ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ អញ្ជើញ​ចុះ​ពិនិត្យ​​ទីតាំង​ ​រៀប​ចំ​ពិធី​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​ឆ្លង​កូវីត​១៩​ ជូន​កង​ទ័ព​ ​គ្រួសារកងទ័ព​ និងប្រជា​ពលរដ្ឋ​ ដែល​មាន​លំ​នៅ​ដ្ឋា​នរ​ស់​​នៅ​​ក្នុង​តំបន់​​ក្រហម​​ នៃ​តំបន់​បិទ​ខ្ទ​ប់ ​ក្នុង​ភូមិសា​ស្ត្រ​រាជ​ធានី​ភ្នំពេញ​ និង​ក្រុង​តា​ខ្មៅ ​ខេត្ត​កណ្ដាល​
នាយកដ្ឋានព័ត៌មាន(៣)
26
2223 នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ អញ្ជើញ​ចុះ​ពិនិត្យ​​ទីតាំង​ ​រៀប​ចំ​ពិធី​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​ឆ្លង​កូវីត​១៩​ ជូន​កង​ទ័ព​ ​គ្រួសារកងទ័ព​ និងប្រជា​ពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម

        នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​ខែ​មេសា ​ឆ្នាំ​២០២១​​នេះ ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​រួម​ដំណើរ​ដោយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជា​​កា​រ​ដ្ឋាន​ ​បញ្ជា​ការ​​ដ្ឋាន​កង​​ទ័ព​​ជើង​​គោ​ក​ នៃ​​ក​ងយោធ​ពល​ខេមរ​ភូមិន្ទ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ទីតាំង​ សម្រាប់​រៀប​ចំ​ពិធី​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​ឆ្លង​កូវីត​១៩​ ជូន​កង​ទ័ព​ គ្រួសារកងទ័ព​ និងប្រជា​ពលរដ្ឋ​ ដែល​មាន​លំ​នៅ​ដ្ឋា​ន រ​ស់​នៅ​ក្នុង​តំបន់​ក្រហម​ នៃ​តំបន់​បិទ​ខ្ទ​ប់​ ដែល​មាន​ហានិភ័​យ​ខ្ពស់​ ការ​ឆ្លងរាត​ត្បាត​នៃ​ជំងឺ​កូវីត​១៩​​ខ្លាំង​ ក្នុងព្រឹត្តិការណ៍​​សហគមន៍​ ​២​០​ កុម្ភៈ ​នៅ​ក្នុង​ភូមិសា​ស្ត្រ​រាជ​ធានី​ភ្នំពេញ​ និង​ក្រុង​តា​ខ្មៅ ​ខេត្ត​កណ្ដាល​។ ​ទីតាំង​ដែល​ត្រូវ​រៀប​ចំ​ធ្វើ​ពិធី​បើកយុ​ទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ នឹង​រៀបចំ​ឡើង​នៅ​ក្នុ​ងទីតាំង​មូល​ដ្ឋាន​កង​ទ័ព​ នៃ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​ ៧០ ​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូ​ង សង្កាត់​ចោម​ចៅ ​រាជ​ធានី​ភ្នំពេញ​។

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ

        បើ​តាម​ប្រសាសន៍​របស់​ នាយ​ឧត្តម​សេនីយ៍ ​ឥត ​សា​រ៉ាត់​ បាន​បញ្ជាក់​ថា​៖ កិច្ច​ដំណើរការ​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ជូន​ដ​ល់ប្រជា​ពលរដ្ឋ​ ដែល​មា​នលំនៅ​ដ្ឋាន​រ​ស់នៅ​ក្នុង​តំប​ន់ក្រហម​ នៃ​តំបន់​បិទ​ខ្ទប់​ ដែល​មាន​ហានិភ័យ​ខ្ពស់​​នៃ​ការ​ចម្ល​ង​ជំងឺ​កូវីដ​១​៩ ក្នុង​ព្រឹត្តិការណ៍សហគមន៍​ ២០​ កុម្ភៈ​ ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល​ នា​លើក​នេះ ​នឹង​រៀបចំ​ធ្វើ​ពីធី​បើក​យុទ្ធនា​ការ​ជា​ផ្លូវ​ការ​ នៅ​ព្រឹក​ថ្ងៃ​ទី ៣០​ ខែមេ​សា ឆ្នាំ​២០២១​ស្អែក​នេះ​ នៅ​ក្នុង​បរិវេណ​អង្គភាព​កង​ពល​តូច​ថ្មើរ​ជើង​លេខ​ ៧០​ ក្រោម​វត្ត​មាន​ដ៏​ខ្ពង់​ខ្ពស់​ សម្ដេច​ពិជ័យ​សេ​នា ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។ ហើយ​យុទ្ធនាការ​នេះ ​ក្រសួង​ការពា​រ​ជាតិ​ នឹង​ចាប់​ផ្ដើម​បញ្ជូន​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ចូល​ទៅ​កាន់​តំបន់​បិទខ្ទប់​ ដែល​មាន​ការ​ឆ្លង​រីករាល​ដាល​ខ្លាំង​ នៃ​ជំងឺ​កូវីដ​១៩​ ក្នុ​ងព្រឹត្តិការណ៍​​​សហគមន៍​​ ២០​ កុម្ភៈ ទៅ​តាម​បទ​បញ្ជាប​ន្ទា​ន់​របស់​ សម្តេច​តេជោ ហ៊ុ​ន ​សែន​ នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​បើក​យុទ្ធនា​ការ​ថ្នាក់​ជាតិ ​ចាក់វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ដល់​ប្រជា​ពលរដ្ឋ​ ចាប់​ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​ ដោយ​ផ្តើម​ចេញ​ពី ​​«តំបន់​ក្រហម​» ដែល​មាន​ហានិ​ភ័យ​ខ្ព​ស់ ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល​។ 

        នាយ​ឧត្តម​សេនីយ៍ ​ឥត សារ៉ាត់​ បញ្ជាក់​ថា​៖ យោង​តាម​បញ្ជា​ផ្ទាល់​របស់​ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​បទ​បញ្ជា​របស់​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ពិសេស​ប​ទបញ្ជា​របស់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុ​ជា​, កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្រោយ​ពី​ធ្វើ​ពីធី​បើក​យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​ជា​ផ្លូវកា​រ​ នឹង​បញ្ជូន​ក្រុ​មគ្រូពេទ្យ​ជំនាញ​​ជាក្រុមៗ​ ចូល​ទៅ​កាន់​តំប​ន់គោល​ដៅ​ ដែល​មាន​ហានិភ័យ​ខ្ពស់​ ការ​ចម្លង​ជំងឺ​កូវីដ​១៩​ ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​និង​ក្រុង​តា​ខ្មៅ ​ខេត្ត​កណ្ដាល​ ដើម្បី​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវី​ដ​១៩​ ជូន​ដ​ល់ប្រជា​ពល​រដ្ឋ ​ក្នុង​តំប​ន់ទាំង​នោះ​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែ​ឧសភា ​ឆ្នាំ​២០២១​នេះ​ត​ទៅ ​ហើយ​ប្ដេជ្ញា​ចាក់​ឲ្យ​រួច​រាល់​ក្នុង​រយៈ​ពេល ​១៥​ថ្ងៃ ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​តំប​ន់រង​គ្រោះ​ទាំង​នោះ។ ក្នុង​សារ​ជា​សំឡេង​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​បញ្ជាក់​​ថា៖ «ក្នុង​អំឡុង​ពេល​យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​ហ្នឹង​ កុំ​ខ្វល់​ថា​ប្រជាជន​មក​ពី​ត្រង់​ណាអី​ ​ឲ្យ​តែយល់​ព្រម​ចាក់ ​គឺ​ចាក់​ឲ្យ​តែ​ម្តង​ ហើយ​ចេញ​កាត​ឲ្យ​គាត់​ទៅ ​ព្រោះ​សុទ្ធ​តែ​ប្រជាជន​យើង​ដដែល ​តែ​យើង​ត្រូវ​មាន​សណ្តាប់​ធ្នាប់ ​ដោយ​សារ​យើង​ខ្វះ​កន្លែង​ អញ្ចឹង​យើង​ត្រូវ​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​កំណត់​ថា​ ថ្ងៃ​នេះ​ ភូមិ​នេះ​ ថ្ងៃ​នោះ​ភូមិ​នោះ​។ អញ្ចឹង​យើង​អាច​ចាប់​ផ្តើម​យុទ្ធនា​ការ​ថ្នាក់​ជាតិ​ ប្រើ​កម្លាំង​កង​ទ័ព​ចាក់​ជូន​ប្រជា​ពលរដ្ឋ​តែ​ម្តង​»​។ 

       សូម​រំលឹក​ថា៖ ដោយ​សារ​កំណើន​ នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩​ ក្នុ​ង​ព្រឹត្តិការណ៍​សហគម​ន៍ ២០​ កុម្ភៈ​ នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​ កាន់​តែ​មាន​កំណើន​ច្រើន​ឡើងៗ​ ដូច​ដែល​របាយ​ការ​ណ៍របស់​ក្រសួង​សុខា​ភិបាល​ចេញ​សេចក្តី​ជូន​ដំណឹង ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​មេសា ​ឆ្នាំ​២០២​១​នេះ កម្ពុ​ជាបាន​រក​ឃើញ​អ្ន​កឆ្លង​សរុប​ចំនួន ​១១,៧៦១​នាក់​ ក្នុង​នោះ​ករណី​សហគមន៍​២០​កុម្ភៈ​ ចំនួន​ ១១,៧១៣​នាក់,​ អ្នក​ជា​សះ​ស្បើយ​ចំនួន ​៤,៦៩៨​នាក់​, ​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ៦,៩៦៨​នាក់​ និង​មាន​អ្នក​ស្លាប់​កើន​ដល់​ចំនួន ​៨៨​នាក់​ និង​ស្លាប់​ដោយ​ជំងឺផ្សេង​មាន​ចំនួន ​៧​នាក់​។ ដូច្នេះ​អត្រា​នៃ​ការ​ឆ្លង​រាល​ដាល​កាន់​តែ​កើន​ឡើងៗ​ជា​លំដាប់​ ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ ​តម្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​ ចូល​រួម​សហការ​គ្នា​ជា​ធ្លុង​មួយ​ ជាតិ​ខ្មែរ​តែ​មួយ ​ក្នុង​ការ​ទប់​ស្កាត់ ​និង​លុប​បំបាត់​ជំងឺដ៏​កាច​សាហាវ​នេះ​ឲ្យ​អស់​ពី​កម្ពុជា​។ 

       ​ ក្នុ​ងខណៈពេល​ចុះ​ពិនិត្យ​​មើ​លទី​តាំង​សម្រាប់​រៀប​ចំ​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ១​៩​ ជូន​ដ​ល់ប្រជា​ពល​រដ្ឋ​ ដែល​រ​ស់នៅ​ក្នុង​ភូមិ​សាស្រ្ត​តំបន់​បិទ​ខ្ទប់​ (Lock​down​)​ របស់​រាជ​ធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដាល​ នៅ​ក្នុង​អង្គភាព​កង​ពល​តូច​លេខ ៧០​ នា​ពេល​នោះ ​នាយឧត្តម​សេនីយ៍ ​ឥត ​សា​រ៉ាត់​ ក៏​បាន​រំលឹ​ក​​ដល់​ថ្នាក់​ដឹក​នាំ​ មេ​បញ្ជាការ​កង​ពល​តូច​លេខ ​៧០​ និង​មេ​បញ្ជាការ​កង​ទ័​ពជើង​គោក​ រួមជា​មួយ​នឹង​ក្រុ​មគ្រូ​ពេទ្យ​របស់​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការដ្ឋាន​​ នៃ​​កង​យោ​ធ​ពល​ខេមរ​ភូមិន្ទ​ ដើម្បី​រៀប​ចំ​កម្លាំង​ក្រុម​គ្រូ​ពេទ្យ​ និង​សម្ភារៈ​បរិក្ខា​ពេទ្យ ​និង​វ៉ាក់​សាំង​ ដោយ​សហការ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ ក្នុង​តំបន់​ទាំ​ងនោះ​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ចូល​ទៅ​កាន់​គោល​ដៅ​ ក្នុង​ការ​ផ្ដល់​សេវា​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ជូន​ដ​ល់ប្រជា​ពលរដ្ឋ​ទាំង​អស់​ ដែល​រ​ស់នៅ​ក្នុ​ង​ភូមិ​សាស្ត្រ​រាជ​ធា​នីភ្នំពេញ ​ក្នុង​តំបន់​មាន​ហានិភ័យ​ខ្ពស់​ នៃ​កា​រឆ្លង​ជំងឺ​កូវីត​១៩​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០​ កុម្ភៈនេះ​​ ឱ្យ​ទទួល​បាន​ជោគ​ជ័យ​ ដើម្បី​រួម​គ្នា​កាត់​ផ្ដាច់​ចង្វាក់​នៃ​ការ​ចម្លង​រាល​ដាល​កាន់​តែ​ខ្លាំង​ នៅ​ក្នុង​ប្រទេស​រប​ស់​យើង​​។ ជាមួយ​គ្នានេះ​ដែ​រ​ នាយ​ឧត្តម​សេនីយ៍ ​ឥត ​សា​រ៉ាត់​ ក៏​បាន​ធ្វើ​ការ​ណែនាំ​​ដល់​មេ​បញ្ជាការ​គ្រប់​អង្គភាព ​ដែល​បាន​បញ្ជូន​ក្រុម​គ្រូ​ពេទ្យ​ទៅ​កាន់​គោល​ដៅ​ចាស់​វ៉ាក់​សាំង​ ក្នុ​ងភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​ទាំង​អស់​ ត្រូវ​ផ្សព្វ​ផ្សាយ​ណែនាំ​បន្ថែម​ អំពី​វិធា​ន​ការ​ការ​ពារ​សុខ​ភាព​សម្រាប់​គ្រូ​ពេទ្យ​ជួរ​មុខ​របស់​ខ្លួន​ទាំង​អស់​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ក្នុង​ពេល​បំពេញ​បេសក​កម្ម​ការ​ងារ​ លើ​ការ​ផ្ដល់​វ៉ាក់សាំង​ ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទាំង​នោះ​ ដោយប្រកាន់​ខ្ជាប់​ នូវ​វិធាន​ការ​អនាម័យ​ ៣​កុំ ​៣​ការពារ​ នៅ​លើ​វិធាន​ការ​ផ្សេងៗតាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ ៕