ព័ត៌មាន

ព្រឹក​ថ្ងៃ​នេះ​កង​ទ័ព​ចាប់​ផ្តើម​ចាក់​វ៉ាក់​សាំង ​ជូន​ពល​រដ្ឋ​នៅ​តំបន់​ក្រហម​ ក្នុង​រាជ​ធានី​ភ្នំពេញ
នាយកដ្ឋានព័ត៌មាន(៣)
18
2226 ព្រឹក​ថ្ងៃ​នេះ​កង​ទ័ព​ចាប់​ផ្តើម​ចាក់​វ៉ាក់​សាំង ​ជូន​ពល​រដ្ឋ​នៅ​តំបន់​ក្រហម​ ក្នុង​រាជ​ធានី​ភ្នំពេញ

        ក្រុម​គ្រូ​ពេទ្យ​របស់​កង​ទ័​ព នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែ​ឧសភា ​ឆ្នាំ​២០២១​នេះ ​ចាប់​ផ្តើម​នូវ​យុទ្ធ​នា​ការ​ទ្រង់​ទ្រាយ​ធំ ​ចាក់​វ៉ាក់​សាំង​ជំងឺ​កូវីដ​១៩​ ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​​ក្រហម​ ក្នុង​រាជ​ធានី​ភ្នំពេញ ​ដែល​មាន​ចំនួន​ជិត​៥០​ម៉ឺន​នាក់​ហើយ​។​ ការ​ចាប់​ផ្តើម​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​នា​ព្រឹ​កថ្ងៃ​នេះ​ មាន​ការ​ចុះ​ពិនិត្យ​ដំណើរ​ការ​ចាក់​ដោយ​ផ្ទាល់​ពី​សំណាក់ ឯ.ឧ ​នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង ​និង ​ឯកឧត្តម​ អភិបាល​រា​ជធានី​ភ្នំពេញ ​លោក ​ឃួង​ ស្រេង​ ផង​ដែរ​។​

        យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​ក្រហម​ ដែល​ជា​តំបន់​ឆ្លង​រីក​រាល​ដាល​ខ្លាំង​ នៃ​ជំងឺ​កូវីដ​១​៩ នោះ ​ជា​កា​រគិត​គូរ​ខ្ព​ស់មួយរ​បស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ដើម្បី​ឱ្យ​ប្រជាពល​រដ្ឋ​នៅ​ក្នុង​តំបន់​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​ខ្លាំង​នេះ ​ទទួល​បាន​វ៉ាក់​សាំង​ការ​ពារ​សុខ​ភាព​រប​ស់ពួក​គេ​ ​ពី​ការ​វាយ​ប្រហារ​ដោយ​មេ​រោគ​។​ តំបន់​ក្រហម​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​នឹង​ត្រូវ​ធ្វើ​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជា​ពល​រដ្ឋ​នេះ ​ស្ថិត​ក្នុ​ង​ខណ្ឌ​ចំនួន​៤​ រួម​មាន​៖​ ខណ្ឌ​ដង្កោ​ ខណ្ឌ​មាន​ជ័យ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ខណ្ឌ​កំបូល ​ស្មើ​នឹង​ប្រមាណ​ ៣៣​សង្កាត់​។​

         នាយ​ឧត្ត​មសេនីយ៍​ ឥត​ សា​រ៉ាត់​ បាន​ឱ្យ​ដឹ​ង​ថា៖ ក្នុង​តំបន់​ក្រហម​នេះ​ មាន​ប្រជា​ពលរដ្ឋ​ និង​កម្មករ​ និយោជិត​ ដែល​ត្រូវ​ទទួល​វ៉ាក់​សាំង​សរុប​ប្រមាណ ​៨០៥,០៣៣ ​នាក់​។​ តែ​មាន​ប្រជាពល​រដ្ឋ​ប្រហែល ​២៩​ភាគ​រយ​ ដែល​បាន​ចាក់​វ៉ាក់​សាំង​រួច​ហើយ​ ស្មើ​នឹង​ ២៣៣,៤៦០​នាក់​ និង​កម្មករ​ និយោជិត​ប្រហាក់​ប្រហែល ​១០០,០០០​នាក់​ បាន​ចាក់​ដូស​ទី​១​រួច ​និង​កំពុង​បន្ត​ចាក់​ដូសទី​២​ទៀត​។​ ដូច្នេះ​ប្រជា​ពលរដ្ឋ​ និង​កម្មករ​ និយោ​ជិត​ អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ ក្នុង​តំបន់​ក្រហម​ ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់​សាំង​ក្នុង​យុទ្ធនា​ការ​នេះ​ មាន​ចំនួន​ប្រមាណ ​៤៧១,៥៧៣​នាក់​។​ នាយ​ឧត្តម​សេនីយ៍ ឥត​ សា​រ៉ាត់ ​បាន​ឱ្យ​ដឹង​ថា​៖ ប្រជាពលរដ្ឋ​ដែល​នឹង​ត្រូវ​ចាក់​នេះ ​ស្មើ​នឹង​បរិមាណ​វ៉ាក់​សាំង​ដែល​ត្រូវ​ចាក់​ទាំង​ពីរ​ដូស​ចំនួន​ ៩៤៣,១៤៦ ​ដូស​។​ វ៉ាក់​សាំង​ដែល​ទទួល​បាន​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​ក្រប​ខណ្ឌ​ទូទាំ​ង​ប្រទេ​ស ចំនួន​ ៩០០,០០​០ដូស​ ក្នុង​នោះ​ស៊ីណាវ៉ាក់ ​(SINOVAC)​ ចំនួន ​៥០,០០០​ដូស ​​និង​ស៊ីណូ​ហ្វាម​ (SINOPHARM) ចំ​នួន​ ៤០០,០០០​ដូស ​បាន​ទុក​ដាក់​ថែ​រក្សា​ក្នុង​ឃ្លាំង​របស់​ក្រសួង​ការ​ពារ​ជាតិ​រួច​ហើយ​។​

        បើតា​ម​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បា​ន​ឱ្យដឹង​ថា​៖  យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​ក្នុង​តំបន់​ក្រហ​មនេះ​ គ្រោង​ប្រើ​រយៈពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ​។​ ដើម្បី​សម្រេច​តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក​នេះ​ អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ ក្រសួង​ការ​ពា​រជាតិ​ បាន​ចាត់​កម្លាំង​ចូល​រួម​ចំនួន​ប្រមាណ ​១,៤៩០​នា​ក់ ក្នុ​ងនោះ​រួម​មាន៖​ ក្រុម​ការ​ងា​រចាក់​វ៉ាក់​សាំង​ចំនួន​ ៩០​ក្រុម ​មាន​ចំនួន​ ៤៥០​នាក់​,​ ក្រុម​បម្រើ​កា​រ និង​សណ្តាប់​ធ្នាប់​ចំនួន​ ៩០​ក្រុម​ មាន​ចំនួន ​៩០០​នាក់​,​ ក្រុម​ដឹក​ជញ្ជូន​ ចំនួន​ ១០​ក្រុ​ម មាន​ចំនួន ​៥០​នាក់​,​ ក្រុម​ធ្វើ​ប័័ណ្ណ​ចាក់​វ៉ាក់​សាំង​ មាន​ចំនួន​ ២៧០​នាក់​។​ សម្រាប់​កន្លែង​ចាក់​វ៉ាក់​សាំង​ត្រូវ​បាន​ដាក់​ចំនួន​ ៤៤​ទី​តាំង​ ក្នុង​សង្កាត់​ទាំង​៣៣​ នៃ​ខណ្ឌ​ដង្កោ ​ខណ្ឌ​មាន​ជ័​យ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ខណ្ឌ​កំបូល​។​  

         សូម​បញ្ជាក់​ថា​៖ កម្ពុជា​ បាន​កំណត់​យក​ការ​ចាក់​វ៉ាក់​សាំង​ជា​យុទ្ធសាស្ត្រ​ ក្នុង​ការ​បង្កើត​ភាព​សាំ​ទប់​ស្កាត់​ការ​ឆ្ល​ងរា​លដាល​ជំងឺ​កូវីដ​១​៩។​ រាជ​ធានី​ភ្នំពេញ ​និង​ខេត្ត​កណ្តាល​ ត្រូ​វបាន​ សម្តេច​តេជោ ​ហ៊ុន ​សែន ​ដាក់​ចេញ​ផែន​ការ​​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យ​បាន​គ្រ​ប់គ្នា​។​ កម្ពុជា​ បាន​ចាប់​ផ្តើម​ដំណើរការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជា​ពលរដ្ឋ​នៅ​ថ្ងៃទី​១​០ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​​ មក​ដល់​ពេលបច្ចុប្បន្ន​មាន​ប្រជាពល​រដ្ឋ​កម្ពុជា​ រួម​ទាំង​ជន​បរទេស​ជាអ្នក​ការ​ទូត​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នានា​ នៅ​កម្ពុជា​ សរុប​ជាង ​១,​៣​លាន​នាក់​ហើយ​ បាន​ចាក់​វ៉ាក់​សាំង​។​ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ កម្ពុជា​ទទួល​បាន​វ៉ាក់​សាំង​សរុប​ជាង​ ៤លាន​ដូស​រួច​ហើ​យ សម្រាប់​ចាក់​ជូន​ប្រជា​ពលរដ្ឋ​។​ ក្នុង​នោះ​វ៉ាក់​សាំ​ងស៊ី​ណូ​ហ្វាម​ ជា​ជំនួយ​របស់​រដ្ឋាភិបាលចិ​ន​ ១,៧​លាន​ដូស​, ​វ៉ាក់​សាំ​ងស៊ី​ណូ​វ៉ាក់​ ទិញ​ពី​ប្រទេស​ចិ​ន ២​លា​នដូ​ស និង​វ៉ាក់​សាំង​អាស្ត្រា​ហ្សេ​នី​កា ​ដែល​ជា​ជំនួយ​តាម​យន្ត​ការ​ខូ​វ៉ាក់​ចំនួន ​៣២៤,០០០​ដូស​។ តាម​រយៈ​ការ​ពន្លឿន​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ជូន​ដល់​ប្រជា​ពល​រដ្ឋ​នេះ ​ធ្វើ​ឱ្យ​កម្ពុជា​ ក្លាយ​ជា​ប្រទេ​ស​ឈរ​នៅ​លំដាប់​ទី​២ ​ក្នុង​តំបន់​អាស៊ាន​ ជា​ប្រទេស​ចាក់​វ៉ាក់​សាំង​ជូន​ប្រជា​ពល​រដ្ឋ​បាន​ច្រើន​ ៕