ព័ត៌មាន

ក្រសួង​ការ​ពារ​ជាតិ​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សិក្ខា​សាលា ​បណ្តាញ​វិទ្យាស្ថាន​ការ​ពារ​ជាតិ​ និង​សន្តិសុខ​អាស៊ាន​ (NADI)​
នាយកដ្ឋានព័ត៌មាន(៣)
300
2610 ក្រសួង​ការ​ពារ​ជាតិ​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សិក្ខា​សាលា ​បណ្តាញ​វិទ្យាស្ថាន​ការ​ពារ​ជាតិ​ និង​សន្តិសុខ​អាស៊ាន​ (NADI)​

      អគ្គ​នាយក​ដ្ឋាន​នយោបាយ ​និង​កិច្ច​ការ​បរទេស​ ក្រសួង​ការ​ពារ​ជាតិ ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សិក្ខា​សាលា ​បណ្តាញ​វិទ្យាស្ថាន​ការ​ពារ​ជាតិ​ និង​សន្តិសុខ​អាស៊ាន ​(NADI) ក្រោម​មូល​បទ​ “គុណ​តម្លៃ ​និង​តួនាទី​នៃ​ប្រវត្តិ​សាស្ត្រ​យោធា​ក្នុង​ការ​ពង្រឹង​ និង​ថែ​រក្សា​សន្តិភាព ​សន្តិសុខ​ និង​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​ក្នុង​តំបន់​”​ នៅ​ថ្ងៃទី​១២​ និង​១៣​ ខែ​តុលា ​ឆ្នាំ​២០២១​ តាម​រយៈ​ប្រព័ន្ធ​  Video conference​។

      សិក្ខា​សាលា​ថ្នាក់​តំបន់​នេះ​ ដឹក​នាំ​ដោយ​ លោក​ជំទាវ​ ឧត្តម​សេនីយ៍​ឯ​ក ណឹម​ សុវត្ថី​ អគ្គនាយក​រង​ អគ្គ​នាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស ​ក្រសួង​ការពារ​ជាតិ​ ដោយ​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​ការពារ​ជាតិ ​និង​សន្តិសុខ ​ចំនួន​១៣​ ដែល​មាន​សមាស​ភាព​ចូល​រួម​ចំនួន ​៥២​នាក់​ មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន ​រួម​ទាំង​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​។​

       លោក​ជំទាវ​ ប្រធាន​បាន​ថ្លែង​សុន្ទរកថា​បើក​សិក្ខ​សាលា​ដោយ​បាន​បញ្ជាក់​ពី​គោល​បំណង​ នៃ​សិក្ខា​សាលា ​ដែល​នឹង​បង្ហាញ​ពី​សារៈ​សំខាន់​ នៃ​ការ​សិក្សា​ស្វែង​យល់​ និង​កា​រស្រាវ​ជ្រាវ​អំពី​ប្រវត្តិ​សាស្ត្រ​យោធា​ ដែល​បាន​អនុវត្ត​ក្នុង​ចំណោម​ស្ថាប័ន​សិក្សា​ការ​ពារ​ជាតិ​ និង​សន្តិសុខ​របស់​អាស៊ាន ​ក្រុម​គោល​គំនិត​ និង​ផ្នែក​សិក្សា​ស្រាវ​ជ្រាវ​ នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ​និង​ផ្តល់​ឱកាស​ចែក​រំលែក​ចំណេះ​ដឹង​ និង​ការ​យល់​ពី​គ្នា​ទៅ​វិញទៅ​មក​លើ​កិច្ច​សហប្រតិបត្តិ​ការ​ជាក់​ស្តែង​ ក៏​ដូច​ជា​លើក​កម្ពស់​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​ស្ថាប័ន​ការ​ពារ​ជាតិ​នៅ​ក្នុង​តំបន់​។​ ជា​មួយ​គ្នា​នេះ ​លោក​ជំទាវ​ ប្រធាន​សិក្ខា​សាលា​បាន​បញ្ជាក់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​ និង​កាត់​បន្ថយ​កា​រប្រឈម​មុខ​នឹង​ជំងឺ​រាត​ត្បាត ​Covid-19 ដែល​ក្នុង​នោះ​តែង​តែ​មាន​វត្ត​មាន​របស់​កង​កម្លាំង​យោធា​នៅ​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​ និង​ស្ទើរ​តែ​គ្រប់​ស្ថានភាព​ ទិដ្ឋភាព​ទាំង​នេះ​នឹង​ក្លាយ​ជា​ប្រវត្តិ​សាស្ត្រ​មួយ​ទៀត​។​

       សិក្ខា​សាលាបា​នចាប់​ផ្តើម​ដោយ​មាន​ការ​ថ្លែង​សុន្ទរក​ថា​ពិសេស​របស់ នាយ​ឧត្តម​សេនីយ៍​ ណឹម ​សុវត្ថិ ​ទី​ប្រឹក្សា​ពិសេស ​សម្តេ​ច​ពិជ័យ​សេនា​ ទៀ បាញ់ និង​ជា​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស​ ក្រសួង​ការ​ពារ​ជាតិ​។ ក្នុង​ឱកាស​នោះ​ នាយ​ឧត្តម​សេនីយ៍​ ណឹម​ សុវត្ថិ ​បាន​លើក​ឡើង​អំពី​សារៈ​សំខាន់​នៃ​ការ​សិក្សា​ប្រវត្តិ​សាស្រ្ត​យោធា​ ក្នុង​ការ​ឆ្លុះ​បញ្ចាំង​អំពី​តួនាទី​ចម្បង​ របស់​ក​ងទ័ព​ មិន​ត្រឹម​តែ​ក្នុង​ការ​ធ្វើ​សង្គ្រាម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​មាន​ការ​ចូល​រួម​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ជាតិ​ និង​ពង្រឹង​និរន្តរភាព​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍ជាតិ​ ផង​ដែរ​។ ឯកឧត្តម​បាន​បន្តថា​​៖ ភាព​ជោគ​ជ័យ​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ ​និង​ការ​សម្រេច​បាន​នូវ​ឯកភាព​ជាតិ​ តាម​រយៈ​តួនាទី​ជា​យុទ្ធសាស្ត្រ​របស់​កង​ទ័ព​ គឺ​ជា​បរិបទ​ដ៏​សំខាន់​ ដែល​គួរ​តែ​ត្រូវ​បាន​បង្ហាញ​ជា​ទស្សនៈ​វិស័យ​សម្រាប់​ពង្រឹង​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​។​

      សិក្ខា​សាលា​ក៏​មាន​ការ​ចូល​រួម​ធ្វើ​បទ​បង្ហាញ ​និង​កិច្ច​ពិភាក្សា​ជា​ច្រើន​ពី​បណ្តា​ស្ថាប័ន​ការ​ពារ​ជាតិ​ និង​សន្តិសុខ​ នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ​លើ​ប្រធាន​បទ​សំខាន់ៗ​ចំនួន ​៣​ រួម​មាន​៖ ​១)​ តួនាទី​នៃ​ប្រវត្តិសាស្ត្រ​យោធា ​និង​សារៈ​សំខាន់​របស់​ប្រវត្តិសាស្រ្ត​យោធា​ក្នុង​ការ​លើក​កម្ពស់​សន្តិភាព ​និង​សន្តិសុខ​ក្នុង​តំបន់​ ២)​ ការ​ស្វែង​រ​កវិធី​សាស្រ្ត​ថ្មីៗ ​និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ​ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ តាម​រយៈ​ការ​សិក្សា​ប្រវត្តិ​យោធា ​និង​ ៣) ​ការ​ពឹង​ផ្អែក​ទៅ​លើ​ប្រវត្តិសាស្រ្ត​យោធា ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ និង​ទំនុក​ចិត្ត​ក្នុង​ចំណោម ​ស្ថាប័ន​ការ​ពារ​ជាតិ​អាស៊ាន​។​

       សិក្ខា​សាលា​បាន​ចា​ប់ផ្ដើម​ទៅ​ដោយ​ជោគ​ជ័យ​ ប្រកប​ដោយ​ស្មារតី​សហការ​ និង​គាំទ្រ​ ខណៈ​ដែល​ប្រតិភូ​នៃ​NADI​ មក​ពី​បណ្ដា​ប្រទេស​នានា​ ដែល​បាន​ចូល​រួម​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្ពស់​ចំពោះ​នយោបាយ​ឈ្នះ ឈ្នះ ​របស់​កម្ពុជា​ ក្នុង​ការ​បញ្ច​ប់​សង្រ្គា​ម នាំ​មកនូវ​សន្តិភាព​ និង​បន្ត​ថែរក្សា​សន្តិភាព​។​ ជា​ទី​បញ្ចប់​ប្រធាន​សិក្ខា​សាលា ​បាន​បង្ហាញ​អំពី​ការ​ប្រុង​ប្រៀប ​និង​ចក្ខុ​វិស័យ​រប​ស់កម្ពុជា​ ដែល​នឹង​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ឆ្នាំ​២០២២​ខាង​មុខ​ផ​ង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ