ព័ត៌មាន

មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងអនុព័ន្ធយោធាសហរដ្ឋអាមេរិកតែងតាំងថ្មី
នាយកដ្ឋានព័ត៌មាន(១)
268
2570 ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា

នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ព្រមជាមួយនឹងវត្តមានរបស់លោកវរសេនីយ៍ឯក Thang Ly ដែលត្រូវណែនាំខ្លួនក្នុងឱកាសដែលលោកត្រូវចូលកាន់តំណែងជាអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី។

នៅក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងអំពីសារៈសំខាន់នៃការថែរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកយោធាឱ្យបានល្អ និងអំពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យសុខាភិបាលដែលបានអនុវត្តកន្លងមក ដើម្បីលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។ ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរចំពោះគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដែលបានដំណើរការយ៉ាងលឿនរហ័ស និងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយរហូតមកដល់ពេលនេះសម្រេចលទ្ធផលជាង ៩០% លើចំនួនប្រជាជនគោលដៅ។

ជាការឆ្លើយតប ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់អំពីជំហររបស់កងទ័ពជើងគោកកម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសរង់ចាំស្វាគមន៍ជានិច្ចក្នុងការសហការជាមួយលោកអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី ដើម្បីពិភាក្សាកិច្ចការនានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងនោះរួមទាំងរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Johnson & Johnson ជាង ០១ លានដូស តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (Covax) ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា កាលពីខែកក្កដា និងសីហាកន្លងទៅ ដែលនេះគឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជានៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ