ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ អ​ញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​​សំណេះ​សំណាល​ ជា​មួយ​នាយ​ទាហាន​ នាយ​ទាហាន​រ​ង មជ្ឈមណ្ឌល​ជា​តិគ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព​ បោស​សម្អាត​មីន ​និង​កាក​សំណល់​សង្គ្រាម​
នាយកដ្ឋានព័ត៌មាន(៣)
317
2634 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ អ​ញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​​សំណេះ​សំណាល​ ជា​មួយ​នាយ​ទាហាន​ នាយ​ទាហាន​រ​ង មជ្ឈមណ្ឌល​ជា​តិ

       នៅរសៀល​ថ្ងៃ​អង្គារ​ ១២​រោច​ ខែ​អស្សុជ ​ឆ្នាំ​ឆ្លូវ ​ត្រី​ស័​ក ព.ស.​២៥៦៥ ​ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ សម្តេច​​ពិជ័​យ​​​សេនា​​ ទៀ​​ បាញ់​​ ឧបនាយក​រដ្ឋមន្ត្រី​​ រដ្ឋមន្ត្រី​​ក្រសួង​​កា​រ​ពារ​ជាតិ​​ បាន​​អញ្ជើញ​​ជាអធិបតីភាព ក្នុង​​​ពិធី​​ថ្លែង​សុន្ទរក​​ថា​​តាម​រយៈ​ប្រព័ន្ធ​វីដេអូ ​ស្តី​ពី​ការ​រក្សា​សន្តិភាព​ ក្នុង​ក្រប​ខ័ណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ ​និង​ពិធី​សំណេះ​សំណាល​ ជា​មួយ​នាយ​ទាហាន​ នាយ​ទាហាន​រង​ មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភា​ព បោស​សម្អាត​មីន ​និង​កាក​សំណល់​សង្គ្រាម​ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅ​មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម "K81" រាជធានីភ្នំពេញ។

        ក្នុង​ឱកាស​នោះ ​នាយ​ឧត្តម​សេនីយ៍​ សែម ​សុវណ្ណនី ​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ បាន​ថ្លែង​សន្ទរកថា​ស្វាគមន៍​ ដោយ​បាន​បញ្ចាក់​ថា៖​ ឆ្នាំ​២០២១ ​គឺជា​ខួប​លើក​ទី១​៥ ​នៃ​ការ​ចូល​រួម​របស់​ ខ.ភ.ម. ក្នុងបេសកកម្ម​ថែរក្សា​​សន្តិភាព​របស់ ​អង្គការ​សហ​ប្រជាជាតិ​ ( អ.ស.ប. ) ស្រប​តាម​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​របស់ ​ឯកឧត្តម​ អគ្គ​លេខា​ធិកា​រ អ.ស.ប. តាម​រយៈ​លិខិត​របស់​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​ ចុះ​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៥​ ដែល​ភ្លាមៗ ​នា​ថ្ងៃទី​០១​ ខែ​​មីនា​ ឆ្នាំ​ដដែល​ ជា​ថ្ងៃ​កំណើត​ទ័ព​មួក​ខៀវ ​កម្ពុជា​ បាន​បើក​ទំព័​រ​ប្រវត្តិ​សាស្រ្ត ​ក្នុង​ការ​រៀបចំ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ​ធ្វើ​សមាហរណ​កម្ម​ជា​មួយ​ពិភ​ព​លោក ​​ទៅ​ចូលរួម​ចំ​ណែក​ជា​មួយ​បណ្តា​ប្រទេស​បរិច្ចាគ​កង​កម្លាំង​នានា ​ក្នុង​កា​រជួយ​ស្វែង​រក​សុខ ​សន្តិភាព ​ជូន​បណ្តា​ប្រទេស​ដែល​រ​ង​ដោយ​ជម្លោះ ​អស្ថិរភាព​ និង​ភ្លើ​ង​សង្គ្រា​ម​។​ ឯកឧត្តម​ បាន​បញ្ចាក់ថា៖​ រយៈពេល​១៥​ឆ្នាំ ​កន្លង​មក​នេះ​ មជ្ឈមណ្ឌល​ជាតិ​ បាន​វិវត្ត​ខ្លួន​រហូត​មក​ ទាំង​បរិមាណ ​ទាំង​ជំនាញ ​ទាំង​កិច្ច​សហការ​ក្នុង​-​ក្រៅ​ប្រទេស ​ព្រម​ទាំង​បាន​បង្កើត​មិត្ត​ភ័ក្រ្ត​ជា​ច្រើន​ មក​ពី​បណ្តា​ប្រទេស​តូច​-​ធំ​ ដែល​ស្នេហា​សន្តិភាព​ និងចង់​បាន​សន្តិភាព​។​ គិត​ចាប់​ពី​ឆ្នាំ​២០០៦​ រហូត​មក​ដល់​បច្ចុប្បន្ន​ មជ្ឈមណ្ឌល​ជាតិ​បាន​បញ្ជូន​កង​កម្លាំង​សរុប​ចំនួន ​៧.៨២៦ ​នាក់ ​ក្នុង​នោះ​មាន​នារី​ចំនួន​៤៩៤​នាក់​ ទៅ​កាន់​បេសកកម្ម​ចំនួន​១១​ ក្នុង​ប្រទេស​ចំនួន​៩​មាន​ជា​អាទិ៍៖​ ស៊ូដង់ ​ឆាដ ​ស៊ូដង់​ខាង​ត្បូង ​លីបង់ ​សាយ​ប្រឺស​ ស៊ីរី​ ម៉ាលី​ អាហ្វ្រិក​កណ្តាល​ និង​យេមែ​ន ​ដោយ​ទទួល​បាន​ស្នាដៃដ៏​ត្រចះ​ត្រចង់​​។

​នាយ​ឧត្តម​សេនីយ៍​ សែម ​សុវណ្ណនី ​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​

        ឯកឧត្តម ​បានស​ង្កត់​ធ្ងន់​ថា៖ ​សម្រាប់​ប្រសិទ្ធ​ភាព​ និង​ប្រសិទ្ធ​ផល​ ក្នុង​កា​រប្រា​ស្រ័យ​ទាក់​ទង​ ការ​ដាក់​បទ​បញ្ជា ​ការ​ណែនាំ ​រម្លឹក​ តាម​ដាន​ ត្រួត​ពិនិត្យ​ ចែក​រំលែក​ព័ត៌មាន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ​មជ្ឈមណ្ឌល​ជាតិ​បាន​ប្រើប្រាស់​បច្ចេក​វិទ្យា​ទាន់​សម័យ​ឧស្សាហកម្ម​ ៤.០ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ Onlin​e ប្រជុំ​ក្រើន​រម្លឹក ​ដាស់​តឿន​ជាប់​ជា​ប្រចាំ​ ក្នុង​កិច្ច​សហការ​ រវាង​កម្លាំង​ក្នុង​ផ្ទៃ​ប្រទេស ​កម្លាំង​នៅ​តាម​បណ្តា​តំបន់​បេសក​កម្ម ​និង​កិច្ច​សហការ​ទំនាក់​ទំន​ងជា​មួយ​បណ្តា​ប្រទេស​ជា​មិត្ត​ ក្នុង​កិច្ច​ការ​ពង្រឹង​សមត្ថភាព​លើ​វិស័យ​រក្សា​សន្តិភាព ​។ តាម​រយៈ​កម្លាំង​មហា​សាមគ្គី ​និង​ភាព​វៃ​ឆ្លាត​នេះ​ហើយ​ដែល​មជ្ឈមណ្ឌល​ជាតិ​ អាច​ពង្រីក​ការ​ចូល​រួម​ក្នុង​តំបន់​បេសក​កម្ម ​ហើយ​អាច​សាង​សង់​បាន​អគារ​ដ៏​ប្រណិ​ត​ដោយ​ខ្លួន​ឯង​ផ្ទាល់​ កម្ព​ស់ ១៨​ជាន់​ ក្រោយ​ពី​ជួល​ទីតាំង​គេ​ចំនួន​៤​ ទីតាំង​រួច​មក​។​ ទាំង​នេះ​សុទ្ធ​សឹង​ជា​មហា​ទិគុណ​ដ៏​ធំធេង​របស់​ថ្នាក់​ដឹក​នាំ​កំពូលៗ ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ពិសេស​ ​សម្តេចតេជោ ដែល​មជ្ឈមណ្ឌល​ជាតិ​ សូម​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ និង​ជា​ប្រចាំ​។​ លទ្ធផល​ការងារ​ដែល​សម្រេច​បាន​ខា​ងលើ​ ដែល​យើង​មាន​មោទនភា​ព​ក៏​ពិត​មែន​ តែ​មជ្ឈមណ្ឌល​ជាតិ​ មិ​ន​ដែ​លធ្វេស​ប្រហែស​សោះ​ឡើយ​ ពោល ​គឺ​នៅតែ​បន្ត​ជា​ប្រចាំ​ធ្វើ​ការ​ពង្រឹង​សមត្ថភាព​កម្លាំង​មួក​ខៀវ​យើង​ឱ្យ​ក្លាយ​ជា​កម្លាំង​ពហុជំនាញ​សម្រាប់​បញ្ចូល​ក្នុង​ប្រព័ន្ធ​វ័យ​ឆ្លាត​ (smart pledge) ដើម្បី​ដើរ​ឱ្យ​ទាន់​កិច្ច​ប្រឈម​ដែល​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ ​ពិសេស​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​ធន​ធាន​មនុស្ស​ ឱ្យ​ដើរ​តួនាទី​យ៉ាងសំខាន់ ​និង​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​រួម​។​

         មាន​ប្រសាសន៍​សំណេះ​សំណាល​នា​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​សម្តែង​ការ​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ទាំង​អស់​ នៃ​មជ្ឈមណ្ឌ​ល​ជាតិ​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការ​ងារ​ សម្រេច​លទ្ធផល​ផ្លែផ្កា ​ជា​បន្ត​បន្ទាប់​ជូន​ជាតិ​មាតុ​ភូមិ​ និង​ប្រជាជន​នៃ​យើង​ តាម​ការ​ប្រគល់​ភារ​កិច្ច​។​ ឆ្លៀត​ក្នុង​ឱកា​សនោះ​​ សម្តេច​ពិជ័យ​សេនា​ ក៏​បាន​ផ្តាំផ្ញើ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ ​និងសេ​ចក្តី​នឹក​រលឹក​ចំពោះ​យុទ្ធជន​ យុទ្ធនារី​ កង​រក្សា ​សន្តិភាព​កម្ពុជា​ ដែល​កំពុង​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ​ នៅ​ក្នុង ​និង​ក្រៅ​​ប្រទេស​ទាំង​អស់​ផង​ដែរ​។​

សម្តេច​​ពិជ័​យ​​​សេនា​​ ទៀ​​ បាញ់​​ ឧបនាយក​រដ្ឋមន្ត្រី​​ រដ្ឋមន្ត្រី​​ក្រសួង​​កា​រ​ពារ​ជាតិ​​ 

         សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​បញ្ជាក់​ថា៖ ​រាជ​រដ្ឋាភិបាល​កម្ពុជា ​នៅតែ​ប​ន្ត​ប្តេជ្ញា​ចិត្ត​បង្កើន​ទំនាក់​ទំនង​ជា​មួយ​បណ្តា​ប្រទេសជា​ដៃគូ ​និង​ប្រទេស​បរិច្ចាគ​កង​កម្លាំង ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ទាំង​ក្នុង​ប្រទេស ​និង​គ្រប់​តំបន់​បេសក​កម្ម​ ធ្វើ​ឱ្យប្រសើរ​ឡើងពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​និង​បង្កើន​ការ​ចូល​រួម​ជា​ស្រ្តី​ឱ្យ​បាន​២០% ​នៅ​គ្រប់​បេសក​កម្ម​រក្សា​សន្តិភាព​ ព្រម​ទាំង​បន្ត​បញ្ចូល​កម្លាំង​ក្នុង​ប្រព័ន្ធ​ត្រៀម​ជា​ស្រេច​នូវ​សមត្ថ​ភាព ​ដើម្បី​រក្សា​សន្តិភាព​ រួម​មាន​ ១​កង​វិស្វកម្ម​ ១​កង​រាជ​អាវុធ​ហត្ថ​ និ​ង១​កង​បោស​សំអាត​មីន​/​កំទេច​គ្រឿង​ផ្ទុះ​។  កត្តា​ទាំង​អស់​នេះ ​សុទ្ធតែ​ឆន្ទៈ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​បុព្វហេតុ​សន្តិភាព​ សន្តិសុខ និង​មនុស្ស​ធម៌​នៅ​លើលោ​ក​។​ សម្តេច​ពិជ័យ​សេនា​ បាន​សង្កត់​ធ្ងន់​ថា៖​ នៅ​ក្នុង​រយៈពេល​ជាង​១៥​ឆ្នាំ​នេះ ​មជ្ឈមណ្ឌល​ជាតិ​ គឺ​ជា​អង្គ​ភាព​មួយ​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដែល​បាន​លើក​មុខ​មាត់​ប្រទេស​ជាតិ​ ឲ្យ​ស្មើ​មុខ​ស្មើ​មាត់​ ស្មើ​ភាព​ ស្មើ​សិទ្ធិ​លើ​ឆាក​អន្តរជាតិ​។​ ក្នុង​ឱកាស​នោះ​ សម្តេ​ច​ពិជ័យ​សេនា​ ទៀ បាញ់ ព្រម​ទាំង​គណៈ​អធិបតី​ បាន​អញ្ជើញទស្សនា​តាម​បណ្តា​ជាន់​នីមួយៗ ​នៃ​អគារ​ថ្មី​ របស់​មជ្ឈ​មណ្ឌ​លជាតិ​រក្សា​សន្តិភាព​ ដែល​មាន​កំពស់​ ១៨ជាន់​។

        សូម​បញ្ជា​ក់ថា៖​ ក្នុ​ងរយៈ​ពេល​ ១៥​ឆ្នាំ​កន្ល​ងម​កនេះ ក្រៅ​ពី​សម្រេ​ចបា​នលើ​ភារកិច្ច​ជំនាញ​រក្សា​សន្តិភាព ​មជ្ឈមណ្ឌល​ជាតិ​សម្រេ​ចបាន​នូវ​សមិទ្ធផល​ជា​ច្រើន​ គួរ​អោយ​កត់​សម្គាល់ ​ជា​ពិសេស​អគារ​ថ្មី​ ដែល​ជា​សមិទ្ធ​ផល​មួយ​ថ្មី​បន្ថែ​ម​ទៀត ​ក្នុង​ចំណោម ​សមិទ្ធ​ផល​ជា​ច្រើន​ ដែល​មជ្ឈមណ្ឌល​ជាតិ​ សម្រេច​បាន​តាម​រយៈ​វិស័យ​រក្សា​សន្តិភាព​។​ អគារ​នេះ​បាន​ បញ្ជាក់​ថា​ “ទម្រាំ​មាន​ថ្ងៃ​នេះ"​ ឬ ​"ទម្រាំ​មាន​អគារ​នេះ" ​មជ្ឈមណ្ឌល​ជាតិ​បាន​ធ្វើ​ដំណើរ​យ៉ាង​វែង​ឆ្ងាយ​ ក្នុង​កិច្ច​អភិវឌ្ឍ​អង្គភាព​ខ្លួន ​បាន​តស៊ូ​ជំនះ​ឧបសគ្គ​លំបាក​ជា​ច្រើន​រាប់​មិន​អស់​ រហូត​សម្រេច​បាន​អគារ​ ដ៏​ស្កឹម​ស្កៃ​នេះ។​ បច្ចុប្បន្ន ​មជ្ឈមណ្ឌល​ជាតិ​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ធានា​និរន្ត​ភាព​ការ​ងារ​ប្រចាំ​ថ្ងៃ ​ជូន​នាយ​ទាហាន ​នាយទា​ហាន​រង​ និង​ពល​ទាហាន ​ទៅ​តាម​តួនាទី​ភារកិច្ច​ ដែល​ក្រសួង​ការពារ​ជាតិ​ ប្រគល់​ជូន​។​ មជ្ឈមណ្ឌ​លជាតិ​ បាន​សហការ​ជា​មួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ដៃ​គូ ​ធ្វើ​ការ​ពង្រឹង​សមត្ថភាព​ដល់​នាយ​ទាហាន​ និង​កង​កម្លាំង​រក្សា​សន្តិភាព​ ទៅ​តាម​តម្រូវ​ការ​ភារកិច្ច​ជាក់ ​ស្តែង ទាំ​ង​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​ តាម​រយៈ​ការ​សិក្សា ​រៀន​សូត្រ​ នៅ​ហ្នឹ​ងកន្លែង​ផង​ ការ​បញ្ជូន​កម្លាំង​ទៅ ​បណ្តុះ​បណ្តាល​ និង​ចូល​រួម​ហ្វឹក​ហ្វឺ​ននៅ​ក្រៅ​ប្រទេស​ជា​មួយ​បណ្តា​ប្រទេស​ជា​ដៃគូ​ផង​។​ ទាំង​អស់​នេះ ​សុទ្ធ​តែ​ជា​ការ​លើក​កម្ពស់​សមត្ថភាព​ចំណេះ​ដឹង​ ឲ្យ​បាន​សម​ស្រប​ទៅ​នឹង​ស្ថាន​ភាព​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ទាំង​វិស័យ​យោធា​ ជំនាញ​បច្ចេកទេស​ ព័ត៌មានវិ​ទ្យា​ពិសេស​ជំនាញ​រក្សា​សន្តិភាព​ ដែល​ជា​ភារកិច្ច​ស្នូល​របស់​ខ្លួន​។ មជ្ឈមណ្ឌល​ជាតិ​ក៏ជា​អង្គភាពមួ​យ​មា​នលទ្ធភាព​ សមត្ថភាព​គ្រ​ប់គ្រាន់​ ក្នុង​កា​រចែក​បទ​​ពិសោធន៍​ដល់​ប្រទេស​ជាមិ​ត្ត​,​ រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ ​និង​លំហាត់​ហ្វឹក​ហ្វឺន​ផ្សេងៗ​ទាំង​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​លើ​វិស័យ​រក្សា​សន្តិភាព ​សម្រេច​លទ្ធផល​ជា​បន្ត​បន្ទាប់​តាម​ផែនកា​រ​ និង​ភារកិច្ច​ដែល​ក្រសួង​ការ​ពារ​ជាតិ​ប្រគល់​ជូន​។​ គួរ​កត់​សំគាល់​ថា៖​ នាពេ​លកន្លង​មក​ ទោះ​បី​នៅក្នុង​ស្ថាន​ភាព​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ ជា​សកល​ក្តី​ ប៉ុន្តែ ​មជ្ឈមណ្ឌល​ជាតិ​ នៅ​តែ​ធានា​អនុវត្តភារកិច្ច​ស្នូល​រប​ស់ខ្លួន​សម្រេ​ចជោគ​ជ័យ​ជា​បន្ត​បន្ទាប់​ ក្នុង​ការ​បញ្ជូន​ កងកម្លាំង​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ តាម​តម្រូវការ​ចាំបាច់​រប​ស់អង្គការ​សហប្រជាជាតិ។​ ជា​មួយ​គ្នា​នេះ ​មជ្ឈមណ្ឌល​ជាតិ​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម ​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​នៅ ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​ដែល​ជា​តំបន់​ក្រហ​មគ្រោះ​ថ្នា​ក់ ព្រម​ទាំង​បាន​រៀប​ចំ​ទទួល​ធ្វើ​ចត្តាឡីស័ក​ ជូន​កង​កម្លាំង​រក្សា​សន្តិភាព ​យោធិន​ និង​គ្រួសារ​ សិក្ខាកាម​ និង​ប្រជា​ពលរដ្ឋ និង​បាន​ព្យាបាល​ជា​សះស្បើយ​កម្លាំង​មួក​ខៀវ​កម្ពុជា ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ​ព្រម​ទាំង​យោធិន​ និង​គ្រួសារ​ទៀត​ផ​ង​។ បន្ថែម​ពី​លើភារកិច្ច​ស្នូល មជ្ឈមណ្ឌ​ល​ជាតិ​បាន​ចូល​រួម​យ៉ាង​សកម្ម ​ក្នុង​កិច្ច​ការ​មនុស្ស​ធម៌​ កិច្ចការ​សង្គម​តាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ប្រជា​ពលរដ្ឋ​ ដែល​ជួប​ការ​លំបាក​ជីវភាព​រ​ស់នៅ​ប្រចាំ​ថ្ងៃ​ មាន​ជំងឺ​ដង្កាត់​ គ្រោះ​មហន្តរាយ​ដោយ​សារ​ធម្មជាតិ ​ពិសេស​ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ-១៩។​ ជា​រួម​សមិទ្ធផល​ និង​ស្នាដៃ​ដែល​មជ្ឈមណ្ឌល​ជាតិ​សម្រេច​បាន​នា​ពេល​កន្លង​មក​ ពិត​ជា​បានរួម ​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​មុខ​មាត់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ទាំង​ក្នុង​ ក្រៅ​ប្រទេស ​និង​លើ ​ឆាក​អន្តរជាតិ។​ ​កត្តា​នេះ​ហើយ​ ទើប​ធ្វើឲ្យកង​យោធពល​ខេមរ​ភូមិន្ទ​មាន​ការ​រី​ក​ចម្រើន​លូត​លាស់​ពី​មួយ ​ថ្ងៃទៅ​មួយ​ថ្ងៃ ​និង​បាន​ដើរ​តួនាទី​កាន់​តែ​សកម្មក្នុង​តំបន់ ​និង​លើឆាក​អន្តរជាតិ, ​កាន់​តែ​ទទួល​បាន​ការ​ គាំទ្រ​ពីសំណាក់​មជ្ឈដ្ឋាន​ជាតិ​ អន្តរជាតិ​ និង​ដៃ​គូនានា​ ដែល​ជា​មូល​ដ្ឋាន​មួយ​យ៉ាង​រឹ​ង​មាំ​ធ្វើ​ឲ្យ​កង​ទ័ព ​យើង​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​ស្វាហាប់​ជា​បន្ត​ទៀត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ