ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ត្រួត​ពិនិត្យ​​ដំណើរ​ការ​ចាក់​វ៉ាក់​សាំងនៅ​ខេត្ត​ព្រះ​សីហនុ
នាយកដ្ឋានព័ត៌មាន(៣)
28
2429 នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ត្រួត​ពិនិត្យ​​ដំណើរ​ការ​ចាក់​វ៉ាក់​សាំងនៅ​ខេត្ត​ព្រះ​សីហនុ

        ប្រជា​ពលរដ្ឋ កម្មករ កម្មការនី និយោជិត ដែលរស់នៅ​ក្នុង​ភូមិ​សាស្ត្រ​តំបន់​ខ្លះ ​នៃ​ក្រុង ​ស្រុក ​រប​ស់ខេត្តព្រះ​សីហនុ ​ដែល​មាន​ហានិភ័យ​ខ្ពស់​ នៃ​កា​រឆ្លង​រាល​ដាល​ជំងឺកូវីដ​១៩​ បាន​ទទួលការ​ផ្ដល់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ-១៩​ ដែល​ជា​ការគិត​គូរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ដល់​សុខមាលភាព​ប្រជាពលរដ្ឋ ​ពី​សំណាក់​ប្រមុខ​រាជ​រដ្ឋា​ភិបាល ​សម្ដេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ផ្តល់​តាម​រយៈ​ក្រុម​គ្រូ​ពេទ្យ​របស់​ក្រសួង​ការ​ពារ​ជាតិ​ ដែល​ក្នុ​ងយុទ្ធនាការ​ថ្ងៃ​ដំបូង ​បាន​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ទី​២២ ​ខែ​មិថុនា ​ឆ្នាំ​២០២១​ ​ក្នុង​ខេត្ត​ព្រះ​សីហនុ​។​

        នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ ​និង​ជា​ប្រធាន​ប្រតិបត្តិ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ-១៩ ​ក្រសួង​ការ​ពារ​ជាតិ​ រួម​ដំណើរ​ដោ​យ នាយ​ឧត្តម​សេនីយ៍ ​មាស​ សា​វ៉ន​ អគ្គ​នាយក​អគ្គនាយក​ដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពារ​ជាតិ​ ឯកឧត្តម​ គួច ​ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ ​រួម​និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​ក្នុង​អគ្គបញ្ជាការ ​ក្រសួង​ការ​ពារ​ជាតិ ​និង​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធ​ជា​ច្រើន​រូប ​បាន​អញ្ជើញទៅ​​ពិនិត្យ​មើល​អំពី​​ដំណើរការ​ចាក់​វ៉ាក់​សាំង ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ទៅ​តាម​បទ​បញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​និង​បទ​បញ្ជា​របស់​ក្រសួង​ការពារ​ជាតិ​។ សូម​បញ្ជាក់​ថា​៖ នៅ​តំបន់​ខ្លះ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហនុ ​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋា​ភិបាល ​និង​ក្រសួង​សុខា​ភិបាល ​បាន​កំណត់​ថា​ ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​កំពុង​ឆ្លង​រីករាល​ដាល​ខ្លាំង​ នៃ​ជំងឺ​កូវីដ-១៩ ​ដែល​បាន​កំពុង​យាយី ​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​ កម្មករ ​កម្មការិនី ​និយោជិត ​យ៉ាង​ខ្លាំង ​ដែល​តម្រូវ​ឱ្យអាជ្ញាធរ​មាន​ការ​បិទ​ខ្ទប់​តំបន់​ទាំង​នេះ ​អស់​រយៈ​ពេល​យ៉ាង​យូរ ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​មួយ​ចំនួន ​ដល់​សេដ្ឋកិច្ច​ជាតិ ​និង​ការ​អភិវឌ្ឍ ​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ខេត្ត​ព្រះសីហនុ ​ដែល​ជា​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​ទេស​ចរណ៍​។​ ដើម្បី​កាត់​ផ្ដាច់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង ​កូវីដ-១៩​ ដ៏​កាច​សាហាវ​ចេញ​ពី​ក្នុង​សហគមន៍ ​នៅ​ខេត្ត​ព្រះ​សីហនុ​នេះ​ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក៏​បាន​ដាក់បទ​បញ្ជា​ដល់​កង​ទ័ព​ បើក​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​ ក្នុង​បំណង​កាត់​ផ្ដាច់​ចរន្ត​នៃ​ការចម្លង​រាល​ដាល​នៃ​ជំងឺ​នេះ​ ពី​ប្រជាពល​រដ្ឋ​យើង ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នៅ​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច ​និង​បន្ត​ការ​អភិវឌ្ឍ​ឲ្យ​ប្រសើរ​ឡើង​វិញ​។

        នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ដែល​ជា​ប្រធាន​ប្រតិបត្តិ​ចាក់​វ៉ាក់​សាំង​ក្រសួង​ការ​ពារ​ជាតិ​បាន​ថ្លែង​ថា​៖ ​បើ​តាម​គម្រោង​ផែន​ការ​ រប​ស់គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​ បាន​ប្រគល់​ភារកិច្ច​ឱ្យ​ដល់​កង​ទ័ព​ទទួល​ខុស​ត្រូវ​ ក្នុង​ការ​ធ្វើ​សកម្មភាព​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ​កម្មករ កម្មការិនី និងនិយោជិត និងជន​បរទេស ដែល​រស់នៅ​ស្នាក់​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ដែល​មាន​ហានិភ័យ​ទាំង​ ៥​ រួម​មាន​ខេត្ត​ព្រះ​សីហនុ​-​កំពង់​ស្ពឺ​-​ខេត្ត​តា​កែវ​-​ខេត្ត​កំព​ង់ចាម និង​ខេត្ត​ស្វាយ​រៀង ​ដែល​ត្រូវ​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ ចំនួន​សរុប​ប្រមាណ ​១​លាន​ ២​សែន​ ៤​ម៉ឺន​ ៤១២​​នាក់​ ក្នុ​ង​នោះ​កង​ទ័​ពទទួល​ខុស​ត្រូវ​ចាក់​ប្រមាណ​ជា​ ៨​សែន​ ៣​ម៉ឺន ​៩​ពាន់​ ៦៨៥​នាក់​ ​សុខាភិបាល​តាម​បណ្ដា​ខេត្ត​ ទទួល​ខុស​ត្រូវ​ចាក់​ប្រមាណជា ៤​សែន​ ៧២៧​នាក់​។ ដោយ​ឡែក​សម្រាប់​តំបន់​ខ្លះ​ នៃ​ខេត្ត​ព្រះ​សីហនុ ​មាន​ប្រជា​ពលរដ្ឋ ​និង​ជនបរទេស ​មិន​ទា​ន់ទទួល​បា​នវ៉ាក់​សាំង​ប្រមាណ​ជា​ជាង ​២​សែន​ ៣​ពាន់​ ៣៤០​នា​ក់ ដែល​ក្នុង​ចំនួន​នេះ ​សុខា​ភិបាល​ខេត្ត​ព្រះសីហនុ ​នឹង​ធ្វើការ​ទទួល​ចាក់​វ៉ាក់​សាំង​លើ​ពីរ​ទី​តាំង​ ក្នុង​ក្រុង​ព្រះ​សីហនុ ​ដែល​មាន​ប្រជាពល​រដ្ឋមិន​ទាន់​បាន​ចា​ក់​វ៉ាក់​សាំង​ប្រមាណ​ជា​ ១​ម៉ឺន​ ១៧៥​នាក់​ និង​ក្រៅ​ពី​នោះ​មាន​ប្រជាពលរដ្ឋ ​កម្មករ និយោជិត និង​ជន​បរទេស​ ប្រមាណ​ជា​ជាង ​១៩​ម៉ឺន ​៣​ពាន់​ ១៦៥​នាក់​ទៀត ​ក្រុម​គ្រូពេទ្យ​កង​ទ័​ពមក​ពី​អង្គភាព​បញ្ជាការ​ដ្ឋាន​កង​ទ័​ពជើង​ទឹក​ មាន​អង្គភាព​បញ្ជាការ​ដ្ឋាន​ការ​ពារ​កោះ​ឆ្នេរ​.អង្គភាព​កង​ទ័ព​ជើង​ទឹ​កមូល​ដ្ឋាន​សមុទ្រ​.​អង្គភាព​កង​ពល​តូច​លេខ​ ៧០​ ក​ង​ទ័ព​ជើង​គោក និង​ក្រុម​គ្រូ​ពេទ្យ​រប​ស់អង្គភាព​កង​កិត្តិយស​ត្រែ​ទ័​ព ទី​ចាត់ការ​ហ្វឹក​ហ្វឺន​ អគ្គបញ្ជាការ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​ជា​អ្នក​រ៉ាប់​រ​ង និង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ការ​ចាក់​វ៉ាក់​សាំ​ងជូន​ដល់​ប្រជា​ពលរដ្ឋ​ កម្មករ កម្មការិនី និយោជិត និងជន​បរទេស​ទាំ​ងនោះ​ចា​ប់​ពី​អាយុ ១​៨​ឆ្នាំ​ឡើងទៅ​ ដោយ​មិន​គិត​ថ្លៃ​អ្វី​​ទាំង​អស់ ៕