​អូស្ត្រាលី ​ដោយមា​ន​ការ​ចូល​រួម​ពី​ លោក Peter Dutton សមាជិក​ព្រឹទ្ធសភា ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អូស្ត្រាលី​ នៅ​ថ្ងៃទី​១០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២​១​នេះ ​តាម​ប្រព័ន្ធ​វីដេអូ។​

       សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន​រំឮក​ថា​៖ អូស្ត្រាលី​ គឺជា​ប្រទេសជា​ដៃ​គូ​សន្ទនា​របស់​អាស៊ាន ​ចាប់​តាំង​ពី​ឆ្នាំ១៩៧៤​មក​ ហើយ​ទទួល​ស្គាល់​ថា​ទំនាក់​ទំនង​នេះបា​ន​វិវត្ត​មក​គ្រប​ដណ្តប់​កិច្ច​សហប្រតិបត្តិការ​ ទៅ​លើ​សសរ​ស្តម្ភ​ទាំង​បី​ របស់​សហគមន៍​អាស៊ាន​។​ កម្ពុជា ​បានវា​យ​តម្លៃ​យ៉ាង​ខ្ពស់​ ទៅ​លើសា​រៈ​សំខាន់​ខាង​ផ្នែក​យុទ្ធសាស្ត្រ​ នៃ​អូស្ត្រា​លីចំពោះ​អាស៊ាន​ និង​គាំទ្រ​ដល់​ការ​លើក​កម្ពស់​ទំនាក់​ទំនង​កិច្ចសន្ទនា​អាស៊ាន​-​អូស្ត្រាលី​ ទៅ​ជាភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ​ដែល​ប្រកប​ដោយ​អត្ថន័យ ​មាន​សារៈ​សំខាន់​ និង​បម្រើ​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញទៅ​មក​។​ បន្ថែម​ពី​នេះ​ សម្តេច​ពិជ័​យសេនា ​ទៀ ​បាញ់ ​បានប​ង្ហាញកា​រ​ជឿជាក់ថា​ ប្រទេស​អូស្ត្រាលី​នឹង​បន្ត​ផ្តល់​ការគាំ​ទ្រ​ដល់​តួនាទីជា​​ស្នូល​របស់​អាស៊ាន ​និង​និម្មាបនកម្ម​សន្តិសុខ​អាស៊ាន​។​ ម្យ៉ាង​ទៀត​សង្ឃឹម​ផង​ដែរ​ថា​ អូស្ត្រាលី​នឹង​បន្ត​គាំទ្រ​ភាព​ជា​ប្រធាន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​របស់​កម្ពុជា​ នៅ​ឆ្នាំ​ក្រោយ​នេះ​ ដោយ​ការ​ គាំទ្រ​នេះនឹ​ង​ជួយ​យើង​ក្នុង​ការ​កសាង​ភាព​ធន់​របស់​តំបន់​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​រួម​ដ៏​ស្មុគ​ស្មាញ​ និង​ជួយ​ដល់​ដំណើការ​ស្តារ​ឡើង​វិញ​របស់​យើង​ទាំង​អស់​គ្នា ​បន្ទាប់​ពី​ជំងឺ​កូវីដ​១៩​ ផុត​រលត់​ទៅ​ ៕