នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ សមាគមអតីតយុទ្ធជនកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាការងារ បន្ទាន់មួយ ដើម្បីប្រុងប្រៀបរៀបចំទីកន្លែង និងក្រុមគ្រូពេទ្យជំនាញចាក់វ៉ាក់សាំង ការពារជំងឺកូវីត១៩ ជូនដល់បងប្អូនសមាជិកអតីតយុទ្ធជន នៅទូទាំងប្រទេស។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាសមាគមអតីតយុទ្ជជនកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម អស់លោក សមាជិកក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជា មកពីគ្រប់យោធភូមិភាគ យោធារាជធានី ខេត្ត ក្នុងកងយោធពលខេមរភូមិន្ទ ជាច្រើនរូប។
ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់បងប្អូនអតីតយុទ្ធជន នៅទូទាំងប្រទេសនោះ សមាគមអតីតយុទ្ធជនកម្ពុជា ក៍បានបើកកិច្ចប្រជុំពិភាក្សាការងារបន្ទាន់មួយ ដើម្បីរៀបចំទីកន្លែង និងក្រុមគ្រូពេទ្យជំនាញចាក់វ៉ាក់សាំងការពារជំងឺកូវីត១៩ ជូនដល់បងប្អូនសមាជិកអតីតយុទ្ធជននៅទូទាំងប្រទេស។ កន្លងមកសមាគមអតីតយុទ្ធជនកម្ពុជា បានស្នើទៅប្រមុខរាជរដ្ឋាភិបាល សុំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់បងប្អូនសមាជិកអតីតយុទ្ធជន ក្នុងក្របខ័ណ្ឌសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានចំនួនសរុបប្រមាណជា ៧ម៉ឺន ៩ពាន់ ៤៦៣នាក់ ដោយចែកចេញជា ៥មុខសញ្ញា ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។
អនុគណ:កម្មការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ របស់សមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា៖ គិតរហូតមកដល់ពេលនេះ សមាគម បានរៀបចំត្រៀមទីកន្លែង និងមុខសញ្ញាសមាជិកអតីតយុទ្ធជន សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់បងប្អូនសមាជិកអតីតយុទ្ធជនយើង រួចរាល់ហើយ ដែលការងារនេះនឹងត្រូវធ្វើឡើងសម្រាប់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៧. ទី០៨ ខែមេសា ឆ្នាំ២០២១នេះ នៅមន្ទីពេទ្យព្រះកេតុមាលា ហើយនិងបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់សមាជិកអតីតយុទ្ធជនតាមបណ្តាខេត្តគោលដៅហានីភ័យខ្ពស់បន្តបន្ទាប់ ចំនួន៧ទៀត រួមមាន៖ ខេត្តកោះកុង, ខេត្តព្រះសីហនុ, ខេត្តកណ្តាល, ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប។
ឯកឧត្ដម គន់ គីម អគ្គលេខាសមាគមអតីតយុទ្ជជនកម្ពុជា បានគូសបញ្ជាក់ថា៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គឺផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន មិនថាប្រជាពលរដ្ឋទូទៅ ឬសមាជិក អតីតយុទ្ធជននោះទេ គឺការចាក់វ៉ាក់សាំងនេះ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ មកក្នុងសហគមន៍។ ឯកឧត្ដមបានបន្ដថា៖ ចំពោះបងប្អូនសមាជិកអតីតយុទ្ធជន ក្រុមការងារមានរៀបចំចាក់វ៉ាក់សាំងជូនដល់បងប្អូននេះ ដោយមើលឃើញថា៖ បងប្អូនសមាជិកអតីតយុទ្ធជនគឺជាក្រុមគោលដៅមួយ អាចប្រឈមមុខងាយរងគ្រោះ និងមានហានិភ័យផងដែរ ដូច្នេះប្រមុខរាជរដ្ឋាភិបាលបានកំណត់ថា បងប្អូនសមាជិកអតីតយុទ្ធជនក៏មានអាទិភាព ក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ដែរ។ ឯកឧត្ដម បានថ្លែងទៀតថា៖ នេះគឺជាការយកចិត្ដទុកដាក់គិតគូរចំពោះសុខមាលភាព សម្រាប់បងប្អូនសមាជិកអតីតយុទ្ធយើង ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈនៃការផ្ដល់វ៉ាក់សាំងនេះឱ្យបានទាន់ពេលវេលា។ ឯកឧត្តម គន់ គីម ក៏បានសំណូមពរដល់មេបញ្ជាការ, មេបញ្ជាការរង ដែលជាប្រធាន អនុប្រធានសមាគមអតីតយុទ្ធជនថ្នាក់ខេត្តទាំងអស់ ត្រូវផ្សព្វផ្សាយដល់បងប្អូន ដែលជាសមាជិកអតីតយុទ្ធជន ពេលអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅវិធានការ ៣កុំ ៣ការពារ ៕