ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន​ អនុញ្ញាត​ឱ្យ​អនុព័ន្ធ​យោធា​ថ្មី​សហរដ្ឋ​អាមេរិក​ ប្រចាំ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សម​​
នាយកដ្ឋានព័ត៌មាន(៣)
253
2581 នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន​ អនុញ្ញាត​ឱ្យ​អនុព័ន្ធ​យោធា​ថ្មី​សហរដ្ឋ​អាមេរិក​ ប្រចាំ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សម

        ព្រឹក​ថ្ងៃទី​១៥​ ខែ​កញ្ញា ​ឆ្នាំ​២០២១ ​នាយ​ឧត្តម​សេនីយ៍ ​វង្ស ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​អនុញ្ញាត​ឱ្យ​ លោក​វរ​សេនីយ៍​ឯក​ ថាំង ​ជែក​ឃី ​លី​ (Thang Jacky Ly) អនុព័ន្ធ​យោធា​ថ្មី​របស់​សហរដ្ឋ​អាមេរិក ​ប្រចាំ​កម្ពុជា​ ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ នៅ​អគ្គ​បញ្ជាការ​ដ្ឋាន​។​

        ក្នុង​ឱកាស​នោះ ​លោក​វរសេនីយ៍​ឯក​ ថាំង ​ជែក​ឃី ​លី​ Thang ​Jacky ​Ly ​បាន​ជម្រាប​ជូន​ នាយ​ឧត្តម​សេនីយ៍ ​អគ្គ​មេ​បញ្ជាការ​ពី​គោល​បំណង​ នៃ​ការ​មក​បំពេញ​បេសក​កម្ម​ការ​ទូត​នៅ​កម្ពុជា ​ដោយ​ទី១ ​ធ្វើ​ការ​សិក្សា​ស្វែង​យល់​ពី​វប្បធម៌ ​និង​ទំនៀម​ទម្លាប់​របស់​ប្រទេស​កម្ពុជា ​ទី​២ ​ធ្វើ​ការ​យ៉ាង​ជិត​ស្និត​ជា​មួយ​ថ្នាក់​ដឹក​នាំនៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​។

         ក្នុង​កិច្ច​ឆ្លើយត​ប ​នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន ​បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​ការ​ទូត​ រវាង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក ​ដែល​មាន​តាំង​ពី​ឆ្នាំ​១៩៥០ ​ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ ​កម្ពុជា​នៅ​តែ​មាន​ជំហរ​រក្សា​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ជា​មួយ​សហរដ្ឋ​អាមេរិក​។​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន ​បាន​ថ្លែង​អំណរ​គុណ​ដល់​សហរដ្ឋ​អាមេរិក​ ដែល​ថ្មីៗ​នេះ​បាន​ជួយ​ដល់​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​ តាម​រយៈ​ការ​ផ្ដ​ល់​វ៉ាក់​សាំង​ចំនួន​ ១លាន ​៦​សែន​ដូស​ រួម​ទាំង​សម្ភារៈ​បរិក្ខា​ពេទ្យ​មួយ​ចំនួន​ទៀត។​ ក្រៅ​ពី​នោះ ​សហរដ្ឋ​អាមេរិក​នៅ​បាន​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដល់​កម្ពុជា​ ដូច​ជា​ ការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ផ្សេងៗ ​ការ​ជួយ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ ជា​ដើម​។​

        នាយ​ឧត្តម​សេនីយ៍ ​អគ្គ​មេ​បញ្ជាការ​ ក៏​បាន​លើក​ឡើងពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​សហ​រដ្ឋអា​មេរិ​ក​ នាពេ​លកន្លង​មក​ ក្នុង​​ការ​ស្រាវ​ជ្រា​វរុក​រក​អដ្ឋិ​ធាតុក​ង​ទ័ព​អាមេរិក​ ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម​នៅ​កម្ពុជា ​និង​កិច្ច​សហប្រតិបត្តិការ​បង្ក្រា​ប​អំពើ​ភេរវ​កម្ម ​ការ​ជួញ​ដូរ​មនុស្ស ​ក៏​ដូច​ជា​ការ​ហ្វឹក​ហ្វឺន​ឆ្មាំ​អង្គរ​ និង​ការ​កសាង​កម្លាំង​រប​ស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដែល​ត្រូវ​ទៅ​បំពេញ​បេសក​កម្ម​នៅ​អង្គការ​សហប្រជា​ជាតិ ​និង​លំហរ​សមុទ្រ​ផង​ដែរ​។​ នាយ​ឧត្តម​សេនីយ៍ ​វង្ស ​ពិសេន ​បាន​មាន​ជំនឿថា​ ទៅ​ថ្ងៃ​អនាគត​ សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​ទំនាក់​ទំនង​ និង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ជា​មួយ​កម្ពុជា ​ដោយ​ឈរ​លើ​គោល​ការណ៍​គោរព​អធិប​តេយ្យភាព​ ការ​គោរព​គ្នា ​និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​កម្ពុជា​នៅ​តែ​ចាត់​ទុក​សហរដ្ឋ​អាមេរិក​ជា​មិត្ត​ល្អ​របស់​កម្ពុជា​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ