ព័ត៌មាន

ក្រុម​គ្រូ​ពេទ្យ​ កង​ពល​តូច​លេចខ៧០​​ ចា​ក់វ៉ា​ក់សាំង​កូវីដ-១៩​ជូន​ប្រជាពលរដ្ឋ​ សង្កា​ត់​ចោម​ចៅ២​ ​ខណ្ឌ​ពោធិ​សែន​ជ័យ​
នាយកដ្ឋានព័ត៌មាន(៣)
14
2261 ក្រុម​គ្រូ​ពេទ្យ​ កង​ពល​តូច​លេចខ៧០​​ ចា​ក់វ៉ា​ក់សាំង​កូវីដ-១៩​ជូន​ប្រជាពលរដ្ឋ​ សង្កា​ត់​ចោម​ចៅ២​ ​ខណ្ឌ​ពោធិ​សែន​ជ័យ​

         ឧត្តម​សេនីយ៍​ទោ​ ភឺន​ ផល្លា ​មេ​បញ្ជាការ​រ​ង ក​ងព​លតូច​លេ​ខ៧០​ និង​ជា​ប្រធាន គ្រប់គ្រងក្រុ​មការងារចាក់វ៉ាក់សាំ​ង​កូវីដ-១៩ កងពលតូចលេខ៧០ ប្រចាំសង្កាត់ចោ​ម​ចៅ២​ បាន​អំពាវ​នាវដល់បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​សង្កា​ត់ចោ​ម​ចៅ២​ ​នៅ​ព្រឹក​ថ្ងៃទី៧​ ខែ​ឧស​ភា ឆ្នាំ២០២១​នេះ​ថា៖ សូម​បងប្អូនកុំមា​ន​ការ​ព្រួយបារម្ភ ​និង​ភ័យ​ខ្លាច​អំពី​ការ​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ឲ្យ​សោះ ​ក្រុមការងារ​នឹង​ចាក់​ជូន​ឪ្យបាន​ទាំង​អស់​គ្នា​។

            ឯកឧត្តម ​មេបញ្ជាការរង បានបញ្ជាក់ថា៖ ក្រុមការងារ​ចាក់វ៉ាក់សាំង​កូវីដ-១៩ កងពល​តូច​លេខ​៧០ បានខិតខំបំពេញ​ការងារ​យ៉ាង​ពេញលេញ​ តាម​អ្វីដែល​រាជ​រដ្ឋភិបាលបា​ន​ប្រគល់​ភារកិច្ច​ជូន​។ ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នាពេលនេះ ក៏បាននឹងកំ​ពុង​តែ​ប្រព្រឹត្ត ទៅប្រកបដោយ​ការ​ទទួលខុស​ត្រូវ​ខ្ព​ស់ រហូត​ដល់​បងប្អូន ទទួល​វ៉ាក់​សាំង​កូវីដ-១៩នេះ គ្រប់ៗគ្នា​ រួចរាល់​ទាំង​ ២​ដូស មិ​ន​ថាជាជនជាតិ​ខ្មែរ​ ឬជនជាតិ​បរទេស​ ​នោះឡើយ​។ ឧត្តមសេនីយ៍ទោ ភឺន ផល្លា បាន​បន្តថា៖ អ្វីៗសម្រេចទៅបា​ននេះ ​ដោយ​មាន​កិច្ចសហការល្អ​ពី​អាជ្ញាធរមូល​ដ្ឋា​ន និ​ងមានការចាត់​ចែងឱ្យបងប្អូន​ ដែល​មា​នអាយុ១៨​ឆ្នាំ​ឡើង​ មក​ទទួលយកការចាក់​វ៉ាក់​សាំង​នេះ ដោយ​មាន​វេន​ មានពេ​លវេលា ​និង​ទៅតាម​ថ្ងៃនិមួយៗ ​ដើម្បីបញ្ចៀស​បាន​នូវការ​កក​ស្ទះ​មនុស្ស ​ដែល​អាច​ជាការបង្ក​ហានិភ័យ ​នៃកា​រចម្លង​ជំងឺកូវីដ-១៩​។

           សូមជម្រាប​​ថា៖ នៅក្នុងយុទ្ធនា​ការទ្រុងទ្រា​យ​ធំ ចាក់​វ៉ា​ក់សាំង​ការពារជំងឺកូវីត-១៩ នៅ​តំបន់​ក្រហមដែលស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ, កងពលតូចលេ​ខ៧​០ ​ទទួល​បន្ទុក​រៀបចំ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​ទាំង​ ៦ទីតាំង​ដែ​លស្ថិតក្នុងខណ្ឌពោធិ៍​សែន​ជ័យ​ និង​ខណ្ឌ​មាន​ជ័​យ​។ ក្នុង​នោះ ​នៅសង្កាត់​ស្ទឹង​មាន​ជ័យ​១​​(ក្នុងសាលា​បឋម​សិក្សា​សឡា),​ សង្កាត់​ស្ទឹង​មាន​ជ័យ​២​(ក្នុង​សាលាប​ឋមសិក្សា​ស្ទឹង​មាន​ជ័យ​), សង្កាត់​ស្ទឹងមាន​ជ័យ​៣​(នៅក្នុង​បុរីលឹង​ ឈាង​ហាក់​), សង្កាត់​ចោម​ចៅ​១(នៅរោ​ង​ចក្រ​SUNTEX ផ្លូវវេង​ស្រេង​)​, សង្កាត់ចោម​ចៅ​២​(ក្នុង​បរិវណសា​លាបឋម​សិក្សាគោក​បញ្ជាន់), និងនៅ​សង្កាត់​ចោម​ចៅ៣ ​(ផ្សារ​ធូលនស៊ីធី ​មុខ​ទីបញ្ជាការកង​ពលតូច​លេខ​៧០​)​។

           ដោយឡែក នៅសង្កាត់ចោម​ចៅ២ ​មាន​ចំនួន ១៦ភូមិ និង៨សហគមន៍ ហើយ​ប្រជាពលរដ្ឋ ដែលមានអាយុចាប់​ពី​១៨ឆ្នាំឡើង​ និង​ត្រូវមកចាក់វ៉ាក់សាំង​ការ​ពារជំងឺកូវីត-១៩នេះ​ មាន​ចំនួន ១១ពាន់ ៥៣១នាក់, កម្មករ​កម្មការិនី ចំនួ​ន ​២៥ពាន់ ៤៣២នាក់ និងជនបរទេ​ស មានចំនួន ១៨៥នាក់​ផ​ងដែ​រ សរុបរួម មានប្រជា​ពលរដ្ឋ ៣ម៉ឺន ៧ពាន់ ១៤៨នាក់​។ បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋនៅក្នុ​ងភូមិ​ចំនួន​៥ហើ​យ ​ដែល​ទទួល​បានការចាក់​វ៉ាក់​សាំង​រួច​។ គិតត្រឹមល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ កងពលតូចលេខ៧០ នៃកង​ទ័ព​ជើង​គោក​ គោលដៅ​សាលាប​ឋមសិក្សា​គោក​បញ្ជាន់​ សង្កាត់ចោមចៅ២ ដែលស្ថិតក្នុ​ង​ខណ្ឌពោ​ធិ៍​សែនជ័យ បានចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ-១៩(SINOPHARM)ដូសទី១ ជូនប្រជាពលរដ្ឋ កម្មការ កម្មការិនី និងជនបរទេស មានចំនួន ១២ពាន់ ៩១១នាក់ ៕