វ៉ាក់សាំងជំងឺកូវីដ-១៩ (ប្រភេទ ស៊ីណូហ្វាម) ចំនួន៥០ម៉ឺនដូស ដែលជាអំណោយដ៏ថ្លៃថ្លាពីរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេសចិន បានផ្តល់ដល់ក្រសួងការពារជាតិកម្ពុជា នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ-១៩។ ដែលពិធីប្រគល់ និងទទួលអំណោយនេះ បានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
នៅក្នុងពិធីនេះ ឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏មានប្រសាសន៍ថា៖ ការប្រគល់វ៉ាក់សាំង៥០ម៉ឺនដូសនាថ្ងៃនេះ គឺជាការគោរពតាមពាក្យសន្យា ដែលជាការចូលរួមបង្កើតប្រព័ន្ធភាពស៊ាំជូនដល់កម្ពុជា ក្នុងការការពារអាយុជីវិតប្រជាជនកម្ពុជា ដូចសុភាសិតចិនពោលថា៖ “បើនិយាយត្រូវតែធ្វើ បើធ្វើត្រូវតែមានលទ្ធផល”។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា៖ ក្នុងនាមជាមិត្ត “ដែកថែប និងសហគមន៍វាសនារួម” ភាគីចិនបានចាត់ទុកបញ្ហាប្រឈមក៏ដូចជាការលំបាក ដែលមាននៅកម្ពុជា ជាបញ្ហាប្រឈមក៏ដូចជាការលំបាករបស់ខ្លួន។ ប្រទេសចិននឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីផ្តល់ជំនួយជាវ៉ាក់សាំង បរិក្ខារវេជ្ជសាស្រ្ត និងការគាំទ្រជាសម្ភារៈជូនដល់កម្ពុជា តាមលទ្ធភាព ដែលអាចធ្វើបានរួមចំណែកជាកម្លាំង ក្នុងការយកឈ្នះលើកិច្ចទប់ស្កាត់ជំងឺកូវីដ-១៩ជូនដល់មនុស្សជាតិ តាមរយៈបន្តធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ ការទទួលវ៉ាក់សាំងពីរដ្ឋាភិបាលចិន តាមរយៈក្រសួងការពារប្រទេសចិន ផ្តល់ជូនក្រសួងការពារជាតិ គឺជាជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លា និងជាសណ្តានចិត្ត “ជួយគ្នាក្នុងគ្រាលំបាក” ស្ថិតក្នុងបរិការណ៍ ដែលវ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្រ្តគន្លឹះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅគ្រប់ទិសទី នៃពិភពលោក។ សម្តេចពិជ័យសេនា បានបន្តថា៖ បច្ចុប្បន្ននេះ កម្ពុជាក៏ដូចជាបណ្ដាប្រទេសជាច្រើនបាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ លើយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏សមស្របបំផុត ក្នុងការប្រយុទ្ធ និងការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រួមទាំងមេរោគបំប្លែងថ្មីប្រភេទដែលតា “Delta” ផងដែរ។
សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានខិតខំព្យាយាមស្វែងរកវ៉ាក់សាំងតាមគ្រប់យន្តការ តាមរយៈទ្វេភាគី ពហុភាគីក្ដី ជាជំនួយមនុស្សធម៌ក្ដី និងបញ្ជាទិញដោយផ្ទាល់ក្ដី គឺដើម្បីធានាចំនួនវ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ ទាន់ពេលវេលាសម្រាប់ចាក់ជូនប្រជាពលរដ្ឋ តាមផែនការកំណត់។ បន្ថែមពីលើនេះ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចាប់ផ្ដើមបើក “យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ” ចំនួនសរុបប្រមាណ២លាននាក់បន្ថែមទៀត និងបានសម្រេចដាក់ចេញនូវ “យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជម្រុញ” ជូនដល់មន្រ្តីបម្រើសេវាសាធារណៈជួរមុខ ដែលកំពុងបម្រើការនៅតាមបណ្ដាខេត្តនានា ដែលស្ថិតនៅតាមព្រំដែនជាមួយនឹងប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ប្រភេទដែលតា “Delta” កំពុងវាយលុក និងរាលដាល រួមជាមួយក្រុមគ្រូពេទ្យ កងទ័ពនិងគ្រួសារ អតីតយុទ្ធជនទៀតផង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនៅតែអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេស វិធានការ “៣ការពារ និង៣កុំ” និងដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបន្តបន្ទាប់នៅទូទាំងប្រទេស សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
សម្តេចពិជ័យសេនា បានបញ្ជាក់បន្ថែមថា៖ ជាការពិត ការទទួលវ៉ាក់សាំងដំណាក់កាលទី៣ ចំនួន៥០ម៉ឺន ដូស ដែលជាអំណោយរបស់រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារប្រទេសចិន ផ្តល់ជូនក្រសួងការពារជាតិនាថ្ងៃនេះ ពិតជារួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងកាត់ផ្តាច់នៃការឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មីដែលតា “Delta” នៅក្នុងសហគមន៍នៅកម្ពុជាយ៉ាងសក្តិសិទ្ធ។ សម្តេចពិជ័យសេនា ពិតជាដឹងគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលបានផ្តល់អំណោយ និងជំនួយសប្បុរសជាច្រើន ជាពិសេសការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៥០ម៉ឺនដូស សម្រាប់ក្រសួងការពារជាតិប្រើប្រាស់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងកាលទេសៈដ៏លំបាកនេះ។
សម្តេចពិជ័យសេនា សូមថ្លែងអំណរគុណចំពោះស្មារតីសាមគ្គីភាព និងការជួយគ្នាក្នុងគ្រាលំបាក នៃបណ្តាប្រទេសជាមិត្ត ដែលផ្តល់វ៉ាក់សាំងបានទាន់ពេលវេលា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសឈានមុខ ក្នុងការផ្តល់វ៉ាក់សាំងទាំងជំនួយមនុស្សធម៌ និងការបញ្ជាទិញ។ សម្តេចពិជ័យសេនា បានថ្លែងអំណរគុណចំពោះ ឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង លោកវរសេនីយ៍ឯកពិសេស លី ជីង ហ្វឹង ប្រធានការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា ដែលបានជួយសម្របសម្រួលការងារគ្រប់បែបយ៉ាង ក្នុងការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនក្រសួងការពារជាតិកម្ពុជា ទាំង៣លើក បានទាន់ពេលវេលាតាមសំណូមពរចាំបាច់។
សម្តេចពិជ័យសេនា បានអំពាវនាវដល់ក្រុមគ្រូពេទ្យ កងទ័ព មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការយ៉ាងសកម្ម និងពេញលេញ ជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេស វិធានការ “៣ការពារ និង៣កុំ” និងចូលរួមយុទ្ធនាការជាតិចាក់វ៉ាក់សាំង យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីរួមគ្នាការពារសុវត្ថិភាពសុខភាព ក៏ដូចជាសុខុមាលភាពរបស់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ៕