ព័ត៌មាន

មេ​បញ្ជាការ​កង​ទ័​ពជើង​គោក​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជា​មួយ​អនុព័ន្ធ​យោធា​វៀត​ណាម​ប្រចាំ​នៅ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
502
2593 មេ​បញ្ជាការ​កង​ទ័​ពជើង​គោក​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជា​មួយ​អនុព័ន្ធ​យោធា​វៀត​ណាម​ប្រចាំ​នៅ​កម្ពុជា​

       នៅ​ទី​បញ្ជាការ​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ នា​រសៀល​ថ្ងៃទី​២១​ ខែ​កញ្ញា ​ឆ្នាំ​២០២១ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​អនុញ្ញាត​ឱ្យ​ លោក​វរសេនីយ៍​ឯក​ពិសេស​ ង្វៀន​ ថាញ់​ជីញ ​អនុព័ន្ធ​យោធា​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ប្រចាំនៅ​កម្ពុជា​ ចូល​ជួប​ពិភាក្សា​ការងារ​ទាក់​ទង​នឹង​កា​រវាយ​តម្លៃ​លទ្ធផល​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​យោធា​ ដែល​សម្រេ​ច​បាន​កន្លង​មក​ និង​ការ​កំណត់​ទិ​ស​ដៅ​បន្ត​សម្រាប់​បណ្តា​ឆ្នាំ​ខាង​មុខ​។​

       ថ្លែង​ក្នុង​ជំនួប​នេះ​ លោក​អនុព័ន្ធ​យោធា​វៀត​ណាម​ បាន​ជម្រាប​ជូន​ ឯកឧត្តម​ អគ្គ​មេ​បញ្ជាការ​រ​ង មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ អំពី​លទ្ធផ​លប្រកប​ដោយ​ផ្លែផ្កា​ នៃ​កិច្ច​សហប្រតិបត្តិការ​ រវាង​ក្រសួង​ការ​ពារ​ជាតិ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណា​ម និង​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ក៏​ដូច​ជា​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​បាន​ជួប​ប្រទះ​កន្លង​មក​ ក្នុង​កាលៈ​ទេសៈ​នៃ​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩​។​ លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​អំពី​ការ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង ​ធ្វើ​យ៉ាង​ណាឱ្យកិច្ច​សហប្រតិបត្តិការ​លើ​ការ​ងារ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ធន​ធានមនុស្ស ​អាច​ដំណើរ​ការ​ទៅ​បាន​ដោយ​គ្មាន​ការ​រាំង​ស្ទះ​ និង​រលូន​សម​ស្រប​ទៅ​មុខ​ ជា​ពិសេស​ការ​សម្រប​ទៅនឹ​ង​បែប​បទ​គន្លង​ប្រក្រតី​ថ្មី​។​

         ឯកឧត្តម ​អគ្គ​មេ​បញ្ជាការ​រង ​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោ​ក បា​ន​សម្តែង​ការ​សាទរ​ចំពោះ​ទំនា​ក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ និង​ជិ​តស្និទ្ធ​រវាង​រដ្ឋាភិបាល​ កង​ទ័ព​ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ក្នុង​រយៈ​កាល​កន្លង​មក​នេះ​ ជា​ពិសេស​កា​រជួយ​ឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ចំពោះ​មុខ​ការ​ឆ្លង​រីក​រាល​ដាល​ នៃ​ជំងឺ​កូវីដ-១៩​ ដែល​ជា​បញ្ហា​ប្រឈម​រួម​ និង​បាន​គូស​បញ្ជាក់​អំពី​សារៈ​សំខាន់​ នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា​ រវាង​កង​ទ័ព​ទាំង​ពីរ​ ក្នុង​ការ​បន្ត​ថែ​រក្សា​រឹ​តចំណង​មិត្ត​ភា​ព សាមគ្គីភាព​ ព្រម​ជា​មួយ​នឹង​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ឱ្យ​បាន​កាន់​តែ​រីក​ចម្រើន​ប្រសើរ​ឡើង​សម្រាប់​បណ្តា​ឆ្នាំ​ខាង​មុខ​ ស្រប​តាម​ទិស​ដៅ​របស់​ក្រសួងការ​ពារ​ជាតិ​ នៃ​ប្រទេស​ទាំង​ពីរ​ សំដៅ​ធានា​បាន​នូវ​សន្តិភាព​ និង​វិបុល​ភាព​សម្រាប់​ប្រជាជាតិ​នីមួយៗ ​ក៏​ដូច​ជា​តំបន់​ទាំង​មូល​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ