ព័ត៌មាន

រយៈពេល៤ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំង កងយោធពលខេមរភូមិន្ទ នៅតំបន់ក្រហម ចាក់បានជិត ១៥ ម៉ឺននាក់
នាយកដ្ឋានព័ត៌មាន(១)
21
2244 ឯ.ឧ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង

រយៈពេល៤ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ១៥ម៉ឺននាក់ហើយ។

យោងតាមរបាយការណ៍ ដែលទទួលបាននៅព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា បានបង្ហាញថា គិតត្រឹមថ្ងៃទី០៤ ខែឧសភា ម្សិលមិញនេះ សរុប៤ថ្ងៃចាក់បានចំនួន ១៤៧,២១៨នាក់ ស្រី ៧៦,៩៥៧នាក់។ ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ៣០,៩៩៦នាក់ ខណ្ឌដង្កោ ចាក់បាន ៣៥,០២៤នាក់ ខណ្ឌកំបូល ចាក់បាន ២៨,១៦០នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ៥៣,០៣៨នាក់។

ឯ.ឧ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានកត់សម្គាល់ឃើញថា ការចាក់វ៉ាក់សាំងនេះ មានដំណើរការល្អប្រសើរ ហើយដំណើរការចាក់ក៏បានលឿនផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា ដើម្បីបង្កើនការចាក់ឱ្យសម្រេចតាមផែនការសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យបង្កើនទីតាំងមួយចំនួនបន្ថែមនិងបានបង្កើនក្រុមគ្រូពេទ្យចាក់ច្រើនជាងមុនផងដែរ។

ឯកឧត្តម ក៏បានកត់សម្គាល់ឃើញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនេះ ជាតំបន់រីករាលដាលជំងឺកូវីដ១៩ក្តី។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏មុះមុតរបស់ក្រុមការងារចាក់វ៉ាក់សាំង និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដើម្បីសម្រេចផែនការរបស់រាជរដ្ឋាភិបាល ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាៈ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមសារសំឡេងពិសេសមួយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះថា «ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន៥២ម៉ឺននាក់ នៅក្នុងតំបន់ក្រហមមិនខ្វះទេ ថ្ងៃទី១១ នឹងមកដល់៥០ម៉ឺនដូស ហើយថ្ងៃទី១៥ មកដល់៥០ម៉ឺនដូសទៀត គឺយើងមាន ១លានដូសនៅក្នុងដៃ»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភ។ ដោយសម្តេចបានបញ្ជាក់ថា វ៉ាក់សាំងមិនមានការខ្វះខាតនោះទេ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងការពារជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋទាំងអស់នៅតំបន់ក្រហម ទាំងអស់ជាង៥២ម៉ឹននាក់ ដោយចាក់ដូសទី១ ឱ្យអស់រួចហើយ ចាំចាប់ផ្តើមបន្តចាក់វ៉ាក់សាំងដូសទី២។ សម្តេចតេជោ បានចាត់ទុកថា តំបន់ក្រហមជាតំបន់មានហានិភ័យខ្ពស់ ហើយប្រជាពលរដ្ឋត្រូវបានខ្ទប់នៅទីនោះ ក៏លំបាកណាស់ទៅហើយ។ «យើងត្រូវឱ្យពួកគាត់ទទួលបានផលប្រយោជន៍មុនគេ»៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ