ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីស្រង់នាវាម៉ារីន ដែលលិចអំឡុងសម័យសង្គ្រាមនៅកម្ពុជា នាទសវត្សឆ្នាំ១៩៧០ ដែលប្រព្រឹត្តិទៅនាថ្ងៃទី០៧ ខែមសា ឆ្នាំ២០២១ ដោយមានការចូលរួមពី ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ, ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, តំណាងអភិបាលខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។
បើតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការ ទីបញ្ជាការដ្ឋានកងបោសសំអាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះក្រោមទឹក បានឱ្យដឹងថា៖ នាវាម៉ារីនដែលលិចក្នុងកំឡុងសង្គ្រាមស៊ីវិលនៅកម្ពុជា កាលពីទសវត្សឆ្នាំ១៩៧០នេះ បានលិចកប់ក្នុងបាតទន្លេ មានជម្រៅរហូតដល់ ២៧,៥ម៉ែត្រ ព្រមទាំងគ្រប់ដណ្តប់ដោយដីខ្សាច់នៅលើយ៉ាងច្រើនផងដែរ។ លោកបានបន្តថា៖ គ្រាប់យុទ្ធភ័ណ្ឌប្រមាន ៩០ភាគរយ ដែលមានទ្រង់ទា្រយល្អ និងត្រូវដោះបន្សាប សមា្រប់ទុកដាក់តាំងក្នុងសារមន្ទីរ និង១០ភាគរយ ដែលជាគ្រាប់ខូចទ្រង់ទា្រយ ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន នឹងធ្វើការកំទេចចោល។ ឧត្តមសេនីយ៍ទោ ម៉ី សុភា បានបញ្ជាក់ផងដែរថា៖ រយៈពេល៦ខែមកនេះ កម្លាំងជំនាញបានប្រមូល និងស្រង់គា្រប់យុទ្ធភ័ណ្ឌមកលើគោកជាបន្តបន្ទាប់ បើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌ សរុបប្រមាណ ១៦តោន ព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន៦ និងសម្ភារៈសឹកមួយចំនួនទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានមានប្រសាសន៍ក្នុងឱកាសនោះដែលថា៖ នាវាចម្បាំងដែលបានលិចអំឡុងសម័យសង្គ្រាមនៅកម្ពុជា នាទសវត្សឆ្នា១៩៧០នោះ ទីបំផុតតូ្រវបានស្រង់មកហើយ ដែលមានទីតាំងស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កម្លាំងជំនាញបានស្រង់នាវាមកលើគោក នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រោយប្រតិបត្តិការរយៈពេល ៦ខែ។ ស្ថានភាពនាវាចម្បាំងលិចក្នុងទន្លេខាងលើនេះ គឺមានសភាពចាស់ទុ្រឌទ្រោមខ្លាំង និងមានស្នាមឆ្លុះធ្លាយជាច្រើនកន្លងដោយការបាញ់ពន្លិច ក្នុងពេលប្រយុទ្ធគ្នា។ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានបញ្ជាក់ផងដែរថា៖ ប្រតិបត្តិការបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានកប់នៅក្រោមផ្ទៃទឹកនៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្រ្តមិនធ្លាប់មានកន្លងមក សម្រាប់កម្ពុជា ហើយចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវាជាមោទនភាពមួយទៀត សម្រាប់ប្រជាជាតិកម្ពុជា ៕