ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រជុំទ្វេភាគីតាមប្រព័ន្ធវីដឺអូ ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម
នាយកដ្ឋានព័ត៌មាន(១)
42
2264 សម្តេចពិជ័យសេនា ទៀ បាញ់ ប្រជុំទ្វេភាគីតាមប្រព័ន្ធវីដឺអូ ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដឺអូ (Video Conference) ជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានប្រព្រឹត្តិទៅនៅរសៀល ថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី វិមានមិត្តភាព។

កិច្ចប្រជុំនេះ មានគោលបំណងរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលនៃជម្ងឺកូវីដ-១៩ និងវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២១ រវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ហុង បានថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីតាមប្រព័ន្ធវីដឺអូ នាពេលនេះ។

ឯកឧត្តម បានបញ្ជាក់ថា នឹងចូលរួមជាមួយសម្តេច និងខិតខំយកអស់ពីសមត្ថាព ដើម្បីដឹកនាំ ការពង្រឹងទំនាក់ទំនងការពារជាតិឲ្យកាន់តែស៊ីជម្រៅ និងខិតខំធ្វើជាឈ្នាន់នៃទំនាក់ទំនងទ្វេរភាគី វៀតណាមនិងកម្ពុជា។ ឯកឧត្តម បានលើកឡើងថា ៖ ក្នុងមហាសន្និបាតលើកទី១៣ របស់បក្សកុំម្មុយនីសវៀតណាម បានបន្តជម្រុញនិងកំណត់នូវទស្សនៈតែមួយ និងយូរអង្វែងរបស់បក្សរដ្ឋ និងកងទ័ពប្រជាជនវៀតណាម អំពីទំនាក់ទំនងដ៏សំខាន់ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា ដែលក្នុងនោះលើវិស័យការពារជាតិ ត្រូវបានចាត់ទុកជាអាទិភាពនៃទំនាក់ទំនងទ្វេភាគី។ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ហុង បានចែករំលែកការលំបាក់របស់ប្រទេសកម្ពុជា នៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ហើយឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ខ.ភ.ម ក្នុងការជួយដល់រាជរដ្ឋាភិបាលលើការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ក៏ដូចជាការការពារសន្តិសុខជាតិក្នុងពេលកន្លងមក។

នៅក្នុងជំនួបតាមវីឌឺអូនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងការអបអរសាទរចំពោះ ឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ហុង ដែលទើបតែទទួលទំនុកទុកចិត្តពីបក្ស រដ្ឋ និងប្រជាជនវៀតណាម តែងតាំងជា រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សម្តេចពិជ័យសេនា មានជំនឿជឿជាក់និងមានទំនុកទុកចិត្តយ៉ាងខ្លាំងលើក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើការគ្រប់គ្រងដឹកនាំ របស់ ឯកឧត្តម ហ្វាន វ៉ាន់ហ្សាង ពិសេសកងទ័ពនៃទាំងពីរបន្តធ្វើការយ៉ាងជិតស្និតជាមួយគ្នាតទៅទៀត ដើម្បីលើកម្ពស់ដៃគូរយូរអង្វែង លើស្មារតីជាអ្នកជិតខាងល្អ សាមគ្គីភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តការ ដែលមានផលប្រយោជន៍ពីគ្នាទៅវិញទៅមក៕ តាមរយៈជំនួបនេះរដ្ឋមន្ត្រីការពារជាតិទាំងពីរ ក៏បានជម្រុញការអនុវត្តពិធីសារផែនការកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២១នេះឲ្យកាន់តែ សកម្ម និងមានប្រសិទ្ធភាព សម្រាប់អភិវឌ្ឍ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់

វិស័យ ឲ្យកាន់តែប្រសើរ ឡើងថែមទៀត។ ខិតខំពង្រឹងការហ្វឹកហ្វឺនរួមគ្នា ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិ ឬហានិភ័យ ដែលអាចកើតឡើង ជាយថាហេតុនាពេលអនាគត ព្រមទាំងអភិវឌ្ឍធនធានមនុស្សសម្រាប់ជួយសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការមនុស្សធម៌ សំដៅរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែនប្រទេសទាំងពីរ ។ ពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការព្រំដែន ឲ្យមានប្រសិទ្ធភាពតាមគោលការណ៍ដែលរាជរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នា ដើម្បីកសាងព្រំដែនរួមមួយ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ សម្រាប់នាំទៅការ អភិវឌ្ឍលើគ្រប់វិស័យ និងភាពសុខសាន្តរបស់ប្រទេសជាតិយើង។ រួមគ្នាអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រ អិច-១៦ (X16)នៅតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឲ្យកាន់តរីកចម្រើន សំដៅប្រែក្លាយតំបន់នេះទៅជាតំបន់ប្រវត្តិសាស្ត្រជាតិ សម្រាប់ទុកឲ្យយុវជនជំនាន់ក្រោយ សិក្សាស្វែងយល់ស៊ីជម្រៅពីប្រវត្តិសាស្រ្តពិត។ ជាចុងក្រោយ ក្នុងនាមប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា តាមរយៈឯកឧត្តម ហ្វាន វ៉ាន់ ហុង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និង ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានសំណូមពរ ដល់រដ្ឋាភិបាល និងគណៈកម្មាធិការ អូឡាំពិកវៀតណាម អោយជួយគាំទ្រដល់កម្ពុជា ដូចជា វេទិកាប្រជុំត្រៀមទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣. កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍, ឧបត្ថម្ភក្រុមជម្រើសជាតិកីឡាវ៉ូវីណាមកម្ពុជា ទៅហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ហូ ជីមិញ, គាំទ្រមន្ត្រីជំនាញកម្ពុជាទៅចូលរួមដកបទពិសោធន៍ បង្ហាត់បង្រៀនបណ្ដុះបណ្ដាលការងារជាមួយគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេស វៀតណាម ៕

 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ